អន្តរជាតិ
​បច្ចេកវិទ្យា
មូលហេតុ​សំខាន់ៗ​មួយចំនួន​នៃ​ការបង្កើត​អង្គការ​«NASA»
25, Apr 2020 , 9:30 pm        
រូបភាព
​បើ​គេ​និយាយ​អំពី​ការស្រាវជ្រាវ​ទៅលើ​អាកាសវិទ្យា និង​លំហ គេ​មិនអាច​បំភ្លេច​អង្គការ​ណា​សា​របស់​សហរដ្ឋអាមេរិក​បាន​នោះទេ​។ ប្រមាណ​ជាជាង​កន្លះ​សតវត្សរ៍​មុន អង្គការ​ណា​សា​ជាមួយនឹង​ក្រុម​ស្ថាប័ន​លំហ​ជាច្រើន​ទៀត ដូចជា ESA របស់​អឺរ៉ុប និង JAXA របស់​ជប៉ុន​បាន​ប្រមូល​ទិន្នន័យ​សំខាន់ៗ​ជាច្រើន​អំពី​ពិភព​ដែល​នៅ​ជុំវិញខ្លួន​របស់​យើង ជាមួយនឹង​ដំណើរ​ផ្សងព្រេង និង​ការធ្វើ​តេស្ត​ពិសោធន៍​ពិសេសៗ​យ៉ាងច្រើន​។

 
​អង្គការ​ណា​សា (NASA) មានឈ្មោះ​ពេញ​ថា «National Aeronautics and Space Administration» ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​១៩៥៨​។ គេហទំព័រ​ប្រវត្តិសាស្ត្រ history.com បាន​បកស្រាយ​ថា អង្គការ​ណា​សា​មាន​តួរ​នាទី​សំខាន់​ក្នុងការ​ដឹកនាំ​បេសកម្ម​ជា​ទ្រង់ទ្រាយ​មនុស្ស និង​ម៉ាស៊ីន​ទៅកាន់​បរិយាកាស​ភពផែនដី និង​ទៅកាន់​លំហ​។ អង្គការ​រដ្ឋាភិបាល​មួយ​នេះ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ជាច្រើន​ប្រភេទ​ក្នុង​គោលបំណង​ក្នុង​ការធ្វើទំនាក់ទំនង សិក្សា​ពី​ធាតុអាកាស និង​ការផ្លាស់ប្តូរ​ដទៃៗ​នៅលើ​ស្រទាប់ផែនដី​។ 
 
​អង្គការ​ណា​សា​ក៏ត្រូវ​បាន​គេ​បង្កើត​ក្នុងការ​ឆ្លើយតប​ទៅកាន់​ការបាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​គេ​បង្អស់ (Sputnik 1) ដោយ​សហភាពសូវៀត​ផងដែរ ដែលជា​គូប្រកួត​ប្រជែង​ជាមួយនឹង​សហរដ្ឋអាមេរិក នា​សម័យ​សង្គ្រាមត្រជាក់​។ Sputnik គឺជា​ផ្កាយរណប​ជំនាន់​ដំបូង​គេ​បង្អស់ មាន​ទម្ងន់​ជាង​៨២​គីឡូក្រាម មាន​ទំហំ​ធំ​ជាង​បាល់ទះ​បន្តិច និង​អាចធ្វើ​ដំណើរ​តាម​គន្លង​ជុំវិញ​ភពផែនដី​ប្រមាណ​ជា​៩៨​នាទី​ម្តង​។ ផ្កាយរណប​មួយ​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល និង​ភាព​ព្រួយបារម្ភ​ទៅកាន់​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​។ 
 
​ដោយហេតុនេះ សហរដ្ឋអាមេរិក​បាន​បង្កើត​អង្គការ​ណា​សា​ឡើង ដើម្បី​ចូលរួម​ប្រលូក​ការប្រណាំង​ប្រជែង​ផ្នែក​លំហ​វិទ្យា​ជាមួយនឹង​សហភាពសូវៀត​។ នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​១៩៥៧ សូ​វៀតបាន​បាញ​បង្ហោះ​ផ្កាយរណប​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា Sputnik 2 ដែល​បាន​ផ្ទុក​សត្វ​ឆ្កែ​ញី Laika មួយ​ក្បាល​ទៅជា​មួយ​។ ដោយ​អកុសល សត្វ​ឆ្កែ​នោះបាន​ងាប់​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​លំហ​។ 
 
​នៅក្នុង​ខែធ្នូ​នៃ​ឆ្នាំ​ដដែល សហរដ្ឋអាមេរិក​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់ខ្លួន​លើកទីមួយ​មានឈ្មោះ​ថា Vanguard តែ​រ៉ុកែត​ដែល​បាន​បាញ់​បង្ហោះ​ផ្កាយរណប​នោះបាន​ផ្ទុះ​ដោយ​ចៃដន្យ​នៅពេល​ធ្វើដំណើរ​ចេញពី​ទំនាញ​នៃ​ភពផែនដី​។ នៅ​ដើមឆ្នាំ​១៩៥៨ អង្គការ​ណា​សាបាន​បាញ់​បង្ហោះ​ផ្កាយរណប Explorer 1 ដោយ​ជោគជ័យ​។ ណា​សាបាន​ក្លាយជា​យានជំនិះរ​បស់​សហរដ្ឋអាមេរិក​ក្នុងការ​ដណ្តើម​ជ័យលាភី​ឆ្នើម​នៃ​ការប្រកួតប្រជែង​ផ្នែក​លំហ​វិទ្យា​។ 
 
​ឆ្នាំ​១៩៦១ អតីត​ប្រធានាធិបតី​អាមេរិក លោក John F. Kennedy បានប្រកាស​ទៅកាន់​មហាជន​ថា សហរដ្ឋអាមេរិក​នឹង​បាញ់​បង្ហោះ​មនុស្ស​ដំបូង​គេ​ទៅកាន់​ភព​ព្រះ​ចន្ទ​។ នៅក្នុង​ឆ្នាំ​១៩៦៩ សហរដ្ឋអាមេរិក ក្រោម​បេសកម្ម Apollo 11 បាន​នាំ​មនុស្ស​ដំបូង​ពីរ​នាក់ គឺ​លោក Neil Armstrong និង​លោក Buzz Aldrin ទៅ​ឈាន​ជើង​ចុះទៅ​កាន់​ផ្ទៃ​នៃ​ភព​ព្រះ​ចន្ទ​។ បន្ទាប់ពី​បេសកម្ម Apollo អង្គការ​ណា​សា​ក៏បាន​អនុវត្ត​បេសកម្ម​ជាច្រើន​ទៀត​ដូច​ជាការ​ពិនិត្យមើល​ភព​នានា​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ព្រះអាទិត្យ ផ្កាយ ផ្កាយព្រះគ្រោះ អាច​ន៍​ផ្កាយ ផ្កាយដុះកន្ទុយ លំហ​ជ្រៅ ស្ថានីយ​អវកាស​អន្តរជាតិ និង​បាតុភូត​វិទ្យាសាស្ត្រ​ជាច្រើន​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com