COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
«​គម្លាត​សុវត្ថិភាព​» អំឡុងពេល COVID-19 ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​ធុញទ្រាន់​
18, Apr 2020 , 10:59 am        
រូបភាព
​ការហ្វឹកហាត់​ដោយ​ពាក់​ម៉ាស់ និង​គម្លាត​ពីគ្នា​ពីរ​ម៉ែត្រ អ្នក​ប្រដាល់​អាជីព​នៅ​ប្រទេស​ថៃ​កំពុង​អនុវត្ត​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង COVID-19​។ ដោយសារតែ​ជំងឺ​រាតត្បាត​នេះ ថៃ​បាន​បង្ខំ​ឲ្យ​សង្វៀន​ប្រកួត​ត្រូវ​បិទទ្វារ ហើយ​កម្មវិធី​ទាំ​អស់​ត្រូវ​លុបចោល​។​


 
​កីឡាប្រដាល់ Muay Thai ក៏ដូចជា​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ ដោយ​ប្រើ​កណ្តាប់ដៃ ជង្គង់ កែង និង​បច្ចេកទេស​ដ៏​ទាក់ទាញ​ផ្សេងៗ​ទៀត ដែល​ទទួលបាន​ការពេញនិយម​បំផុត​នៅ​ប្រទេស​ថៃ​។​
 
​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ថៃ​បាន​ប្រើ​វិធានការ​«​គម្លាត​សុវត្ថិភាព​» ឬ «Social Distancing» ដ៏​តឹងរឹង​ក្នុងប្រទេស​ខ្លួន ខណៈ​អ្នក​ឆ្លង​បាន​កើន​ដល់​ជាង​ពី​ពាន់​នាក់ និង​ស្លាប់​ជិត​៥០​នាក់​។ ក្នុងករណីនេះ បានធ្វើ​ឲ្យ​អតីត​ម្ចាស់​ជើងឯក​ប្រដាល់​ពិភព​កីឡាករ Sarawut Prohmsut របស់​ថៃ អាច​ហ្វឹកហាត់​ជាមួយ​ដៃគូ​ត្រឹម​កាយវិកា​ប៉ុណ្ណោះ ដោយ​អ្នក​ម្ងា​ង​ទៀត​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា​ដល់​ទៅ​ពីរ​ម៉ែត្រ​។​
 
Sarawut វ័យ ២៣ ឆ្នាំ​បាន​ប្រាប់​ពី​ភាព​ធុញទ្រាន់​របស់ខ្លួន​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​កន្លែង​ហាត់ប្រាណ Luktupfah Muay Thai ក្នុង​ក្រុង​បាងកក​ថា​៖ «​តើ​អ្នក​អាច​វ៉ៃ​យ៉ាងម៉េច​ក្នុង​លក្ខខណ្ឌ​បែបនេះ​? យើង​លែងមាន​អារម្មណ៍​ស្វាហាប់​ដូច​មុន​ទៀតហើយ​»​។​
 
​សង្វៀន​ប្រដាល់​នៅ​ថៃ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ទាំងអស់​មិន​ថា​ព្រឹត្តិការណ៍​ធំ ឬ​តូច​ឡើយ ដើម្បី​គោរព​តាមច្បាប់ «​គម្លាត​សុវត្ថិភាព​» ក្នុងន័យ​មិន​ឲ្យ​មាន​មនុស្ស​នៅ​ផ្តុំគ្នា និង​កៀក​គ្នា​ដើម្បី​ប្រឆាំងនឹង​ការឆ្លង​ជំងឺ COVID-19​។​
 
​កន្លងមក ថៃ​ធ្លាប់មាន​ករណី​ឆ្លង COVID-19 នៅក្នុង​កម្មវិធី​ប្រកួត​ប្រដាល់ Muay Thai ក្នុង​ខេត្ត​មួយ​រួចមកហើយ ដោយ​ក្នុងនោះ​មាន​អភិបាលខេត្តរង​ម្នាក់​ឆ្លង​ផងដែរ​។​
 
​ខុសពី​ថៃ កម្ពុជា​ដែលមាន​ប្រជាជន​ចូលចិត្ត​ប្រដាល់​គុន​ខ្មែរ​ដែរនោះ បានអនុញ្ញាត​ឲ្យ​មានកម្ម​វិធី​ប្រកួត​លើស​ង្វៀន​ដដែល ប៉ុន្តែ​មិន​ឲ្យ​មាន​អ្នកចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ដោយ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​៕

Tag:
 COVID-19
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com