អន្តរជាតិ
កូនប្រុស​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន ត្រូវ​ជ្រើសតាំង​ជា​ប្រធានសភា​ព្រឹទ្ធសភាជាតិ​
20, Apr 2020 , 9:39 pm        
រូបភាព
លោក Rustam Emomali ប្រធានព្រឹទ្ធសភា (ខាងឆ្វេង) និយាយជាមួយឪពុករបស់ខ្លួន ដែលជាប្រធានាធបតីតាហ្ស៊ីគីស្ថាន។រូបភាព៖ Azerbaycan 24
លោក Rustam Emomali ប្រធានព្រឹទ្ធសភា (ខាងឆ្វេង) និយាយជាមួយឪពុករបស់ខ្លួន ដែលជាប្រធានាធបតីតាហ្ស៊ីគីស្ថាន។រូបភាព៖ Azerbaycan 24
​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន ត្រូវបាន​តែង​តែង​ជា​ប្រធានព្រឹទ្ធសភា នា​ថ្ងៃទី​១៧ ខែមេសា​។ ការតែងតាំង ត្រូវបាន​គេ​មើលឃើញថា គឺជា​ការប្រមូលផ្តុំ​អំណាច​របស់​គ្រួសារ​លោក​ប្រធានាធិបតី Emomali Rakhmon នៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ​។


 
​តាមរយៈ​ការិយាល័យ​ព័ត៌មាន​របស់​ព្រឹទ្ធសភា លោក Rustam Emomali ដែល​ត្រូវជា​កូនប្រុស​របស់លោក​ប្រធានាធិបតី Emomali Rakhmon និង​ជា​អភិបាល​រដ្ឋធានី ឌូ​ស្ហា​ន់​បេ​ផង​នោះ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ជា​ឯកច្ឆន្ទ​។ 
 
​ជាមួយនឹង​ការ​កាន់តំណែង​នៅ​ព្រឹទ្ធសភា​នេះ គ្រួសារ​លោក Rakhmon ក្ដាប់​អំណាច​កាន់តែខ្លាំង​ថែមទៀត​។ លោក Rustam ក៏ត្រូវ​មើលឃើញថា អាច​ស្នង​តំណែង​ពី​ឪពុក​ផងដែរ​។ រដ្ឋធម្មនុញ្ញ​តា​ហ្ស៊ី​គី​ស្ថាន បាន​ចែងថា ប្រសិនបើ​ប្រធានាធិបតី​ទទួលមរណភាព ឬ​អសមត្ថភាព​ភាព​ដឹកនាំ​ប្រទេស ប្រធានព្រឹទ្ធសភា មាន​សិទ្ធិ​កាន់តំណែង​ជំនួស​ប្រធានាធិបតី​។ 
 
​បានន័យថា ក្នុងករណី​អស់ពី​លោក Rakhmon ទៅ កូនប្រុស​របស់លោក នឹង​បន្ត​ដឹកនាំ​ប្រទេស​តាមរបៀប​អំណាច​ប្រមូលផ្ដុំ​របស់​គ្រួសារ​ប្រធានាធិបតី​រូបនេះ​ដដែល​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រៅពី​កូនប្រុស​ច្បង​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា កូនស្រី​របស់លោក​ប្រធានាធិបតី គឺ​លោកស្រី Ozoda Rakhmon ក៏មាន​តំណែង​ធំ​ផងដែរ ពោល​គឺជា​អតីត​សមាជិក​ព្រឹទ្ធសភា ដែល​ទើបតែ​ចប់​អាណត្តិ​នៅក្នុង​ខែមីនា ឆ្នាំ ២០២០ នេះ និង​ជា​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​។ ចំណែក​ស្វាមី​របស់លោក​ស្រី Ozoda វិញ គឺជា​មន្ត្រី​កាន់តំណែង​ធំ​លំដាប់​ទី​២ នៅក្នុង​ធនាគា​ជាតិ​របស់​តា​ហ្ស៊ី​គី​ស្ថាន​។ 
 
​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី Rakhmon ដែលមាន​វ័យ ៦៧​ឆ្នាំ បាន​ឡើងកាន់តំណែង​កំពូល​មួយ​នេះ តាំងពី​ឆ្នាំ ១៩៩៤​មក​ម្លេះ ហើយ​គ្រោង​នឹង​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។ ជាមួយគ្នានេះ កូនប្រុស​ច្បង​របស់លោក ក៏​គ្រប់​អាយុ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដែរ​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា លោក​ប្រធានាធិបតី​នឹង​បន្ត​កាន់តំណែង ឬក៏​អត់​៕

Tag:
 តា​ហ្ស៊ី​គី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com