ពីនេះ ពីនោះ
កសិផល​ដាំ​ដោយ​ខ្លួនឯង​, ពេល​អត់​ទីផ្សារ បន្ទោស​រដ្ឋាភិបាល​… ត្រឹមត្រូវ​១០០% ប៉ុន្តែ​…!
10, Jun 2020 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿង​កូ​វីដ​-១៩​បាន​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​របស់​ក្លើ សុធីរ និង​សំណាង បន្តិច​ម្តងៗ​ហើយ​។ នៅពេលនេះ មិត្តភក្តិ​ទាំងពីរ​បាន​លើកយក​ប្រធានបទ​សង្គម​ផ្សេងៗ​មក​ជជែក​វិញ​ម្តង​។ នៅថ្ងៃនេះ ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ គឺជា​រឿង​ស្នូល​នៅក្នុង​ការពិភាក្សា​របស់ សុធីរ និង​សំណាង​។

 

 
​សំណាង​៖ អា សុធីរ​! អ្នកជំនួញ​កសិកម្ម និង​កសិករ​ដាំ​បាន​ផល តែ​គ្មាន​ទីផ្សារ​។ កសិករ​ខ្លះ ដាំ​ហើយ យំ​មិន​ចេញ​តែម្តង ព្រោះ​អត់​អ្នកទិញ​។ រដ្ឋាភិបាល​គ្មាន​ជួយ​អី​បានទេ​។ មិន​ដូច​ស្រុក​គេ​ទេ​!​។​ល​។ ពិបាក​ណាស់​លោក​ព្រះ​! តើ​គេ​បន្ទោស​រដ្ឋាភិបាល​ត្រឹមត្រូវ​អត់ អា សុធីរ​? 
 
​សុធីរ​៖ អើ​! គេ​បន្ទោស​ហ្នឹង​មាន​ខុស​ណា៎ ព្រោះ រដ្ឋាភិបាល គឺជា​ម៉ែ ជា​ឪ​។ ជាធម្មតា ជា​ម៉ែ ជា​ឪ ត្រូវ​ជួយ​កសិករ ឬ​អ្នកជំនួញ​កសិកម្ម​ដែលជា​កូន ជា​ចៅ​។ បើតាម​អញ​ដឹង កន្លងមក រដ្ឋាភិបាល​បាន​ជួយ​រក​ទីផ្សារ​ខ្លះ​ដែរ តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​ទាំងអស់គ្នា​ទេ​។ គេ​អាច​បន្ទោស​រដ្ឋាភិបាល​បាន​ពេញទំហឹង ប្រសិនបើ​ផលិតផល​គ្មាន​ទីផ្សារ​។ ប៉ុន្តែ ពេលខ្លះ អ្នក​ដាំ​ខ្លួនឯង​គួរ​តោង​យល់ និង​គិត​ដែរ មុននឹង​បោះទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ​។ 
 
​សំណាង​៖ ចុ​ម អា​សុធីរ​! អ្ហែង​ចង់​បន្ទោស​កសិករ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ទៅវិញ​មែន​ទេ​? 
 
​សុធីរ​៖ ទេ​! អញ​មិន​ចង់​បន្ទោស​កសិករ ឬ​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ទេ​។ ដូច​អញ​បាន​និយាយ​ខាងលើ​ហើយ​តើ​ថា រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ​មួយផ្នែក​លើ​បញ្ហា​ខ្វះ​ទីផ្សារ​កសិផល​ហ្នឹង​។ ប៉ុន្តែ​កសិករ និង​អ្នកវិនិយោគ​ក្នុង​វិស័យនេះ គួរ​ធ្វើ​កិច្ចការ​មួយចំនួន​ដោយ​ខ្លួនឯង​មុននឹង​បោះទុន​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ​។ 
 
​សំណាង​៖ ធ្វើ​កិច្ចការ​អី​ទៅ អា សុធីរ​! អ្ហែង​និយាយ​ឲ្យ​ច្បាស់​បន្តិច​មក​អ្ហា​! 
 
​សុធី​៖ ជា​យោបល់​អញ​ទេ​ណា៎​! ហើយ​កសិករ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កុំ​ខឹង​នឹង​អញ​ឲ្យ​សោះ​ណា៎​! 
​សំណាង​៖ លោក​ព្រះ​! និយាយ​មក​! 
 
​សុធីរ​៖ មែនទែនទៅ ពេល​ខ្វះ​ទីផ្សារ​កសិផល រដ្ឋាភិបាល​គួរតែ​ត្រូវបាន​គេ​ស្តីបន្ទោស​ហើយ​។ គេ​ស្តីបន្ទោស​ហ្នឹង មិន​ខុស​ទេ​។ តែ​កសិករ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ ក៏មាន​កំហុស​ខ្លះ​ដែរ​។ តើ​មាន​កំហុស​អ្វីខ្លះ​? កំហុស​របស់​ពួកគេ មានដូចជា​៖ ដាំ​ដំណាំ​ដូចៗ​គ្នា និង​ដាំ​តាម​គ្នា​ក្នុងពេល​តែមួយ​, ដាំ​គ្មាន​បច្ចេកទេស​បទដ្ឋាន​ត្រឹមត្រូវ​, ដាំ​តាមចិត្ត​ចង់​មិនបាន​សិក្សា​ទីផ្សារ​ត្រឹមត្រូវ​។​ល​។ ហើយ​កំហុស​មួយទៀត​របស់​កសិករ ឬ​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ គឺ អ្នកខ្លះ បោះទុន​វិនិយោគ​ក្នុង​វិស័យនេះ ដោយ​ភ្លេច​គិតថា វា​ជាការ​វិនិយោគ​ទំហំ​ធំ រយៈពេល​យូរ ពិបាក​រក ឬ​គ្រប់គ្រង​ធនធានមនុស្ស​។​ល​។ វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ មិនមែន​ដូចជា ធ្វើ​ជំនួញ​ពាណិជ្ជកម្ម ទិញ​ចូល​ភ្លាម លក់​ចេញ​វិញ​ភ្លាម​នោះទេ​។ 
 
​សំណាង​៖ អ៊ីចឹង មានន័យថា កសិករ​ក្តី ឬ​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ត្រូវ​ចេះ​គិត​ដោយ​ខ្លួនឯង​ដែរ​? 
 
​សុធីរ​៖ ពួកគេ​អាច​ពឹង​លើ​រដ្ឋាភិបាល​បាន​មួយផ្នែក​ដែរ ដូចជា ការរក​ទីផ្សារ​។ ប៉ុន្តែ ពួកគេ​ខ្លួនឯង មុននឹង​បោះទុន​វិនិយោគ គួរ​សិក្សា​ទីផ្សារ ឬ​ត្រូវ​ចេះ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​កសិកម្ម​ខ្លះ​ផង​។ កុំ​ចេះតែ​ធ្វើតាម​គេ​តាម​ឯង ដោយ​គ្មាន​ការពិចារណា​នោះ​។ នៅក្នុង​ប្រទេស​ជឿនលឿន អ្នករកស៊ី ឬ​អ្នកជំនួញ មុននឹង​បោះទុន ពួកគេ​តែងតែ​សិក្សារ​ទីផ្សារ​ជាមុនសិន​។ ដូច្នេះ កសិករ ឬ​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា គួរ​សិក្សា​ទីផ្សារ​ជាមុនសិន​ដើម្បី​ចៀសវាង ការ​ចាល់​ទំនិញ​ផលិតផល​កសិកម្ម ដូចជា ការ​ចាល់​លក់​មិន​ចេញ​ផ្លែស្វាយ​នៅ​ឆ្នាំនេះ​ជាដើម​។ ជាថ្មី​ម្តងទៀត គេ​ពិតជា​អាច​ស្តីបន្ទោស​រដ្ឋាភិបាល​បាន​ហើយ ប៉ុន្តែ​ពេលខ្លះ អ្នកជំនួញ​ខ្លួនឯង គួរ​គិត​ដោយ​ខ្លួនឯង​ផង​បាទ​។ កុំ​រកស៊ី​បាន ស្ងាត់​ឲ្យ​ឈឹង ពេល​រកស៊ី​ខាត ស្រែក​ឲ្យ​គេឯង​ជួយ​!៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com