COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​ភាព​នឹងធឹង និង​បន្ត​បួងសួង​ឲ្យ​ប្រទេស​ឆាប់​រួច​ផុតពី​វិបត្តិ​សុខភាព Covid-19
17, May 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​អំពាវនាវ​ឲ្យ​សាធារណជន​រក្សា​ការអត់ធ្មត់ និង​ស្ងប់ស្ងៀម ខណៈ​វីរុស​រាតត្បាត Covid-19 នៅតែ​បន្ត​គំរាមកំហែង និង​ឆក់យក​អាយុជីវិត​រប​ស់​ប្រជាជន​ឥណ្ឌូណេស៊ី​ទូទាំងប្រទេស​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ស្របពេល​ស្ថានភាព​នៃ​ការឆ្លង និង​រីក​រាលដាល​វីរុស Covid-19 នៅតែមាន​សភាព​ធ្ងន់ធ្ងរ ខណៈ​បណ្តា​ប្រទេស​ក្នុង​តំបន់​ភាគច្រើន បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ​នោះ​។​

 
​តាមរយៈ​កម្មវិធី​សាសនា​ជាតិ​ដែល​រៀបចំ​ដោយ​ក្រសួង​ធម្មការ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​១៤ ឧសភា កន្លងទៅ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាជនមាន​សុទិដ្ឋិនិយម និង​បង្ហាញ​ភាព​សាមគ្គី​តាមរយៈ​ការចូលរួម​ជួយសង្គ្រោះ អ្នក​ដែល​កំពុង​ត្រូវការ ក្នុងដំណាក់កាល​លំបាក​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post ។​
 
​ជា​ប្រទេស ដែលមាន​ប្រជាជន​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​ច្រើនជាងគេ​របស់​ពិភពលោក លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា ការ​បួងសួង​សុំ​សេចក្តីសុខ ក៏​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​កិច្ចប្រឹងប្រែង​ជម្នះ​វិបត្តិ​សុខភាព​មួយ​នេះ​។​
 
​ប្រមុខ​ដឹកនាំ​កំពូល​ឥណ្ឌូណេស៊ី​រូបនេះ បាន​ផ្តាំផ្ញើ​ដល់​ប្រជាជន​ចូលរួម​ប្រឈម​នឹង​បញ្ហា ជាមួយនឹង​ការអត់ធ្មត់ និង​នឹងធឹង​បំផុត​។ លោក អះអាងថា បើ​ប្រជាជន​ជ្រើស​យក​ការតក់ស្លុត នោះ​មានន័យថា ប្រជាជន​បាន​មាន​ជំងឺ​នោះ​ពាក់កណ្តាល​រួចទៅហើយ​។ ក៏ប៉ុន្តែ​បើ​ប្រជាជន​ធ្វើ​ស្មារតី​ឲ្យ​នឹងធឹង​វិញ​នោះ មានន័យថា គេ​អាចមាន​លទ្ធភាព​ជាសះស្បើយ​ពាក់កណ្តាល​រួចហើយ​ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំនួយ​សង្គម​វិញ លោក​ប្រធានាធិបតី ថ្លែងថា ការចូលរួម​ពី​សំណាក់​ប្រជាជន​ទាំងអស់គ្នា​ក្នុង​គ្រា​លំបាក​នេះ គឺជា​កម្លាំងចលករ​ដ៏​ខ្លាំងក្លា​បំផុត​មួយ ដែល​លោក ជឿជាក់ថា នឹង​អាច​ជម្នះ​វិបត្តិ​នេះ​បាន​។ លោក ក៏​នៅតែ​ទទូច​ឲ្យ​ប្រជាជន​បន្ត​អនុវត្ត​វិធានការ​ការពារ និង​ទប់ស្កាត់ ដើម្បី​ធានា​ពី​កម្រិត​ទាប​បំផុត​នៃ​ការឆ្លង​ពី​វីរុស​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ឥណ្ឌូណេស៊ី គឺជា​ប្រទេស​អាស៊ាន​មួយ​ដែលមាន​អាត្រា​ប្រជាជន​ឆ្លង​វីរុស Covid-19 ខ្ពស់​ជាងគេ​ក្នុង​តំបន់​។ គិត​ត្រឹម​ថ្ងៃ​១៤ ឧសភា នោះ ឥណ្ឌូណេស៊ី បាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​សរុប ១៥ ៤៣៨ ករណី ដែល​ក្នុងនោះ មាន​ករណី​ស្លាប់​ពាក់ព័ន្ធ​វីរុស​នេះ​សរុប​រហូតដល់ ១០២៨​ករណី​៕  

© រក្សាសិទ្ធិដោយ thmeythmey.com