COVID-19
ជាតិ
ពលករ​ខ្មែរ​១៥០​នាក់​នៅ​ម៉ា​ឡេ​ស៊ី អាចមក​វិញ​បាន បើ​គ្មាន​ជំងឺ​កូ​វីដ​-១៩
01, May 2020 , 11:29 pm        
រូបភាព
ពលរដ្ឋខ្មែរ ដែលខកខានមិនបានត្រឡប់មកវិញកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់ Royal Embassy of Cambodia to Malaysia)
ពលរដ្ឋខ្មែរ ដែលខកខានមិនបានត្រឡប់មកវិញកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់ Royal Embassy of Cambodia to Malaysia)
​ភ្នំពេញ​៖ និស្សិត និង​ពលករ​ខ្មែរ នៅ​ម៉ាឡេស៊ី​១៥០​នាក់ ដែល​ខកខាន​មិនបាន​ត្រឡប់មក​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ អាច​ត្រឡប់​វិញ​បាន ដោយ​តម្រូវ​ឲ្យ​រៀបចំ​ឯកសារ​មួយចំនួន​ទៅ​ស្ថានទូត ក្នុងនោះ​ក៏មាន​លិខិត​បញ្ជាក់ថា គ្មាន​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។


 
​សេចក្ដីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១ ខែឧសភា​នេះ បាន​ឲ្យ​ដឹងថា ឯកសារ​ដែល​ត្រូវ​យកទៅ​ស្ថានទូត​នោះ មាន​លិខិតឆ្លងដែន​ថតចម្លង និង​ទំព័រ​ទិដ្ឋាការ​ឬ​ត្រា​ចូល​របស់​អន្តោប្រវេសន៍​ម៉ាឡេស៊ី​។ ក្រៅពីនេះ ត្រូវ​ថតចម្លង​សំបុត្រ​យន្តហោះ​ត្រឡប់មក​កម្ពុជា មុខរបរ អាសយដ្ឋាន រួមទាំង​លេខ​ទូរ​សព្ទ​នៅ​ម៉ាឡេស៊ី​និង​កម្ពុជា​។ 
 
​ចំណែក​លិខិតបញ្ជាក់​សុខភាព ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​ដែល​បញ្ជាក់ថា​ពុំមាន​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះដែរ ការពិនិត្យ​សុខភាព​ត្រូវ គឺ​រង់ចាំ​ការជូនដំណឹង​របស់​ស្ថានទូត​សិន អំពី​ថ្ងៃ​ជាក់លាក់​នៃ​ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​។ 
 
​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា​៖«​សម្រាប់​ថ្ងៃ​ត្រឡប់​កម្ពុជា​វិញ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ រង់ចាំ​ការសម្របសម្រួល​ពី​ខាង​ភាគី​ម៉ាឡេស៊ី​សិន  ហើយ​ចំនួន​អ្នក​ត្រឡប់​ក៏​មិនទាន់​ទទួលបាន​ជាក់លាក់​ដែរ ព្រោះ​ពលករ​មួយចំនួន​បាន​វិលត្រឡប់​ទៅធ្វើ​ការងារ​វិញ​ហើយ កាលពីមុន​។ សម្រាប់​អ្នក​ចង់​ត្រឡប់មក ត្រូវ​រៀ​ចំ​ឯកសារ​ដូច​ស្ថានទូត​បាន​ជូន​ណឹ​ង ហើយ​រង់ចាំ​ថ្ងៃ​ដែល​ភាគី​ម៉ាឡេស៊ី​រៀបចំ​ជើងហោះហើរ​ត្រឡប់មក​កម្ពុជា​វិញ​»​។ 
 
​ចំពោះ​អ្នករក​ឃើញថា កើត​ជំងឺ​កូ​វីដ​-១៩ នឹងត្រូវ​សម្រាក​ព្យាបាល​នៅ​ម៉ាឡេស៊ី​ឲ្យ​ជាសះស្បើយ​សិន ទើប​អនុញ្ញាត​ឲ្យ​ត្រឡប់មក​កម្ពុជា​។ រីឯ អ្នក​ត្រឡប់​មកដល់​កម្ពុជា នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន ដើម្បី​ពិនិត្យ​សុខភាព ហើយនឹង​បន្ត​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ទៀត នៅផ្ទះ​របស់​ពួកគេ ដើម្បី​តាមដាន​សុខភាព​៕ 
 

Tag:
 COVID-19
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com