COVID-19
អន្តរជាតិ
COVID-19៖ ប្រមុខ​UN ថា មេដឹកនាំ​ពិភពលោក ទំនង​មិន​អាចមក​ប្រជុំ​មហាសន្និបាត​ដូច​រាល់​ឆ្នាំ​ឡើយ​
15, May 2020 , 7:59 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ទំនង​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​នានា​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ ដែល​គ្រោង​ប្រារព្ធ​ឡើង​នៅ​ខែកញ្ញា​ខាងមុខ​ដោយផ្ទាល់​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅក្នុង​ទស្សនាវដ្ដី​បារាំង ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី​១៤ ខែឧសភា​។

 
​ស្ថានភាព​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ទឹកដី​អាមេរិក ជាពិសេស​ទីក្រុង​ញូវយ៉ក មាន​ករណី​ឆ្លង​ថមថយ​បន្តិច បើ​ធៀប​ទៅនឹង​មួយរយៈ​មុន​។ ចំណែក​អង្គការសហប្រជាជាតិ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក​នេះ ក៏​ទទួលរង​ផង​ប៉ះពាល់​ដែរ ជាពិសេស​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​គ្រោង​នឹង​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ និង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ថ្ងៃទី​២២ ខែកញ្ញា​។ 
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី​ប្រចាំ​សប្តាហ៍​របស់​បារាំង Paris-Match លោក ហ្គូ​តេ​រ៉េ​ស បាន​លើកឡើងថា លោក កំពុង​ពិនិត្យមើល​មធ្យោបាយ​ផ្សេង សម្រាប់​មេដឹកនាំ ក៏ដូចជា​គណៈប្រតិភូ​បណ្តា​ប្រទេស​ទាំងអស់ អាច​បើក​កិច្ចប្រជុំ​នាពេលខាងមុខ​។ បើតាម​លោក​ប្រមុខ​UN កិច្ចប្រជុំ អាច​នឹងធ្វើ​ឡើង​តាម​បច្ចេកវិទ្យា​ឌីជីថល ដែល​លោក​នឹង​ប្រាប់​ទៅ​ប្រទេស​សមាជិក​នៅពេល​ក្រោយ​។ 
 
​ចំណែក​ប្រេសិត​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​មួយចំនួន បាន​រំពឹងថា​ម​ហាស​ន្និ​លើក​ទី​៧៥ ខាងមុខនេះ អាច​ធ្វើឡើង​តាមរយៈ Videoconference​។ ដោយឡែក អគ្គរដ្ឋទូត​ម្នាក់​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា នីតិវិធី​នៃ​កិច្ចប្រជុំ​នៅក្នុង​ឆ្នាំនេះ នឹង​ខុសពី​ធម្មតា នីតិវិធី​កាត់ និង​ខុសពី​ឆ្នាំ​មុខ​។  ជាមួយគ្នានេះ អគ្គរដ្ឋទូត​រូបនេះ ក៏បាន​បញ្ជាក់​ពី​លទ្ធភាព​របស់​អង្គការសហប្រជាជាតិ ដែល​មិនអាច​រៀបចំ​មហាសន្និបាត​កើត​ដែរ ក្នុង​កាលៈទេសៈ COVID-19 ។​
 
​ក្នុងចំណោម​រដ្ឋ​ទាំងអស់​នៅ​អាមេរិក រដ្ឋ​ញូវយ៉ក មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​ច្រើនជាងគេ ដែលមាន​ចំនួន ៣៥​ម៉ឺន​ករណី​។ ម្យ៉ាងវិញទៀត ចាប់ពី​ពាក់កណ្តាល​ខែមីនា​មក បុគ្គលិក​UN និង​អ្នកការទូត​មួយចំនួន ត្រូវបាន​គេ​សម្រេច​ឲ្យ​ធ្វើការ​នៅផ្ទះ ហើយ​អាច​ត្រលប់មក​ធ្វើការ​វិញ យ៉ាងហោចណាស់​រហូតដល់​បំណាច់​ខែមិថុនា​។ 
 
​សូមបញ្ជាក់ថា មហាសន្និបាត​អង្គការសហប្រជាជាតិ មិន​ធ្លាប់​លុបចោល​កិច្ចប្រជុំ​របស់ខ្លួន​ម្តងណា​ឡើយ ចាប់តាំងពី​បង្កើត​អង្គការ​អន្តរជាតិ​នេះ​មក​។ ប៉ុន្តែ​មហាសន្និបាត​នេះ ធ្លាប់តែ​ពន្យារពេល​ប្រជុំ​ពីរដង​គត់ នៅ​ឆ្នាំ​២០០១ ដោយសារ​ការវាយប្រហា​រ​អាគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក និង​ឆ្នាំ​១៩៦៤ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ និង​សមាជិក​មួយចំនួន​បាត់បង់​សិទ្ធិ​បោះឆ្នោត​៕
 

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com