COVID-19
អន្តរជាតិ
Covid-19៖ មី​យ៉ាន់​ម៉ា គ្រោង​បង្កើត​ការងារ​ក្នុង​វិស័យ​កសិកម្ម និង​សំណង់​ជួយ​ពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ​
17, May 2020 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ត្រៀម​អនុវត្ត​គោលនយោបាយ​សង្គ្រោះ​មួយ​ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម និង​ការអភិវឌ្ឍ​ការងារ​នៅតាម​ជនបទ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការគាំទ្រ​ប្រជាកសិករ ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស Covid-19​។

 
​តាមរយៈ​ក្រសួងកសិកម្ម​របស់ខ្លួន រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​១៣ ឧសភា កន្លងទៅ បាន​ប្រាស់​ផ្តល់​ការងារ​លើ​វិស័យ​កសិកម្ម និង​សំណង់ ដល់​ប្រជាជន​ដែល​បាត់បង់​ការងារ​ដោយសារតែ​វិបត្តិ​វីរុស Covid-19​។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​មួយ​នេះ ធ្វើឡើង​ក្រោម​ផែនការ​ជំនួយ​សេដ្ឋកិច្ច ដែល​បានអនុម័ត​ឡើង​ក្រោយ​មានការ​ផ្ទុះ​វីរុស Covid-19 នៅក្នុង​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Myanmar Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល តាមរយៈ​ផែនការ​សកម្មភាព​នេះ រដ្ឋាភិបាល​រំពឹងថា នឹងមិន​ត្រឹមតែ​អាចជួយ​រក​ចំណូល​ដល់​ប្រជាជន​នៅតាម​ជនបទ ដែល​បាត់បង់​ការងារ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ វា ក៏​ជួយ​ធានា​ពី​ការមិន​ថយចុះ​នៃ​ផលិតកម្ម និង​ការផ្គត់ផ្គង់​ស្រូវ​អង្ករ​មី​យ៉ាន់​ម៉ា​ទៅកាន់​ទីផ្សារ​ផងដែរ​។​
 
​ជាមួយគ្នា​ដើម្បី​ធានា​ពី​ដំណើរការ​ទៅមុខ​នៃ​គម្រោង​នេះ ក្រសួងកសិកម្ម​មី​យ៉ាន់​ម៉ា បាន​ត្រៀម​ផ្ទៃដី​សម្រាប់​ការដាំដុះ​ប្រមាណ ៤០​ម៉ឺន​នាក់ ហិកតា ដោយ​ក្នុងនោះ​រដ្ឋាភិបាល​គ្រោង​យក​ផ្ទៃដី​ពាក់កណ្តាល​សម្រាប់​ដាំ​ដុះ​យក​ស្រូវពូជ និង​ពាក់កណ្តាល​ទៀត​សម្រាប់​ផលិត​ជា​ស្រូវ​អង្ករ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​។ មូលនិធិ​អនុវត្ត​គម្រោង​នេះ មាន​ប្រភពពី​កញ្ចប់​ថវិការដ្ឋ​ផង និង​ជំនួយ​អន្តរជាតិ​ផង​។​
 
​តាមពិតទៅ ក្រោយពេល​នៃ​មាន​ករណី​ឆ្លង​វីរុស Covid-19 នៅក្នុង​ប្រទេស រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានប្រកាស​ទទួលស្គាល់​ជាមុន​ពី​ផលប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​បញ្ហា​នេះ មី​យ៉ាន់​ម៉ា ក៏​ត្រៀម​ទាំង​ថវិការដ្ឋ ក៏​ដូច​ការ​កម្ចី​ពី​ដៃគូ​បរទេស​មួយចំនួន ជាពិសេស​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ឲ្យ​ល្អប្រសើរ​ឡើងវិញ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com