COVID-19
អន្តរជាតិ
ប្រទេស G20 ទទួលស្គាល់ប្រព័ន្ធសុខាភិបាលកម្សោយដែលងាយរងគ្រោះដោយសារ COVID-19
× រដ្ឋមន្ត្រីសុខាភិបាលមកពីបណ្តាប្រទេសឧស្សាហកម្មទាំង២០ (G20) នៅថ្ងៃទី១៩ ខែមេសា បានពិភាក្សាពីចំណុចខ្សោយរបស់ប្រព័ន្ធសុខាភិបាលដែលបណ្តាលឲ្យពិភពលោកងាយរងគ្រោះទៅនឹងការឆ្លងជំងឺ COVID-19 និង ជំងឺរាតត្បាតជាសកលដទៃទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ។
ក្នុងសេចក្ដីប្រកាសរបស់លេខាធិការដ្ឋានអារ៉ាប៊ីសាអាអូឌីតដែលប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីប្រទេស G20 បានចែករំលែកបទពិសោធរបស់ប្រទេសរៀងៗខ្លួនក្នុងការទប់ទល់នឹង COVID-19 និងលើកឡើងសកម្មភាពចាំបាច់ក្នុងការត្រៀមខ្លួន។ រដ្ឋមន្ត្រីទាំងនោះ ក៏បាន ពិភាក្សាពីចំណុចចខ្សោយរបស់ប្រព័ន្ទសុខាភិបាលដែលបណ្តាលដោយជំងឺរាតត្បាតសកល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
«រដ្ឋមន្ត្រីសុខាភិបាល ទទួលស្គាល់ថា ជំងឺរាតត្បាតសកល COVID-19 បានបង្ហាញពីភាពទន់ខ្សោយរបស់ប្រព័ន្ធសុខាភិបាល»។ នេះបើតាមសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំ ដែលបន្ថែមថា វាបានបង្ហាញពីភាពងាយរងគ្រោះក្នុងសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការបង្ការ និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីប្រទេស G20 ក៏បានអនុម័តវិធានការការពារក្នុងការទប់ស្កាត់នឹងជំងឺឆ្លងផងដែរ។
លោក Tawfiq al-Rabiah រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអាអូឌីត និងជាប្រធានអង្គប្រជុំ និយាយថា សកម្មភាពដែលត្រូវធ្វើបន្ទាន់រួមមាន ភាពចាំបាច់ក្នុងការសហការ និងទំនាក់ទំនងរវាងអង្គការអន្តរជាតិក្នុងការសម្របសម្រួលការឆ្លើយតបទៅនឹងជំងឺរាតត្បាតអន្តរជាតិ ដោយផ្ដោតលើប្រទេសដែលត្រូវការគាំទ្រចាំបាច់ និងការវិនិយោគក្នុងការស្រាវជ្រាវ និងស្វែងរកដើម្បីផលិតបច្ចេកវិទ្យា ឧបករណ៍ វ៉ាក់សាំង និងវិធីសាស្ត្រព្យាបាលជាដើម។
លោក Rabiah ក៏បានលើកឡើងផងដែរពីការបង្កើតក្រុមការងារសកលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត បណ្តុំនវានុវត្តន៍សម្រាប់ចែកចាយចំណេះដឹង ក៏ដូចជាធ្វើឲ្យប្រសើឡើងនូវសុខាភិបាលនិងក្រុមដែលធ្វើការជាមួយអ្នកជំងឺ ដើម្បីផ្តល់វេទិការួមគ្នាក្នុងបំណងកាត់បន្ថយហានិភ័យរបស់អ្នកជំងឺ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការចូលរួមពីអង្គការតំបន់ និងអន្តរជាតិមួយចំនួនដូចជាធនាគារពិភពលោក និងអង្គការសុខភាពពិភពលោល ក៏ដូចជាបណ្តាថ្នាក់ដឹកនាំពីប្រទេសស្វីស សិង្ហបុរី ហ្សកដានី និងអេស្ប៉ាញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com