បទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» មិនទាន់ត្រូវបានចេញផ្សាយជាចម្រៀងពេញ (Full MV) នោះឡើយ ប៉ុន្តែឃ្លីបឈុតសន្ទនាដំបូងមុនឈានចូលដល់ការបកស្រាយបទចម្រៀង បានបង្កឲ្យមានរលករិះគន់ពេញបណ្តាញសង្គម ជាពិសេសអ្នកដែលមានដើមកំណើតនៅខេត្តព្រៃវែង រួមទាំងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង ផងដែរ។ លោក សយ រតនា អ្នកចម្រៀង និងជាអ្នកនិពន្ធដែលមានកំណើតនៅខេត្តព្រៃវែងដែរនោះ អះអាងថា ខ្លួនគ្មានចេតនាអ្វីទាល់តែសោះ ក្នុងការបន្តុះបង្អាប់ខេត្តខ្លួន តែជាគោលបំណងទប់ស្កាត់ការរើសអើង។
ឃ្លីបសន្ទនា [Special Clip] បង្ហោះកាលពីថ្ងៃទី២ ខែកក្កដា ដែលមានរយៈពេលជិត៣នាទី បានបង្ហាញពីការខឹងសម្បារបស់ស្ត្រីម្នាក់នៅពេលដែលគាត់ដឹងថា គ្រួសារយុវជនដែលទៅចូលចែចូវកូនស្រីខ្លួន ជាអ្នកខេត្តព្រៃវែង។ តួម្តាយបានស្រែកជេដៀលខ្លាំងៗទៅឪពុក និងយុវជន ដោយថា អ្នកព្រៃវែងជាពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងក្រៗ។
អ្នកមើលឃ្លីបវីដេអូទំនងជាខឹងខ្លាំងបន្ថែមនោះ គឺសំដីតបតរបស់ឪពុកយុវជន ដែលបានទទួលស្គាល់ថា អ្នកព្រៃវែងជាមានប្រវត្តិមិនល្អដូចជាការលើកឡើង។ តួអង្គឪពុកបានអះអាងថា៖«ពីមុនជាអតីតកាលទេ តែឥលូវមិនមែនអ៊ីចឹងទេណាអ្នក! ឥលូវសុទ្ធតែជាមនុស្សល្អទាំងអស់»។
ស្ត្រីដែលជាតួម្តាយ និងជាម្ចាស់ផ្ទះ នៅតែបន្តបានដេញយុវជន និងឪពុករបស់គេចេញពីផ្ទះ ដោយអះអាងថា ខ្លួនប្រកាន់ខ្ជាប់ ដោយមិនអាចមើលឃើញអ្នកព្រៃវែងជាមនុស្សល្អនោះឡើយ។
ហេតុអ្វីបានជាស្អប់អ្នកព្រៃវែងបែបនេះ? បទចម្រៀងដែលច្រៀង និងនិពន្ធទំនុកច្រៀងដោយលោក សយ រតនា នៃផលិតកម្មក្នុងស្រុកមួយ បានអះអាងថា Full Movie នឹងមកដល់ឆាប់ៗខាងមុខ។ ប៉ុន្តែមិនដឹងមានការប្រែប្រួលបែបណានោះឡើយ ក្រោយប្រតិកម្មជាបន្តបន្ទាប់។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានសរសេរនោះលើហ្វេសប៊ុកខ្លួនថា៖ «មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ខ្លឹមសារនេះមានចរិតរើសអើង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន»។
អតីតអ្នកតំណាងរាស្ត្រខេត្តព្រៃវែងរូបនេះ បានស្នើទៅ អ្នកគ្រប់គ្រងការផលិត អ្នកដឹកនាំសម្ដែង ផលិតករ អ្នកនិពន្ធ គួរពិចារឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូល មុននឹងផលិតចេញជាសាធារណៈ។
លោក ស សុខា បានបន្ថែមថា ទោះជាមានអ្នកព្រៃវែងមានចំណុចអវិជ្ជមានខ្លះ តែនោះជាឥរិយាបថបុគ្គល ហេីយមិនមែនតែអ្នកព្រៃវែង និងមិនមែនមានតែស្រុកខ្មែរដែរ។ «សូមកុំយកទស្សនៈ ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់មកអនុវត្ត»។
លោក ផែង វណ្ណៈ បុគ្គលដែលល្បីឈ្មោះម្នាក់នៅក្នុងបណ្តាញសង្គម និងជាអ្នកខេត្តព្រៃវែងផងដែរនោះ ក៏បានទាមទារឲ្យមានការសុំទោសអ្នកព្រៃវែងជាបន្ទាន់។ លោកបានសរសេរថា៖ «សូមប្រឆាំងដាច់ខាត ចំពោះអ្នកន ពន្ធថោកទាបដែលមេីលងាយអ្នកព្រៃវែង ដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សអាក្រក់ សុទ្ធតែចោរលួច ចោរប្លន់ អ្នកសុំទាន»។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក សយ រតនា អ្នកនិពន្ធនិងជាអ្នកច្រៀងបទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» អះអាងថា លោកពិតជាបានដឹងឮពីប្រតិកម្មរបស់មហាជនក្រោយការចេញផ្សាយ Special Clip។ លោកបានបញ្ជាក់ថា លោកគ្មានបំណងតិះដៀលអ្នកព្រៃវែងឡើយ ពីព្រោះលោកក៏ជាអ្នកព្រៃវែងផងដែរ។
លោកបានអះអាងដូច្នេះថា៖ « ខ្ញុំអ្នកនៅខេត្តព្រៃវែង មិនមានហេតុផលណា ដែលខ្ញុំត្រូវសរសេរដៀមដាម ខេត្តខ្លួនឯងនោះទេ មានតែទប់ស្កាត់កុំឱ្យមានការរើសអើង។ ហើយតួស្រីពាក់អាវពណ៌ខៀវហ្នឹង គឺគាត់តំណាងឱ្យអ្នកធ្លាប់ដៀលអ្នកព្រៃវែង ប៉ុន្តែនេះគ្រាន់ជាឈុតពិសេសនៅក្នុង MV មិនមែនជាFull MV នោះទេ អីចឹងសាច់រឿងគឺនៅមានវែងឆ្ងាយទៀត ។ យើងមើលមួយជ្រុងហ្នឹង មិនអាចវាយតម្លៃថាយ៉ាងម៉េចនោះទេ»។
អ្នកនិពន្ធបទមាន់ស្រែរូបនេះ ក៏បានអះអាងថា នៅចុងបញ្ចប់ក្នុងវីដេអូពេញបទចម្រៀងនេះ រូបលោកក៏ឈុតបកស្រាយអំពីអត្ថន័យនៃបទចម្រៀងនេះដែរពោលគឺក្នុងន័យទប់ស្កាត់ការរើសអើងអ្នកព្រៃវែង។ បទចម្រៀងពេញ ក៏ត្រូវបង្ហោះផងដែរនៅថ្ងៃអាទិត្យនេះ៕