សុធីរ និងសំណាង ចាប់ផ្តើមធ្វើដំណើរទៅហាងផឹកកាហ្វេដូចពេលមុនវិញហើយ។ ប៉ុន្តែ ក្លើទាំងពីរនៅមិនសូវហ៊ានអង្គុយនៅតុដែលមានមនុស្សច្រើននៅឡើយទេ។ មិត្តភក្តិទាំងពីរនៅប្រកាន់គោលការណ៍គម្លាតសុវត្ថិភាព។ មិត្តទាំងពីរជជែកគ្នាពីប្រធានបទមួយដែលត្រូវបានគេលើកឡើងថា តើកូនខ្មែរសុទ្ធចាយវាយខ្ជះខ្ជាយ ជាងកូនកាត់ចិនមែនឬទេ។
សំណាង៖ អា សុធីរ! គេថាហ្នឹងត្រឹមត្រូវឬទេ?
សុធីរ៖ អញម៉េចនឹងដឹងថា វាត្រូវឬអត់។ អញលឺតែគេថាអ៊ីចឹងតាំងពីយូរមកហើយ។ ចាស់ៗខ្មែរនាំគ្នានិយាយតៗមកអ៊ីចឹងដែរ។
សំណាង៖ បើចាស់ៗនាំគ្នាសង្កេតឃើញអ៊ីចឹង មានន័យថា រឿងនេះវាអាចកើតឡើងអ៊ីចឹងមែនហើយ។ មែនអត់ អា សុធី?
សុធីរ៖ អញប្រាប់អ្ហែងហើយថា អញមិនដឹងទេ។ តែបើអ្ហែងសួរដដែលៗអ៊ីចឹង អញអាចធ្វើជាសាក្សីឲ្យអ្ហែងបានខ្លះ ព្រោះអញស្គាល់សង្គមខ្មែរខ្លះដែរ។ អញបញ្ជាក់អ្ហែងម្តងទៀតថា នេះគឺ គ្រាន់តែជាគំនិតអញប៉ុណ្ណោះ ហើយអញមិននិយាយករណីទូទៅទេវើយ។ កុំចោទថា អញមើលងាយកូនខ្មែរណា៎!។ ជារួម កូនខ្មែរសុទ្ធខ្លះ មិនសូវចេះរកស៊ី ហើយច្រើនតែចាយវាយខ្ជះខ្ជាយអ៊ីចឹងមែន ពោលគឺពួកគេមិនសូវមានគំនិតសន្សំសំចៃឡើយ។ ពួកគេរកបាន១០០ដុល្លារ ចាយទៅវិញ ១៥០ដុល្លារ ខុសពីកូនខ្មែរកាត់ចិនដែលរកបាន១០០ដុល្លារ ចាយទៅវិញតែ២០ដុល្លារប៉ុណ្ណោះ។
សំណាង៖ តាមពិត អ្ហែងដឹងច្រើនជុំវិញរឿងនេះ…
សុធី៖ កុំកាត់សម្តីអញ! អញប្រាប់អ្ហែងទៀតថា អញធ្លាប់លឺចាស់ៗនិយាយតៗគ្នាថា កាលពីអតីតកាល ក្នុងពេលស្រុកចិនប្រឈមនឹងបញ្ហាជាច្រើន ជនជាតិចិនមួយចំនួនបានរត់ចេញពីស្រុកកំណើតរបស់ខ្លួនដើម្បីធ្វើដំណើរឆ្ពោះមកកាន់ស្រុកខ្មែរដោយជិះកប៉ាល់ ហើយពេលនោះ ពួកគេពិសាតែក្តាមប្រៃ និងពងទាប៉ុណ្ណោះ។ ដោយសារតែប្រវត្តិនេះហើយ ទើបគេសង្កេតឃើញថា កូនចៅចិន ឬកូនខ្មែរកាត់ចិននៅកម្ពុជា ភាគច្រើន សន្សំសំចៃជាងកូនខ្មែរសុទ្ធមួយចំនួន។
សំណាង៖ ចុះឥឡូវនេះ កូនខ្មែរនៅតែបន្តចាយខ្ជះខ្ជាយទៀត ឬយ៉ាងណា?
សុធីរ៖ មែនទែនទៅ គេសង្កេតឃើញថា កូនខ្មែរសុទ្ធមួយចំនួននាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមចេះសន្សំសំចៃហើយ លែងចាយវាយខ្ជះខ្ជាយទៀតហើយ លែងដើរផឹកស៊ីរាល់ថ្ងៃទៀតហើយ។ ពួកគេចេះចងការពីធនាគារទិញផ្ទះ ទិញសម្ភារប្រើប្រាស់។ល។ ពួកគេផ្លាស់ប្តូរការគិតច្រើនហើយ អា សំណាង!។
សំណាង៖ ចុះកូនចៅចិននៅខ្មែរវិញ ពួកគេនៅសន្សំសំចៃដដែល ឬក៏ផ្ទុយទៅវិញ ពួកគេចាប់ផ្តើមចាយខ្ជះខ្ជាយម្តងវិញ?
សុធីរ៖ តាមការសង្កេតរបស់អញ កូនចៅចិននៅខ្មែរ នៅតែចាយវាយមានរបៀបដដែល មានន័យថា ពួកគេនៅតែចាយវាយសន្សំសំចៃដដែល។ លើសពីនេះទៅទៀត ពួកគេ(កូនចៅចិន)ឈានចូលដំណាក់កាលថ្មីមួយទៀត គឺការបោះទុនវិនិយោគ។ សរុបឲ្យខ្លីមកវិញ កូនចៅចិននៅខ្មែរ ចេញពីគំនិតសន្សំសំចៃ មកបង្កើតគំនិតវិនិយោគ រីឯ កូចខ្មែរសុទ្ធសាធមួយចំនួន ទើបចេញពីគំនិតចាយខ្ជះខ្ជាយ មកបង្កើតគំនិតសន្សំសំចៃ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានដែរកូនខ្មែរសុទ្ធ តែឆ្លាត ពូកែរកស៊ី ពូកែធ្វើការងាររដ្ឋ។ល។ អញសុំបញ្ជាក់អ្ហែងម្តងទៀតថា នេះ គឺគ្រាន់តែជាមតិ និងគំនិតអញ បូកនឹងព័ត៌មានពីចាស់ៗខ្លះតែប៉ុណ្ណោះ។ អ្វីដែលអញនិយាយ មិនមែនចេញមកពីទិន្នន័យស្រាវជ្រាវទេវើយ៕