COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូងបន្ធូរវិធានការគម្លាតសុវត្ថិភាព ខណៈចំនួនករណីឆ្លងថ្មីថយចុះ
× កូរ៉េខាងត្បូង បានសម្រេចបន្តអនុវត្តវិធានការគម្លាតសុវត្ថិភាពក្នុងប្រទេសចំនួន១៦ថ្ងៃបន្ថែមទៀត ប៉ុន្តែបានបន្ធូរបន្ថយការអនុវត្តនៅផ្នែកខ្លះនៅវិហារសាសនា និងកន្លែងលេងកីឡាដែលមិនប្រឈមការឆ្លងខ្លាំង។ ការបន្ធូរបន្ថយនេះ ធ្វើឡើង ខណៈចំនួនអ្នកឆ្លងថ្មីមានចំនួនតិចបំផុតក្នុងរយៈពេល២ខែ។
បើតាមសេចក្តីណែនាំខាងលើនេះ កន្លែងដែលប្រឈមនឹងការឆ្លងខ្ពស់នឹងមិនត្រូវបន្តបិទទៀតទេដូចជាវិហារសាសនាដែលធ្លាប់ជាទីចម្លងដ៏ធំ និងសកម្មភាពកីឡា។ ការប្រកួតកីឡា ដូចជាកីឡាបាល់ទាត់អាចរៀបចំបាន តែមិនអនុញ្ញាតឲ្យមានទស្សនិកជនឡើយ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមេសា លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា វាជារឿងសុវត្ថិភាពបំផុត ក្នុងការរក្សាគម្លាតសុវត្ថិភាពឲ្យបានតឹងតែង ប៉ុន្តែជាក់ស្តែងវាមិនមែនជារឿងងាយស្រួលឡើយ ដែលត្រូវការជម្រើសកណ្តាលមួយ។ លោកបន្ថែមទៀតថា បើអាចរក្សាការគ្រប់គ្រង ឲ្យមានស្ថិរភាពដូចកម្រិតបច្ចុប្បន្ន កូរ៉េខាងត្បូង អាចត្រឡប់ទៅការអនុវត្តគម្លាតសុវត្ថិភាពធម្មតាវិញ។
ការបន្ធូរបន្ថយការអនុវត្តគម្លាតសុវត្ថិភាពនេះ ធ្វើឡើងក្រោយករណីឆ្លងប្រចាំថ្ងៃបន្តថយចុះគួរឲ្យកត់សម្គាល់។ នៅថ្ងៃទីទី២០ ខែមេសា ករណីឆ្លងថ្មីមាន១៣នាក់ ខណៈនៅថ្ងៃទី១៩ ខែមេសា មាន៨នាក់ប៉ុណ្ណោះ។ នៅទូទាំងកូរ៉េខាងត្បូង ករណីឆ្លងសរុបមានជាងមួយម៉ឺននាក់ និងស្លាប់ជិត២៤០នាក់។
ចំនួនឆ្លងថ្មីតិចបែបនេះ ត្រូវបានអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងចាត់ទុកថាជាព័ត៌មានល្អ ប៉ុន្តែក៏មិនមានសុទិដ្ឋិនិយមជ្រុលពេកឡើយ។
លោក Jeong Eun-kyeong ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ លើកឡើងថា៖« យើងបន្តស្ថិតក្នុងសភាពប្រុងប្រយ័ត្ន ដើម្បីធានាថា យើងនឹងមិនខកខាន ក្នុងករណីមានការឆ្លងថ្មី ឫការរាតត្បាតក្នុងចំណោមអ្នកឆ្លងដែលគ្មានរោគសញ្ញា ឫមានរោគសញ្ញាស្រាល»។
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងធ្លាប់និយាយថា ការវិវត្តនៅកូរ៉េខាងត្បូង ផ្តល់សង្ឃឹមដល់បណ្តាប្រទេសដទៃទៀត ដោយជំងឺ COVID-19 អាចបង្ក្រាបបាន។ នេះក៏ព្រោះតែតាំងតែពីដើមឆ្នាំ២០២០ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងច្រើនបំផុតបន្ទាប់ពីចិន ប៉ុន្តែចំនួននេះបានធ្លាក់ចុះយ៉ាងគំហុក ហើយប្រទេសដទៃទៀតបានជំនួសកន្លែងប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនអ្នកឆ្លងច្រើនបំផុតក្រៅពីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com