COVID-19
អន្តរជាតិ
មេ WHO៖ គ្រោះថ្នាក់​នឹង​កាន់តែ​ខ្ពស់ បើ​ការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​មុនពេល​កំណត់​
11, Apr 2020 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី​១០ ខែមេសា បាន​ព្រមាន​ប្រទេស​ទាំងអស់​ជុំវិញ​ការលើក​ចោលការ​រឹតត្បិត​មុនពេល​កំណត់ បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​បាន​ធូរស្រាល ព្រោះ​ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​ករណី​ស្លាប់​ដោយសារ COVID-19 កើនឡើង​កាន់តែខ្លាំង​។ បន្ថែម​ពីលើ​នេះ លោក​ប្រធាន WHO ក៏​ព្រួយបារម្ភ​ពី​តំបន់​អាហ្វ្រិក ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ និង​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ផងដែរ​។


 
​ពី​ទីក្រុង​ហ្សឺ​ណែវ លោកនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា អង្គការ​សុខភាព​ពិភពលោក ត្រេកអរ​ចំពោះ​ការកាត់បន្ថយ​ការ​រឹតត្បិត ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ ការលើក​ចោលការ​រឹតត្បិត ក៏​អាច​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​COVID-19 កើនឡើង​ជាង​មុន​ផងដែរ​។ ក្នុងន័យនេះ ការបន្ធូរបន្ថយ នឹងមាន​គ្រោះថ្នាក់​កាន់តែខ្លាំង ប្រសិនបើ​ប្រទេស​នីមួយៗ មិនបាន​គ្រប់គ្រង​ឲ្យ​ត្រឹមត្រូវ​។ 
 
​ទន្ទឹមគ្នា​នេះដែរ លោក Tedros លោក​ទទួលស្គាល់ថា ករណី​កូ​រ៉ូ​ណាវី​រុស គឺមាន​កំណើន​យឺត​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា​អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង​ជាដើម ខណៈ​តំបន់​អា​ហ្រិ្វ​ក កំពុង​ប្រឈម​នឹង​បញ្ហា​អាសន្ន នៃ​ការឆ្លង​COVID-19 ជា​សហគមន៍ ដោយសារ​ការខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ការរស់នៅ​របស់​ប្រជាជន និង​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​ជាដើម​។ 
 
​មិនតែប៉ុណ្ណោះ លោក​ប្រធាន WHO ក៏បាន​លើកឡើង​ពី ការ​ប្រាជ្ញា​របស់​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ឈានមុខ​ទាំង​២០ ឬ​G20  ក្នុងការ​ជួយសង្គ្រោះ​តំបន់​អាហ្វ្រិក ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា COVID-19​។ ចំណែក​អង្គការ WHO​វិញ ក៏​សហការ​ជាមួយ​ប្រទេស​អាហ្វ្រិក ដើម្បី​កំណត់​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជា ការគ្រប់គ្រង​បញ្ហា​ឆ្លង​COVID-19 ឲ្យ​បាន​ត្រឹមត្រូវ​, ប្រព័ន្ធ​សុខាភិបាល​ត្រូវ​ត្រៀម​រួចជាស្រេច​សម្រាប់​ជំ​ងឹ COVID-19, ការកាត់បន្ថយ​ការ​រាតត្បាត​, ការទប់ស្កាត់​ករណី​ឆ្លង​នៅ​កន្លែងធ្វើការ ឬ​សាលារៀន​, និង​ការរក្សា​អនាម័យ​នៅក្នុង​សហគមន៍​ជាដើម​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​១១ ខែមេសា COVID-19 បាន​រាតត្បាត​ទៅ​ប្រទេស និង​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ទាក់ទង​នឹង​បញ្ហា​នេះ  តួលេខ​COVID-19 សរុប​មាន​ចំនួន​ប្រមាណ ១៧០០០០០​ករណី អ្នកស្លាប់​មាន​ជាង ១០​ម៉ឺន​ករណី និង​អ្នកជា​សះស្បើយ​មាន ៣៧​ម៉ឺន​ករណី​៕

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com