COVID-19
អន្តរជាតិ
១​សប្តាហ៍​ក្រោយ​គ្មាន COVID-19 ថ្មី វៀតណាម​ផ្ដើម​បន្ធូរ​ការបិទ​ប្រទេស​ដើម្បី​ជួយ​សេដ្ឋកិច្ច​
23, Apr 2020 , 10:53 am        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (AFP)
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (AFP)
ដោយ:
​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​២២ ខែមេសា បានប្រកាសថា ខ្លួន​នឹង​ចាប់ផ្ដើម​ដកហូត​បទបញ្ជា​បិទ​ប្រទេស លើកលែងតែ​តំបន់​ខ្លះ​ក្នុង​ទីក្រុង​ហាណូយ ក្រោយ​គ្មាន​ករណី COVID-19 ថ្មី​បន្ថែម ត្រូវបាន​រាយការណ៍​ក្នុងប្រទេស​ក្នុងពេល​៧​ថ្ងៃ​ជាប់​គ្នា​។ ការប្រកាស​នេះ​ធ្វើឡើង​ខណៈ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ភាគច្រើន ស្ថិតក្នុង​សភាព​រឹតបន្តឹង​សកម្មភាព​ប្រជាជន​នៅឡើយ ។​

 
​ការ​រឹតត្បិត​លើ​សកម្មភាព​អាជីវកម្ម និង​ការ​ចល័ត​ដទៃទៀត​ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​១ ខែមេសា នឹងត្រូវ​បន្ធូរបន្ថយ​មួយផ្នែកធំ ចាប់ពី​ថ្ងៃទី​២៣ ខែមេសា​តទៅ​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​វៀតណាម​ទទួលបន្ទុក​កិច្ចការ COVID-19​។  
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក អះអាងថា បច្ចុប្បន្ន គ្មាន​ខេត្ត​ណាមួយ​ក្នុងប្រទេស​វៀតណាម ត្រូវបាន​ចាត់ទុកជា​តំបន់​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​សាកល COVID-19 ឡើយ​។ ទោះបីជា​បែបនេះ​ក្តី ប្រមុខ​រដ្ឋាភិបាល​រូបនេះ សង្កត់ធ្ងន់ថា អាជីវកម្ម​ដែល​ពុំ​បាច់​ខ្លះ នឹង​រក្សា​បិទទ្វារ​ដដែល​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកនាយក​រដ្ឋមន្ត្រី​វៀតណាម លើកឡើងថា សង្គម​វៀតណាម ត្រូវតែ​ទទួលយក «​បែបបទ​រស់នៅ​ថ្មី » ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ​, រក្សា​គម្លាត​សុវត្ថិភាព និង​បញ្ចៀស​ការប្រមូលផ្ដុំ​មនុស្ស​កុះករ​។ 
 
«​ខណៈ​ការបង្ការ និង​ការប្រយុទ្ធប្រឆាំង​COVID-19 ទទួលជោគជ័យ​ដោយ​ប្រើ​វិធានការ​គម្លាត​សុវត្ថិភាព យើង​ក៏​នៅតែ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​, ការបង្កើត​ការងារ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ផងដែរ​»​។ លោកនាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​បែបនេះ​។ 
 
​យ៉ាងណាមិញ ទីក្រុង​ហាណូយ​, ក្រុង ហូជីមិញ និង​ខេត្ត​២​ទៀត នឹង​រក្សា​ការ​រឹតត្បិត​សកម្មភាព​ខ្លះ​។ តួយ៉ាង ផ្នែក​ខ្លះ​ក្នុង​ទីក្រុង ហាណូយ ដែល​ត្រូវបាន​ចាត់ទុកជា​តំបន់​មាន «​ហានិភ័យ​ខ្ពស់​» នឹងត្រូវ​រក្សា​ចំណាត់ការ​គម្លាត​សុវត្ថិភាព​ពេញលេញ រហូតដល់​ថ្ងៃទី​៣០ ខែមេសា ។​
 
​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​វៀតណាម នៅ​ថ្ងៃទី​២២ ខែមេសា ប្រទេស​នេះ​បានធ្វើ​តេស្ត​មនុស្ស​សរុប​១៨​ម៉ឺ​នាក់ ហើយ​បាន​រកឃើញ​ករណី​ឆ្លង​COVID-19​ត្រឹម​២៦៨​ករណី​។ ក្នុងនោះ អ្នកជំងឺ ៨៣​ភាគរយ​បានជា​សះស្បើយ ហើយ​គ្មាន​ករណី​ស្លាប់​ឡើយ​។​
 
​មែនទែនទៅ ការ​រឹតត្បិត​ការ​ចល័ត នៅ​ត្រូវបាន​អនុវត្ត​ក្នុង​បណ្ដា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជំងឺ COVID-19 សម្លាប់​មនុស្ស​ជាង​១២០០​នាក់ និង​ឆ្លង​ជាង​៣៣០០០​នាក់​ហើយ​។ សិង្ហ​បុរី​ដែល​ដំបូង​ឡើយ​ទប់ស្កាត់​ការរីក​រាលដាល​នេះ​ជោគជ័យ បែរជា​រងគ្រោះ​ជាថ្មី​ដោយ​ករណី​ឆ្លង​ក្នុងចំណោម​ពលករ​បរទេស ហើយ បានសម្រេច​លើក​ពេល​ការបិទ​ប្រទេស​ផ្នែក​ខ្លះ​រហូតដល់​ថ្ងៃទី​១ ខែមិថុនា​។ 
 
​ក្នុងប្រទេស​ថៃ ទី​ដែល​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​គ្រោង​នឹង​អស់​សុពលភាព​នា​ដំណាច់​ខែមេសា ក្រសួងសុខាភិបាល បាន​លើកឡើងថា ចំណាត់ការ​រឹតត្បិត​ការដើរ​ហើរ​នឹងត្រូវ​ដកហូត​ក្នុង​ខេត្ត​នានា​ដែល​គ្មាន​រកឃើញ​ករណី​ឆ្លង​ថ្មី​សម្រាប់​ពេល​២​សប្តាហ៍​ជាប់​គ្នា​។ 
 
​ដោយឡែក​ម៉ាឡេស៊ី ពុំទាន់​សម្រេច​លើ​រឿង​ពន្យារ​ឬ​ដកហូត​វិធានការ​គម្លាត​សុវត្ថិភាព​ឡើយ  ក៏ប៉ុន្តែ​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី បាន​បង្ហើប​ថា រដ្ឋាភិបាល​នឹង​គិតគូរ​ផែនការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ចាក​ចេញពី​ទីប្រជុំជន​វិល​ត្រលប់​មកវិញ​។ ក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​ករណី​ស្លាប់​COVID-19 សរុប​៦៥៣​នាក់ ខ្ពស់បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រដ្ឋធានី ហ្សា​ការ​តា បានប្រកាស​ពន្យារពេល​ចំណាត់ការ​គម្លាត​សុវត្ថិភាព​រហូតដល់​ថ្ងៃទី​២២ ខែឧសភា​៕

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com