COVID-19
អន្តរជាតិ
លោក Bill Gates ធ្លាប់​ព្យាករ​ពីរ​ជំងឺ​រាតត្បាត​សាកល កាលពី​ឆ្នាំ​២០១៥
13, Apr 2020 , 8:59 am        
រូបភាព
ដោយ:
​ខណៈ COVID-19 បាន​រីក​សាយភាយ​នៅ​ទូទាំង​សាកលលោក បច្ចុប្បន្ន​មនុស្ស​ជិត​២​លាន​នាក់​ហើយ​បាន​ឆ្លង​វីរុស​នេះ ខណៈ​អ្នក​ស្លាប់មាន​ដល់​ជាង​១០​ម៉ឺន​នាក់​។ មនុស្ស​ទាំង​ពិភពលោក រួមទាំង​អ្នកនយោបាយ​ផង​នោះ ភ្ញាក់ផ្អើល​ត្រង់​ថា​ជំងឺ​នេះ​បាន​បិទ​សេដ្ឋកិច្ចពិភពលោក និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាជន​ប្រចាំថ្ងៃ​។​

 
​មហាសេដ្ឋី​បច្ចេកវិទ្យា លោក Bill Gates បាន​ព្រមាន​ពី​ជំងឺ​រាតត្បាត​កាលពី​៥​ឆ្នាំមុន​មកម្ល៉េះ​។ ក្នុង TED Talk កាលពី​ឆ្នាំ​២០១៥ មហាសេដ្ឋី​អាមេរិក និង​សហ​ស្ថាបនិក Microsoft រូបនេះ បាន​លើកយក​មេរៀន​ពី​វិបត្តិ​វីរុស Ebola ឆ្នាំ​២០១៤​នៅ​អាហ្វ្រិក​ខាងលិច ដោយ​អះអាងថា សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដទៃ ពុំ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជំងឺ​រាតត្បាត​សាកល ដែល​នឹង​កើតឡើង​នាពេលខាងមុខ​។​
 
«​ប្រសិនបើ​មាន​អ្វី​អាច​សម្លាប់​មនុស្ស​១០​លាន​នាក់​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​នោះ វា​មានលទ្ធភាព​ខ្ពស់​ដែល​ទំនងជា​វីរុស​ឆ្លង ច្រើនជាង​សង្គ្រាម​»​។ លោក Gates លើកឡើង​បែបនេះ ដោយ​បន្ថែម វា​ពុំមែន​ជា​មី​ស៊ី​ល​ឡើយ ប៉ុន្តែ​ជា​មេរោគ​។​
 
​លោក Gates កត់សម្គាល់ថា ប្រទេស​ជាច្រើន បានធ្វើការ​រាប់​ឆ្នាំ​លើ​ការកាត់បន្ថយ​ហានិភ័យ​សង្គ្រាម​នុយក្លេអ៊ែ​រ ហើយ​ពួកគេ​គួរផ្ដល់​សារសំខាន់​ដូចគ្នានេះ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កាច​សាហាវ​។ ទាក់ទិន​រឿងនេះ លោក​មហាសេដ្ឋី សង្កត់ធ្ងន់ថា​៖ «​ជាក់ស្តែង​យើង​វិនិយោគទុន​តិចតួច​បំផុត​លើ​ប្រព័ន្ធ​ដែល​បញ្ឈប់​ជំងឺ​រាតត្បាត​។ បច្ចុប្បន្ន​យើង​ពុំទាន់​ត្រៀម​រួចរាល់​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់​ទៀតឡើយ​។​»
 
​បរាជ័យ​ក្នុងការ​ត្រៀមលក្ខណៈ អាច​អនុញ្ញាត​ឲ្យ​ជំងឺ​រាតត្បាត​បន្ទាប់​នោះ​មាន​ភាព​បំផ្លិចបំផ្លាញ​ខ្លាំង​ជាង Ebola ទៅទៀត​។ លោក Gates បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ឧទាហរណ៍ វីរុស​ដែល​ដូចនឹង​ជំងឺ​ផ្ដាសាយ​អេ​ស្ប៉ា​ញ​ឆ្នាំ​១៩១៨ នឹង​ផ្ទុះ​រាលដាល​នៅ​ពាសពេញ​ពិភពលោក​យ៉ាង​លឿន លឿន​រហ័ស​បំផុត​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ហើយ​អ្នក​អាច​ឃើញ​មនុស្ស​៣០​លាន​នាក់​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។ ដូច្នេះ​វា​គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​យើង​ត្រូវ​ព្រួយបារម្ភ​»៕ 
 
<iframe width="948" height="533" src="https://www.youtube.com/embed/6Af6b_wyiwI" frameborder="0" allow="accelerometer; autoplay; encrypted-media; gyroscope; picture-in-picture" allowfullscreen></iframe>

© រក្សាសិទ្ធិដោយ thmeythmey.com