អន្តរជាតិ
មី​យ៉ាន់​ម៉ា ដោះលែង​អ្នកទោស​២​ម៉ឺន​៥​ពាន់​នាក់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​
18, Apr 2020 , 8:39 pm        
រូបភាព
លោកWin Myint ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រីអង់សាន ស៊ូជី-AFP
លោកWin Myint ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកស្រីអង់សាន ស៊ូជី-AFP
ដោយ:
​ខុទ្ទកាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៧ ខែមេសា​នេះ​បានប្រកាសថា  មី​យ៉ាន់​ម៉ា​នឹង​ដោះលែង​អ្នកទោស​ជាង​២​ម៉ឺន​៥​ពាន់​នាក់​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​។ ការដោះលែង​នេះ ក៏​នឹង​ជួយ​ដល់​ការទប់ស្កាត់​ជំងឺ COVID-19 ក្នុង​ពន្ធនាគារ​ដែលមាន​អ្នកទោស​ស្អេកស្កះ​ផងដែរ​។

 
​លោក Win Myint ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និយាយថា អ្នកទោស​ចំនួន ២៤,៨៩៦​នាក់ ដែល​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៨៧​នាក់ នៅក្នុង​ព​ន្ធា​គារ​ទូទាំងប្រទេស នឹងត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ដើម្បី​នាំ​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​មី​យ៉ាន់​មា ក៏ដូចជា​ក្រោម​ហេតុផល​មនុស្ស​ធ​ម៍​ផងដែរ​។ ប៉ុន្តែ លោក​ប្រធានាធិបតី​មិនបាន បញ្ជាក់​ពី​ប្រភេទ​បទល្មើស របស់​អ្នកទោស​ដែល​នឹងត្រូវ​ដោះលែង​ឡើយ​។​
 
​នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ខាងក្រៅ​ព​ន្ធា​គារ Insein ក្នុង​តំបន់​ពាណិជ្ជកម្ម​របស់​រដ្ឋធានី​យ៉ាំង​ហ្គោ​ន​វិញ គេ​ឃើញ​មាន​ហ្វូងមនុស្ស​កកកុញ ដោយ​សង្ឃឹមថា នឹង​បាន​ជួបជុំ​ក្រុមគ្រួសារ បើទោះបី​ជាមាន​បម្រាម​ហា​ម​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ ក្រោម​ហេតុផល​បង្ការ​ការឆ្លង​ជំងឺ COVID-19 ក៏ដោយ​។ នៅ​មី​យ៉ាន់​ម៉ា ករណី​ឆ្លង​COVID-19 មាន​ចំនួន​៨៨​ករណី និង​ស្លាប់​ចំនួន​៤​ករណី​។​
 
​ទោះជា​យ៉ាងណាក្តី គេ​មិនទាន់​ច្បាស់​ទេ​ថា ការដោះលែង​អ្នកទោស​ឆ្នាំនេះ នឹង​រួមបញ្ចូល​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ចំពោះ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​។ នាយកដ្ឋាន​ពន្ធនាគារ​មី​យ៉ាន់​ម៉ា បាន​លើកឡើងថា នៅ​មី​យ៉ាន់​ម៉ា ពុំមាន​អ្នកទោសនយោបាយ​ទេ​។ ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធមនុស្ស​និយាយថា មាន​មនុស្ស​រាប់សិប​នាក់​កំពុង​ស្ថិតនៅ​ពន្ធនាគារ ដោយសារ​សកម្មភាព​ន​យោ​បាយ​របស់​ពួកគេ​។​
 
​លោក Aung Myo Kyaw មកពី​សមាគម​ជំនួយ​អ្នកទោសនយោបាយ បាន​អះអាងថា  រដ្ឋាភិបាល​មិន​ទទួលស្គាល់ថា​មាន​អ្នកទោសនយោបាយ​ទេ ប៉ុន្តែ​ពួកគេ​បាន​សុំ​បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​អាច​ចាត់ទុកជា​អ្នកទោសនយោបាយ​។ បើតាម​លោក Aung សមាគម​នេះ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ដែលមាន​មនុស្ស​៧០​នាក់ ប៉ុន្តែ​ពុំទាន់​ដឹងថា​អ្នកណាខ្លះ​ត្រូវបាន​ដោះលែង​ឡើយ​។​
 
​បើតាម​អង្គការ​សិទ្ធមនុស្ស Athan ក្នុង​ឆ្នាំ​២០១៩ មាន​មនុស្ស​ច្រើនជាង​៣៣១ ត្រូវបាន​កាត់ទោស​ក្នុង​សំណុំរឿង​ដែល​ទាក់ទង​នឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ អ្នក​ដែល​ត្រូវ​ជាប់ឃុំ មាន​អ្នក​ស​សេរ​កំណាព្យ​ចំអក​រដ្ឋាភិបាល និង​សិស្ស​ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទាក់ទិន​និង​ការបិទ​អ៊ីនធឺណិត​។​
 
​គួរ​រំលឹក​ផងដែរ​ថា នៅពេលដែល​បក្ស​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១៦ ក្រោយ​ការដឹកនាំ​ច្រើន​ជា​៥០​ឆ្នាំ​របស់​របប​យោធា សកម្មភាព​ដំបូង​របស់​លោកស្រី គឺ​ការដោះលែង​អ្នកទោសនយោបាយ​រាប់រយ​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com