COVID-19
អន្តរជាតិ
លោក ម៉ា​ក្រុង សង្ឃឹម​រុស្ស៊ី​គាំទ្រ​សំណើ​បទ​ឈប់​បាញ់​UN​ដើម្បី​ផ្ដោតលើ​COVID-19
16, Apr 2020 , 11:01 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បញ្ជាក់ថា លោក​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​អចិន្ត្រៃយ៍​ចំនួន​៣ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ដើម្បី​គាំទ្រ​សេចក្តីអំពាវនាវ​បទ​ឈប់​បាញ់​សាកល​របស់​អង្គការសហប្រជាជាតិ ក្នុង​គោលដៅ​ផ្តោតអារម្មណ៍​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សាកល COVID-19​។ 

 
​កាលពី​ថ្ងៃទី​២៣ ខែមីនា លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ជុំវិញ​ពិភពលោក ដោយ​ព្រមាន​ថា​ក្នុងប្រទេស​ដែល​កំពុង​ផុងខ្លួន​ក្នុង​សង្គ្រាម បុគ្គលិក​ពេទ្យ​ដែលមាន​ចំនួន​តិច​ទៅហើយ ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ជារឿយៗ ខណៈ​ប្រព័ន្ធ​សុខាភិបាល​បាន​ដួលរលំ​បាត់ទៅហើយ​។ 
 
​ទាក់ទិន​ការលើកឡើង​របស់​ប្រមុខ​UN នេះ លោក​ប្រធានាធិបតី ម៉ា​ក្រុង និយាយថា ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ច​ន​សុន បានបញ្ជាក់​ថា​នឹង​គាំទ្រ​សំណើ​ខាងលើ​។ 
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក ម៉ា​ក្រុង សង្ឃឹមថា​ក៏​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។ ត្រងចំណុច​នេះ​លោក អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​តាំងតែ​ពី​មានគំនិត​ផ្តួចផ្តើម​នេះ​ដំបូង​។ ខ្ញុំ​មិនទាន់​និយាយ​ជាមួយ​គាត់​ម្តងទៀត តាំងតែ​ពី​ខ្ញុំ​ទទួលបាន​ការបញ្ជាក់​គាំទ្រ​ពី​មេដឹកនាំ​ដទៃ​។ ខ្ញុំ​នឹង​និយាយ​ជាមួយ​គាត់ នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខ​»​។​
 
«​ខ្ញុំ​គិតថា លោក​ប្រធានាធិបតី​ពូ​ទីន នឹង​យល់ព្រម ហើយ​នៅ​ថ្ងៃ​ដែល​គាត់​យល់ព្រម យើង​នឹង​អាច​ជួប​និយាយ​តាម videoconference  និង​ផ្សាយ​ការសន្ទនា​នេះ​ជា​ឧឡា​រិ​ក ដោយ​ថាមភាព និង​ប្រសិទ្ធ​ពល​»​។ នេះ​ការបញ្ជាក់​បន្ថែម​របស់​លោក​ប្រធានាធិបតី​បារាំង​។ 
 
​សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន​១៥ បាន​ជួបប្រជុំគ្នា​លើកដំបូង​នៅ​ថ្ងៃទី​៩ ខែ​ដើម្បី​ពិភាក្សា​ពី​ជំងឺ​រាតត្បាត​សកល​នេះ ប៉ុន្តែ​មិនទាន់​អាច​សម្រេច​ថា​ខ្លួន​ត្រូវ​ចេញ​សកម្មភាព​ដែរ​ឫ​ទេ​។ សមាជិក​ដែលមាន​សិទ្ធ​វេតូ រួមមាន​បារាំង សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង​អង់គ្លេស កំពុង​ពិភាក្សា​លើ​អត្ថបទ​សេចក្តីសម្រេចចិត្ត​ព្រាង ដែល​ស្នើ​ដោយ​បារាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com