ជាតិ
កម្មករជាង៤ម៉ឺននាក់ហើយ ត្រូវរដ្ឋាភិបាលកត់ចូលបញ្ជីដើម្បីបើកលុយ៤០ដុល្លារ កម្មករ-កម្មការិនីរោងចក្រ ទិញម្ហូបអាហារពេលថ្ងៃ ក្រោយសម្រាកពីការងារ
× ប្រាក់ឧបត្ថម្ភ៤០ដុល្លាររបស់រដ្ឋាភិបាលកម្ពុជា នឹងផ្តល់ជូនកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ តាមសេវាកម្មវេរលុយវីង។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ អះអាងថា បច្ចុប្បន្ន ក្រសួងការងារ បានបញ្ជូនឈ្មោះ និងលេខទូរស័ព្ទរបស់កម្មករនិយោជិតជាង៤ម៉ឺននាក់ហើយ ទៅកាន់ក្រសួងសេដ្ឋកិច្ច ដើម្បីផ្ទេរប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែ ដល់ពួកគេ តាមរយៈសេវាកម្មវេរលុយវីង (ធនាគារវីង)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ដែលបានដកស្រង់សម្តីរបស់លោក ហេង សួរ។
អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ធនាគារវីង នឹងបញ្ចូលទឹកប្រាក់ទៅគណនីរបស់កម្មករនិយោជិត ហើយរយៈពេល១០ថ្ងៃ បើពួកគេ មិនបានទៅបើកទេ ធនាគាវីង នឹងបញ្ជូនទឹកប្រាក់នោះ ចូលទៅធនាគារជាតិវិញ។
ទន្ទឹមនេះ លោក បានអំពាវនាវឲ្យកម្មករនិយោជិត ផ្តល់លេខអត្តសញ្ញាណបណ្ណ និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវដល់រោងចក្ររបស់ខ្លួន ដើម្បីទទួលបានទឹកប្រាក់ឧបត្ថម្ភតាមវីង។
កម្មករនិយោជិត ដែលត្រូវព្យួរការងារ នៅទទួលបានប្រាក់៣០ដុល្លារទៀតពីម្ចាស់រោងចក្រ។ តែ គេ មិនទាន់ដឹងថា ម្ចាស់រោងចក្រ នឹងផ្តល់ប្រាក់៣០ដុល្លារនេះ តាមមធ្យោបាយណានោះទេ។
មកដល់ពេលនេះ មានរោងចក្រសហគ្រាសជិត២០០ហើយ ដែលត្រូវបានអនុញ្ញាតឲ្យព្យូរការងារ ដោយបានប៉ះពាល់ដល់កម្មករនិយោជិតជាង១៥ម៉ឺននាក់៕
Tag:
កម្មករ
ប្រាក់ឧបត្ថម្ភ
សេវាកម្មវីង
© រក្សាសិទ្ធិដោយ thmeythmey.com