COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ផ្តល់​ភ្លើង​បៃតង​ឲ្យ La Liga ចាប់ផ្តើម​វិញ ឯ Bundesliga ក៏មាន​ភាគរយ​ខ្ពស់​
04, May 2020 , 10:29 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez សង្ឃឹមថា ក្របខណ្ឌ La Liga នឹង​វិល​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។ យ៉ាងណាមិញ ការសម្រេច​នឹង​ស្ថិត​លើ​លី​គ និង​សហព័ន្ធ​ថា នៅពេលណា​គួរ​ចាប់ផ្តើម បន្ទាប់ពី​រដ្ឋាភិបាល​ប​ន្ធូ​រ​បន្ថយ​ការ​រឹតត្បិត​ប្រទេស អំឡុង​ជំងឺឆ្លង COVID-19 រាតត្បាត​។​


 
​ក្រសួង​អប់រំ និង​កីឡា​អេ​ស្ប៉ា​ញ​កាលពី​សប្តាហ៍​មុន​បាន​យល់ព្រម​លើ​ផែនការ​របស់​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្លិប​និ​មួយៗ​ធ្វើតេស្ត​លើ​កីឡាករ​របស់​ពួកគេ​ដើម្បី​រក COVID-19 មុនពេល​វិលត្រឡប់​ទៅ​ហ្វឹកហាត់​វិញ ខណៈ​លី​គ​ហាក់​បង្ហាញ​ភ្លើង​បៃតង​ក្នុងការ​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​នៅ​ខែមិថុនា​។ 
 
​លី​គ​កីឡាបាល់ទាត់​ធំៗ​នៅ​អឺរ៉ុប​បាន​ផ្អាក​ការប្រកួត​តាំងពី​ថ្ងៃទី​១៣ ខែមីនា ដោយសារតែ​ជំងឺ​រាតត្បាត COVID-19​។​
 
​អេស្បាញ​ដែលជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​ដោយមាន​អ្នកស្លាប់ ២៥០០០ នាក់​បានប្រកាស​បិទទ្វា​រ​ប្រទេស​កាលពី​ខែមីនា​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ត្រូវ​រស់នៅ​ក្នុងផ្ទះ​ដើម្បី​គេចផុត​ពី COVID-19​។ ក្រោយ​អនុវត្ត​វិធានការ​នេះ​បាន​៤៩​ថ្ងៃ ពួកគេ​បានអនុញ្ញាត​ឲ្យ​ប្រជាជន​ចាក​ចេញពីផ្ទះ​ដើម្បី​ហាត់ប្រាណ​។​
 
​លោក Sanchez បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ជា​អ្នកគាំទ្រ និង​ចូលចិត្ត​កីឡាបាល់បោះ​ជាង​កីឡាបាល់ទាត់ ប៉ុន្តែ​លោក​សង្ឃឹមថា កីឡាបាល់ទាត់​នឹង​វិលត្រឡប់​មកវិញ​ឆាប់ៗ​។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​រូបនេះ​បន្ថែមថា ការសម្រេច​យ៉ាងណា​គឺ​នៅលើ​លី​គ និង​សហព័ន្ធ​ក្នុងការ​កំណត់​ថ្ងៃ​វិលត្រឡប់​ទៅរក​ការប្រកួត​វិញ​។​
 
«​យើង​បានចាប់ផ្តើម​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល​សម្រាប់​កីឡា​ជា​ក្រុម​ដូចជា​ក្រុមបាល់ទាត់​ជាដើម​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​ត្រឡប់​វិញ​ឆាប់ៗ ប៉ុន្តែ​យើង​នឹង​ឃើញ​ការប្រកួត​ឆាប់ៗ​នៅលើ​កញ្ចក់​ទូរទស្សន៍ ជាង​នៅក្នុង​កីឡដ្ឋាន ខ្ញុំ​ពិតជា​ខ្លាច​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Sanchez​។​
 
​ស្របពេល​គ្នា​នេះដែរ នាយក​ផ្នែក​កីឡា​នៃ​ក្លិប Bayer Leverkusen លោក Simon Rolfes មាន​ជំនឿ​ចិត្ត​ថា ក្របខណ្ឌ Bundesliga របស់​អាល្លឺម៉ង់ នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែឧសភា​នេះ​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) សង្ឃឹមថា រដ្ឋាភិបាល​ក៏​នឹង​ផ្ដល់​ភ្លើង​បៃតង​ដែរ​។ រដ្ឋាភិបាល​អាល្លឺម៉ង់ គ្រោង​ប្រកាស​សម្រេចចិត្ត​របស់ខ្លួន​ថា ត្រូវ​បន្ត​លី​គ​ក្នុងស្រុក​ឬ​យ៉ាង​តាំងពី​ចុងខែ​មេសា​មក ប៉ុន្តែ​បាន​ពន្យារពេល​សម្រេចចិត្ត​ដល់ពេលនេះ​។ 
 
​លោក Rolfes បាន​ប្រាប់ BBC World Service Sport ថា អ្វីដែល​សំខាន់បំផុត​នោះ គឺ​យើង​ទទួលបាន​យោបល់​ល្អៗ​ពី​អ្នកនយោបាយ​សម្រាប់​គំនិត​លើ​ការប្រកួត​ដោយ​គ្មាន​អ្នកគាំទ្រ ព្រោះ​រដ្ឋាភិបាល​គិតថា​យើង​អាច​ធ្វើបាន​។​
 
​លោក​បាន​បន្ថែមថា​៖«​នៅ​ថ្ងៃទី​៦​សប្តាហ៍​នេះ យើង​នឹង​ឃើញ​ការសម្រេចចិត្ត​នេះ​មិន​ខាន​។ ខ្ញុំ​មិនដឹង​ច្បាស់​ថា​នៅពេលណា​ទេ ប៉ុន្តែ​យើង​សង្ឃឹមថា​យើង​នឹង​ចាប់ផ្តើម​លេង​វិញ​នៅ​ដើមខែ​ឧសភា ពាក់​កណ្តាលខែ ឬ​ចុងខែ​ឧសភា​។ យ៉ាងណា​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​»​។​
 
​មកទល់ពេលនេះ មាន​លី​គ​ធំៗ​នៅ​អឺរ៉ុប​មួយចំនួន​បានប្រកាស​រំសាយ​ការប្រកួត​រដូវ​កាល​នេះ​រួចទៅហើយ​ដោយសារតែ​វិបត្តិ​នៃ​ជំងឺឆ្លង​សកល ក្នុងនោះ​រួមមាន​លី​គ​ហូ​ឡង់ Eredivisie លី​គ​បែលហ្ស៊ិក First Division A និង​លី​គ​កំពូល​បារាំង Ligue 1​។ ដោយឡែក​លី​គ​ដែល​កំពុងស្ថិត​ក្នុងការ​ពិចារណា​រួមមាន Premier League (​អង់គ្លេស​), La Liga (​អេ​ស្ប៉ា​ញ​), Serie A (​អ៊ីតាលី​) និង Bundesliga (​អាល្លឺម៉ង់​)៕

Tag:
 Pedro Sanchez
  COVID-19
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com