COVID-19
អន្តរជាតិ
យេ​មែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម មាន​ករណី COVID-19 ដំបូង​
10, Apr 2020 , 4:34 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​យេ​ម៉ែន នា​ថ្ងៃទី​១០ ខែមេសា បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជា​លើកដំបូង​នៅក្នុង​ប្រទេស​។ ការរកឃើញ​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ដោយសារតែ​សង្គ្រាម​ហែកហួរ​នៅក្នុង​ប្រទេសមួយ​នេះ បាន​បំផ្លាញ​ប្រព័ន្ធ​សុខាភិបាល បញ្ហា​អត់ឃ្លាន និង​ជំងឺ​រាំ​រ៉ៃ​ផ្សេងទៀត​ជាច្រើន​។


 
​តាមរយៈ​គណនី Twitter របស់​គណកម្មាធិការ​ប្រកាសអាសន្ន​ជាន់ខ្ពស់​របស់​យេ​មែន  អ្នកជំងឺ COVID-19 គឺ​រស់នៅ​តំបន់ Hadhramout ដែលជា​កន្លែង​ផលិត​ប្រេង​ដ៏​សំខាន់​មួយ​របស់​យេ​ម៉ែន​។ ស្ថានភាព​សុខភាព​របស​អ្នកជំងឺ​មាន​ភាពល្អប្រសើរ និង​បានទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។ 
 
​បើតាម​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​បាន​ប្រាប់​សារព័ត៌មាន Reuters អ្នកជំងឺ គឺ​ធ្វើការ​នៅក្នុង​កំពង់ផែ Ash Shihr ក្នុង​តំបន់ Hadhramout ។ 
 
​ការរកឃើញ​ករណី​ដំបូង​នេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រុម​ស​ម្ធ​ន្ព​មិត្ត ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បានប្រកាស​ផ្អាក​ការប្រយុទ្ធ​គ្នា​ជាមួយ​ចលនា​ហ៊ូ​ធី នា​ថ្ងៃទី​៩ ខែមេសា ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ប៉ុន្តែ​ចលនា​ហ៊ូ​ធី មិនទាន់បាន​បញ្ជាក់​ពី​ការយល់ព្រម​នៅឡើយ​ទេ​។ 
 
​សូមបញ្ជាក់ថា យេ​ម៉ែន គឺជា​ប្រទេសមួយ ដែល​រងគ្រោះ​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ​ចាប់តាំងពី​ចុងឆ្នាំ​២០១៤​មកម្ល៉េះ ពោលគឺ​ចាប់តាំងពី​ចលនា​ហ៊ូ​ធី ធ្វើ​បដិវត្ត​ផ្តួល​រលំ​រដ្ឋាភិបាល​ទីក្រុង​សា​ណា​។ ជា​សង្គ្រាម​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ វា​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​ជាច្រើន​ដូចជា មនុស្ស​ជាច្រើន​រស់នៅក្នុង​ភាពអត់ឃ្លាន ប្រព័ន្ធ​សុខាភិបាល​ចុះខ្សោយ ជំងឺ​រ៉ាំរ៉ៃ និង​ប្រជាជន​រស់នៅក្នុង​ភាពក្រីក្រ​ជាដើម​៕   

Tag:
 យេ​ម៉េ​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com