COVID-19
អន្តរជាតិ
COVID-19៖ នូវែលសេឡង់បន្តបិទប្រទេសដល់ថ្ងៃទី២៧ ខែមេសា លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់-AFP
× នូវែលសេឡង់ នឹងពន្យារវិធានការបិទប្រទេសមួយសប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី២៧ ខែមេសា ដើម្បីបន្តទប់ស្កាត់នឹងជំងឺCOVID-19 ។ បន្ទាប់ពីនេះ នូវែលសេឡង់ នឹងឈានទៅកាត់បន្ថយការរឹតបន្តឹងតែម្ដង។ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ប្រកាសដូចនេះនៅថ្ងៃទី២០ ខែមេសា។
« នូវែលសេឡង់ នឹងចាក់ចេញពីកម្រិតអាសន្នលំដាប់ទី៤ នៅម៉ោង១១:៥៩នាទីយប់ថ្ងៃចន្ទ ទី២៧ មេសា គឺនៅសប្តាហ៍ក្រោយ»។ នេះជាការថ្លែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានReuters។
លោកស្រីបន្ថែមទៀតថា នូវែលសេឡង់ នឹងស្ថិតក្នុងកម្រិតអាសន្នលំដាប់ទី៣ រយៈពេល២សប្តាហ៍ទៀត ដោយតាមដានស្ថានការណ៍ COVID-19 មុននឹងសម្រេចចិត្តម្ដងទៀតក្នុងគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែឧសភា។
នូវែលសេឡង់ ដែលជាប្រទេសមានប្រជាជាន៥លាននាក់ ស្ថិតក្នុងសមុទ្រប៉ាស៊ីហ្វិក បានដាក់ប្រទេសក្នុងកម្រិតអាសន្នលំដាប់ទី៤ កាលពីចុងខែមីនា ដោយដាក់ចេញនូវវិធានការដូចជាការបិទការិយាល័យ សាលារៀន សេវាមិនចាំបាច់ដែលរួមមានរង្គសាល ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងកំសាន្ត។
វិធានការដែលដាក់ចេញខាងលើ ត្រូវបានគេមើលឃើញថាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺ ហើយមានលក្ខណៈតឹងរ៉ឹងជាងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជាអូស្ត្រាលីជាដើម។
គិតមកដល់ពេលនេះ នូវែលហ្សេឡង់មានករណីឆ្លងចំនួន១,៤៤០ករណី និងស្លាប់ចំនួន១២ករណី។
ក្នុងការប្រកាសអាសន្នកម្រិត៣ ក្រុមហ៊ុនពាណិជ្ជកម្មអាចបើកឡើងវិញបាន ដរាបណាពួកគេមិនមានការប៉ះពាល់ជាមួយអតិថិជន។
ហាង ផ្សាលក់អីវ៉ាន់ និងភោជនីយដ្ឋានតម្រូវឲ្យបន្តបិទទ្វា តែអនុញ្ញាតឲ្យមានការលក់ដូរតាមអនឡាញ ឬទូរស័ព្ទ។
ចំណែកឯសាលារៀន នឹងអនុញ្ញាតឲ្យបើកសម្រាប់តែសិស្សថ្នាក់ទី១០ឡើងទៅ តែវត្តមានអាស្រ័យលើការស្ម័គ្រចិត្ត។ មង្គលការ និងបុណ្យសពអាចប្រារព្ធទៅបាន តែកំណត់ឲ្យមានអ្នកចូលរួមត្រឹមតែ១០នាក់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com