COVID-19
អន្តរជាតិ
វៀតណាម ជម្លៀស​មនុស្ស​៨​ម៉ឺន​នាក់​ចេញពី​ក្រុង​ដា​ណា​ង ដោយ​បារម្ភ​ការ​រាលដាល COVID-19
27, Jul 2020 , 4:28 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ការ COVID-19  ដឹកនាំកិច្ចប្រជុំស្តីពី COVID-19 នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០។ រូបភាព៖ VGP
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ការ COVID-19 ដឹកនាំកិច្ចប្រជុំស្តីពី COVID-19 នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០។ រូបភាព៖ VGP
​វៀតណាម នឹង​ជម្លៀស​មនុស្ស​ប្រមាណ​៨​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ក្នុងស្រុក​ចេញពី​ទីក្រុង​ដា​ណា​ង​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​២៧ ខែកក្កដា​។ ការជម្លៀស​ប្រជាជន ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ទេសចរណ៍​មួយ​នេះ បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​នៅ​ចុង​សប្ដាហ៍​កន្លងទៅ​។



​រដ្ឋាភិបាល បានសម្រេច​ជម្លៀស​ភ្ញៀវទេសចរ​ប្រមាណ ៨​ម៉ឺន​នាក់​ចេញពី​ក្រុង​ដា​ណា​ង បន្ទាប់ពី​រកឃើញ​ករ​ណី​COVID-19 ថ្មី​ចំនួន ៣​ករណី និង​តំបន់​ក្បែរ​នោះ ១​ករណី​។ តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្ងៃទី​២៩ ខែ​ក​ក្ការ រដ្ឋាភិបាល​វៀតណាម​ប្រកាស ការជម្លៀស​នេះ ត្រូវបាន​ប្រើពេល ៤​ថ្ងៃ ដោយមាន​ជើងហោះហើរ​ដឹកជញ្ជូន​ចំនួន​១០០​ជើង​ក្នុង​មួយថ្ងៃ​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ វៀតណាម​នឹង​ជម្លៀស​ភ្ញៀវទេសចរ​ទៅកាន់​ក្រុង ១១​ផ្សេងទៀត​។ 
 
​ការជម្លៀស​នេះ ធ្វើឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស នៅក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។​
 
​នៅក្នុង​ថ្ងៃ​ដដែល​នេះ រដ្ឋាភិបាល​វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត​ពា​ក់​ព័ន្ធ​ការស៊ើបអង្កេត​ករណី​ឆ្លង​ថ្មី​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ថ្មី​នេះ ការស៊ើបអង្កេត​លើ​ការឆ្លង​ជាបឋម បាន​បង្ហាញថា ករណី​ឆ្លង​ក្នុងស្រុក​ទាំង​៤​របស់​វៀតណាម គឺមាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន ៣​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ រដ្ឋមន្ត្រី​ស្ដីទី​សុខាភិបាល លោក Nguyen Thanh Long បាន​អះអាងថា តាម​ការវិភាគ​លើ​ហ្សែ​ន COVID-19 នេះ គឺជា​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ដែល​ឆ្លង​ខ្លាំង​ជាង​មុន​។ 
 
​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​វៀត​ណា​ម នឹង​បញ្ជូន​អ្នកជំនាញ​មកជួយ​ទប់ស្កាត់​ការ​រាតត្បាត និង​ស្វែងរក​ប្រភព​ចម្លង​ឲ្យ​កាន់តែ​ឆាប់​បំផុត​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​វៀតណាម ដែល​ទើបតែ​ត្រលប់​មកពី​ដា​ណា​ង​ដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​ផងដែរ​។ 
 
​បន្ទាប់ពី​ស្ងាត់​រយៈពេល ៩៩​ថ្ងៃ វៀតណាម បាន​រាយការណ៍​ករណី​ឆ្លង​ក្នុងស្រុក​ថ្មី​មួយ​នៅ​ថ្ងៃទី​២៥ ខែកក្កដា និង​បី​ទៀត​នៅ​ថ្ងៃទី​២៦ ខែកក្កដា​។ ទាក់ទិន​នឹង​បញ្ហា​នេះ អាជ្ញាធរ បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​មួយចំនួន ដូចជា​ព្រឹត្តិការណ៍​កីឡា សាសនា​ជាដើម​។ ចំណែក​ភ្ញៀវទេសចរ ក៏ត្រូវ​ហាម​មិន​ឲ្យ​ចូល​ក្រុង​នេះដែរ​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា វៀតណាម​មាន​ករណី COVID-19 សរុប​ចំនួន ៤២០​ករណី និង​មិនមាន​ករណី​ស្លាប់​ឡើយ​។ ចំណែក​ករណី​ជាសះស្បើយ​នៅ​វៀតណាម​មាន​ចំនួន ៣៦៥​នាក់​៕

Tag:
 វៀតណាម​
  ដា​ណា​ង
© រក្សាសិទ្ធិដោយ thmeythmey.com