COVID-19
អន្តរជាតិ
​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ចូលរួម​បាតុកម្ម​ប្រឆាំង​បញ្ជា​បណ្តា​អភិបាលរដ្ឋ ដែល​ហាម​ប្រជាជន​ចេញពីផ្ទះ​
20, Apr 2020 , 11:26 am        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ឈរលើឡាន និងថ្លែងទៅកាន់ប្រជាជន។ រូបភាព AFP
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ឈរលើឡាន និងថ្លែងទៅកាន់ប្រជាជន។ រូបភាព AFP
​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បាន​ចូលរួម​ជាមួយ​បាតុករ​រាប់រយ​នាក់​ខាងមុខ​អាគារ​បញ្ជាការ​កងទ័ព ដើម្បី​តវ៉ា​នឹង​ការចេញ​បញ្ជា​របស់​អភិបាលរដ្ឋ​ខ្លះ​ដែល​ឲ្យ​ប្រជាជន​កុំ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ លោក បុល​សូ​ណា​រ៉ូ មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​វិធានការ​នេះ ដោយ​ចាត់ទុកជា​ការបិទ​ដង្ហើម​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​អត់​ការងារ​ធ្វើ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ខ្លាំង​។​

 
​បាតុករ​ប្រមាណ​៦០០​នាក់ បាន​ប្រមូលផ្ដុំ​ខាងមុខ​ទីបញ្ជាការ​កងទ័ព​ប្រេ​ស៊ី​ល​ក្នុង​រដ្ឋធានី​ប្រា​ស៊ី​លី​យ៉ា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​កងទ័ព​ចូល​អន្តរាគមន៍​ប្រឆាំងនឹង​បញ្ជា​របស់​អភិបាលរដ្ឋ​មួយចំនួន​ដែល​ហាម​ប្រជាជន​ចេញពីផ្ទះ​។ បាតុករ​ខ្លះ ចង់​ឲ្យ​យោធា​មាន​ចំណាត់​ដើម្បី​ជួយ​ដោះស្រាយ​ការ​រាលដាល COVID-19 និង​ឈានដល់​ការព្យួរ​សភា​ទៀតផង​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គេ​ក៏​ឃើញ​លោក ជែ បុល​សូ​ណា​រ៉ូ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ចូលរួម​ក្នុង​ការតវ៉ា​ផងដែរ​។ បាតុករ​មួយចំនួន​បាន​លើក​បដា «​យោធា​អន្តរាគមន៍​ជាមួយ​លោក បុល​សូ​ណា​រ៉ូ​»​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ចំពោះមុខ​បាតុករ លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល​និយាយថា លោក​ចូលរួម​បាតុកម្ម​ព្រោះ​លោក​ជឿជាក់​លោក​បាតុករ ហើយ​បាតុករ​ប្រមូលផ្ដុំ ក៏​ព្រោះតែ​ពួកគេ​ជឿ​លើ​ប្រេ​ស៊ី​ល​ដែរ​។​
 
​យ៉ាងណាមិញ លោក បុល​សូ​ណា​រ៉ូ មិនបាន​និយាយ​អ្វី​ទាក់ទង​នឹង​ការអំពាវនាវ​ឲ្យ​កងទ័ព​ចូល​អន្ត​រាមន៍ ឬ​ការបិទ​សភា​នោះឡើយ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ឲ្យ​បាតុករ​ទាំងនោះ ប្រឹង​តស៊ូ​ដើម្បី​ប្រទេស និង​ពឹង​ផ្អែកលើ​រូបលោក​ជា​ប្រធានាធិបតី​ដើម្បី​ចាត់វិធានការ​ចាំបាច់ សំដៅ​ធានា​របប​ប្រជាធិបតេយ្យ និង​កាន់តែ​សំខាន់ គឺ​សេរីភាព​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែមេសា ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​សរុប​ជិត​៣​ម៉ឺន​៩ពាន​នាក់ និង​ស្លាប់​ជិត​២​ពាន់​៥​រយ​នាក់​។ យ៉ាងណាមិញ លោក​ប្រធានាធិបតី បុល​សូ​ណា​រ៉ូ មិន​គាំទ្រ​វិធាន​ការបិទ​ទីក្រុង​អ្វី​ទេ ព្រោះ​ប៉ះពាល់​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​។ អភិបាលរដ្ឋ​សហព័ន្ធ​ខ្លះ​ដែលមាន​ប្រជាជន​ច្រើន​ដូចជា Sao Paulo និង Rio de Janeiro បានប្រកាស​បិទ​ដោយ​ផ្នែក និង​ណែនាំ​ឲ្យ​ប្រជាជន​កុំ​ចេញ​ក្រៅ​ផ្ទះ​ឲ្យ​សោះ​។ 
 
​ដោយសារ​រឿង​បិទ​ប្រទេស​នេះ លោក បុល​សូ​ណា​រ៉ូ ក៏បាន​បញ្ចប់​តំណែង​រដ្ឋមន្ត្រី​សុខាភិបាល ព្រោះ​គាំទ្រ​វិធាន​ការបិទ​នេះ​។ ដោយ​សំដៅ​ឈ្មោះ​លោក Luiz Henrique Mandetta ដែលជា​រដ្ឋមន្ត្រី​សុខាភិបាល លោក បុល​សូ​ណា​រ៉ូ និយាយថា លោក Mandetta គិតតែ​ពី​បញ្ហា​សុខាភិបាល តែ​លោក​ផ្ទាល់​គិតពី​ជីវិត​រាប់​សេដ្ឋកិច្ច និង​ការងារ​ផងដែរ​៕ 

Tag:
 ប្រេ​ស៊ី​ល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com