COVID-19
អន្តរជាតិ
ប៉េកាំង ថា ករណី​ស្លាប់​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល​ទំនង​មកពី​បញ្ហា​សុខភាព​
18, May 2020 , 11:23 am        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំអ៊ីស្រាអែល Du Wei (Reuters)
អគ្គរដ្ឋទូតចិនប្រចាំអ៊ីស្រាអែល Du Wei (Reuters)
ដោយ:
អគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល លោក Du Wei ដែល​បានទទួល​មរណភាព​នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ទីក្រុង តែ​ល​អា​វីវ នៅ​ថ្ងៃទី​១៧ ខែឧសភា ទំនង​បណ្ដាលមកពី​បញ្ហា​សុខភាព ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស​ខ្លួន អះអាង​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។

 
​ប្រេសិត​វ័យ​៥៧​ឆ្នាំ​រូបនេះ ដែល​បាន​ផ្លាស់​ទៅកាន់​តំណែង​នេះ​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ ត្រូវបាន​រកឃើញថា​ស្លាប់​ក្នុងផ្ទះ​របស់លោក​ក្នុង​តំបន់ Herzliya ភាគ​ខាងជើង​នៃ​ទីក្រុង តែ​ល​អា​វីវ ។ អ្នកនាំពាក្យ​អគ្គស្នងការ​ប៉ូ​ស​លិ​ស​ជាតិ​អ៊ីស្រាអែល លោក Micky Rosenfeld ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​បែបនេះ​។ លោក Rosenfeld បញ្ជាក់​បន្ថែមថា មន្ត្រីប៉ូលិស​បាន​ទៅដល់​កន្លែងកើតហេតុ ក៏ប៉ុន្តែ​ប៉ូលិស ពុំបាន​រៀបចំ​ការស៊ើបអង្កេត​ក្នុងករណី​ស្លាប់​របស់លោក​អគ្គរដ្ឋទូត​ចិន Du នោះឡើយ​។ 
 
​ទាក់ទិន​នឹង​ដំណឹង​មរណភាព​នេះ ក្រសួងការបរទេស​ចិន គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​សេចក្តី​វិនិច្ឆយ​បឋម បង្ហាញថា អគ្គរដ្ឋទូត Du Wei ទទួលមរណភាព​ដោយ​មិន​នឹកស្មាន​ដល់​ដោយសារតែ​បញ្ហា​សុខភាព​។ ព័ត៌មាន​លម្អិត ត្រូវ​រង់ចាំ​ការបញ្ជាក់​បន្ថែម​ត​ទៀត​»​។ 
 
​ភរិយា​លោក Du និង​កូនប្រុស ពុំ​ស្នាក់នៅ​ប្រទេស​អ៊ីស្រាអែល​ជាមួយ​លោក​ឡើយ​។ យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​អ៊ីស្រាអែល លោក Du ធ្លាប់​កាន់តំណែង​ជា​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ុយ​ក្រែ​ន ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៩ មុនពេល​ទៅកាន់​តំណែង​នៅ​អ៊ីស្រាអែល​។ 
 
​សូមបញ្ជាក់ថា លោក​អគ្គរដ្ឋទូត​ចិន Du Wei បាន​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ ពេល​លោក​ទៅដល់​ប្រទេស​អ៊ីស្រាអែល កាលពី​ពាក់​កណ្ដាលខែ កុម្ភៈ ព្រោះតែ​ការរីក​រាលដាល COVID-19 ។ នេះ​បើតាម​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អ៊ីស្រាអែល​មួយ​ក្នុង​ខែឧសភា​នេះ​។ 
 
​អ៊ីស្រាអែល​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​សហរដ្ឋអាមេរិក និង​ចិន បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប និង​វិស័យ​ដទៃទៀត​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ទទូច​ឲ្យ​អ៊ីស្រាអែល​ដាក់​កំហិត​លើ​ការវិនិយោគ​ចិន​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ខ្លួន​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​អ៊ីស្រាអែល លោក Wang Yongjun ក្នុង​បទ​វិចារណកថា​ឲ្យ​កាសែត Jerusalem Post បាន​ច្រានចោល​ការអះអាង​នេះ ហើយ​បាន​ហៅ​កិច្ចសហប្រតិបត្តិការ​ចិន​-​អ៊ីស្រាអែល​ថា «​ស្ថានភាព​ឈ្នះ​ឈ្នះ​»៕
 
 

Tag:
 ចិន​
  អ៊ីស្រាអែល​
  Du Wei
© រក្សាសិទ្ធិដោយ thmeythmey.com