ជាតិ
បារាំង នឹង​ផ្ដល់​ថវិកា​ជាង​៤០​ម៉ឺន​ដុល្លារ ដល់​កម្ពុជា សម្រាប់​ស្រាវជ្រាវ​លើ​ជំងឺ​កូ​វីដ​១៩
09, May 2020 , 10:49 am        
រូបភាព
លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២០
លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបពិភាក្សាជាមួយលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ឧសភា ឆ្នាំ២០២០
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បារាំង នឹង​ផ្ដល់​ថវិកា​ជាង​៤០​ម៉ឺន​អឺរ៉ូ (​ជាង​៤៣​ម៉ឺន​ដុល្លារ​) ដល់​កម្ពុជា សម្រាប់​ស្រាវជ្រាវ​លើ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា ដែល​បានបញ្ជាក់​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៨ ឧសភា​។​



​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ បាន​បញ្ជាក់ថា ជំនួយ​របស់​បារាំង​ដែលមាន​ទឹកប្រាក់​ជាង​៤០​ម៉ឺន​ដុល្លារ​នេះ ផ​ផ្ដល់​ឱ្យទៅ​គម្រោង​ស្រាវជ្រាវ​ចំនួន​៣​នៅ​កម្ពុជា ។ បើតាម​ឯកអគ្គរដ្ឋទូត​បារាំង​រូបនេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ក៏​ត្រៀម​ផ្តល់​ជំនួយឥតសំណង​ចំនួន​២​លាន​អឺរ៉ូ (​ជាង​២​លាន​ដុល្លារ​) ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​មន្ទីរពិសោធន៍​ឈានមុខ​គេ​នានា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែល​ក្នុងនោះ​ក៏មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផងដែរ (​ជា​វិទ្យាស្ថាន​កម្ពុជា​ដែលមាន​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតល្មួត​ជាមួយ​ប្រទេស​បារាំង​)​។​
 
​អះអាង​ពី​បែបនេះហើយ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ក៏បាន​អរគុណ​មន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​ជនជាតិ​បារាំង ដែលមាន​ជំងឺ​កូ​វីដ​១៩​ទាំង​៤០​នាក់​នៅ​កម្ពុជា​ឱ្យបាន​ជាសះស្បើយ​។ «​ស្ថានភាព​(​កូ​វីដ​១៩)​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ប៉ុន្តែ​យើង​គួរ​បន្ត​ការប្រុងប្រយ័ត្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ​។​
 
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩១​មក កម្ពុជា​-​បារាំង បាន​សហប្រតិបត្តិការ​គ្នា ស្ទើរ​គ្រប់​វិស័យ រួមទាំង​ការបណ្តុះបណ្តាល ការស្រាវជ្រាវ និង​ផ្ដល់​សម្ភារ​បរិក្ខារ​ជាដើម​។​
 
​គិត​ត្រឹម​ថ្ងៃទី​៨ ឧសភា កម្ពុជា នៅសល់តែ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ខណៈ​មនុស្ស​១២០​នាក់​ទៀត បានជា​សះស្បើយ​។ អ្នកជំងឺ​កូ​វីដ​-១៩ (COVID-19) ពីរ​នាក់​នៅ​ខេត្តបន្ទាយមានជ័យ និង​កំពង់ឆ្នាំង ដែល​មិនទាន​ជាសះស្បើយ​នោះ គឺ​ដោយសារ​ពួកគាត់​មាន​ជំងឺ​ប្រចាំកាយ និង​បញ្ហា​ផ្លូវចិត្ត​។​សភាព​ទូទៅ​របស់​អ្នកជំងឺ​ទាំងពីរ​គឺ​មិន​ធ្ងន់ធ្ងរ​ទេ   តែ​វីរុស​នៅមាន​ក្នុង​ខ្លួន​ពួកគាត់​នៅឡើយ ។ ពួកគាត់​ត្រូវបាន​បញ្ជូនមក​សម្រាក​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ផងដែរ​។ នេះ​បើតាម​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com