COVID-19
អន្តរជាតិ
ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស មាន​ករណី​ឆ្លង COVID-19 ជា​លើកដំបូង​
15, May 2020 , 4:15 pm        
រូបភាព
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដើរនៅក្នុងជុំរុំ  Balukhali ដែលស្ថិតនៅក្នុងក្រុងCox
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដើរនៅក្នុងជុំរុំ Balukhali ដែលស្ថិតនៅក្នុងក្រុងCox's Bazar នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ។ រូបភាព៖ Reuters
អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ និង​មន្ត្រីជាន់ខ្ពស់​បង់​ក្លា​ដែ​ស នា​ថ្ងៃទី​១៤ ខែឧសភា បាន​រាយការណ៍​ថា បង់​ក្លា​ដែ​សបាន​រកឃើញ​ករណី​ឆ្លង ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជា​លើកដំបូង​បង្អស់​នៅក្នុង​ជំរំជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែលជា​កន្លែង​មាន​មនុស្ស​រស់នៅ​លើសពី​មួយ​លាន​នាក់​។

 
​ជំរំជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស គឺជា​កន្លែង​ដែលមាន​មនុស្ស​រស់នៅ​ជាង ១​លាន​នាក់ ជា​កន្លែង​ដែលមាន​មនុស្ស​រស់នៅ​ណែនណាន់​ខ្នាន់ខ្នាប់ និង​ជា​កន្លែង​ដែល​មិនសូវ​ស្អាត ឬ​អនាម័យ​។ បញ្ហា​នេះហើយ ដែល​ធ្វើ​ឲ្យ​មេរោគ ឬ​វីរុស​ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​។ 
 
​ពេលនេះ COVID-19 កំពុង​ចាប់ផ្តើម​គំរាមកំហែង​នៅក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ហើយ បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​រាយការណ៍​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ និង​មន្ត្រីជាន់ខ្ពស់​បង់​ក្លា​ដែ​ស ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ប្រជាជន​ក្នុងស្រុក​ម្នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ជំងឺ COVID-19 ។ 
 
​នេះ គឺជា​ករណី​ដំបូង​បំផុត​នៃ​ការឆ្លង COVID-19 ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ជំរំជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​តំបន់ Cox's Bazar របស់​បង់​ក្លា​ដែ​ស ។ ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាម​ទូរ​សព្ទ លោក Mahbub Alam Talukder ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​លើ​ជនភៀសខ្លួន និង​មាតុភូមិនិវត្តន៍ បាន​លើកឡើងថា ពេលនេះ​អ្នកជំងឺ​ទាំងពីរ​នាក់ ត្រូវគេ​បញ្ជូនទៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ព្យាបាល​ហើយ​។  
 
​បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ អង្គការ​សុខភាព​ពិភពលោក លោក Catalin Bercaru បាន​បញ្ជាក់ថា អ្នកស៊ើប​អង្កេត​មួយក្រុម ត្រូវបាន​បញ្ជូនទៅ​ស្វែងរក​អ្នក​ដែលមាន​ពាក់ព័ន្ធ​នឹង​ករណី​ទាំងពីរ ដើម្បី​ធ្វើតេស្តរ​កកូ​រ៉ូ​ណាវី​រុស និង​ដា​ក់ច​ត្តា​ឡី​ស័ក​ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ជំនួយ​មនុស្សធម៌​អន្តរជាតិ ធ្លាប់បាន​ព្រមាន​ម្តង​ហើយ​ថា ប្រសិនបើ COVID-19 ផ្ទុះឡើង​នៅក្នុង​ជំរំជន​ភៀស​រ៉ូ​ហ៊ីង​យ៉ា វា​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​កើតឡើង​យ៉ាងខ្លាំង ដោយសារតែ​កត្តា​រស់នៅ​ណែនណាន់​ខ្នាន់ខ្នាប់ កង្វះ​អនាម័យ បញ្ហា​សុខភាព និង​កង្វះ​ថ្នាំ​ព្យាបាល​ជាដើម​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៤ ខែឧសភា បង់​ក្លា​ដែ​សមាន​ករណី COVID-19 សរុប​ចំនួន ១៨៨៦៣​នាក់ អ្នកស្លាប់​ចំនួន ២៨៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៣៦១​នាក់​៕  
 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com