COVID-19
ជាតិ
«​ខ្ញុំ​បារម្ភ​ពលរដ្ឋ​ខ្ញុំ​ឆ្លង​កូ​វីដ​-១៩», ចៅសង្កាត់​សិត្បូ​ការពារ​របាយការណ៍​ខ្លួន​
10, Aug 2020 , 6:08 pm        
រូបភាព
​លោក អ៊ំ ឡេង ​ចៅសង្កាត់​សិត្បូ ​អះអាង លោក​​បាន​ចុះសាកសួរ​ពលរដ្ឋ​ផ្ទាល់ទាក់ទងនឹងរបាយការណ៍ស្ត្រីដែលកើតកូវីដ-១៩
​លោក អ៊ំ ឡេង ​ចៅសង្កាត់​សិត្បូ ​អះអាង លោក​​បាន​ចុះសាកសួរ​ពលរដ្ឋ​ផ្ទាល់ទាក់ទងនឹងរបាយការណ៍ស្ត្រីដែលកើតកូវីដ-១៩
ថ្វី​ដ្បិត​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ច្រានចោល​នូវ​ការលើកឡើង​របស់លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ថា មុននឹង​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​កម្ពុជា​ធ្វើតេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នោះ បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្ហាន់​ទៅ​វត្ត​នោះ​ក៏ដោយ ក៏​ចៅសង្កាត់​រូបនេះ បង្ហាញ​ជំហរ​ថា​ខ្លួន​បានធ្វើ​ត្រឹមត្រូវ និង​បំពេញ​តួនាទី​ជា​អាណាព្យាបាល​របស់​ពលរ​ដ្ឋ​ក្នុង​សង្កាត់​របស់ខ្លួន​។



អត្ថបទទាក់ទង


​រសៀល​ថ្ងៃទី​១០​សីហា មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល ឆ្លើយតប​នឹង​ការលើកឡើង​របស់​ចៅសង្កាត់​សិត្បូ ថា មុននឹង​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​កម្ពុជា​ធ្វើតេស្ត​រកឃើញ​ជំងឺ​កូ​វីដ​-១៩​នោះ បានធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ ចែក​ប្រាក់​ដល់​ក្មេងៗ ព្រមទាំង​បានធ្វើ​ចង្ហាន់​ទៅ​វត្ត​នោះ គឺ​វាជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ លើសពីនេះទៅទៀត គឺ​គ្មាន​ប្រភព​ច្បាស់លាស់ ខុសពី​ការចុះ​ធ្វើ​អង្កេត តាមដាន ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​អនុវត្ត តាម​បច្ចេកទេស និង​តាម​វិធាន​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នេះ​។

មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្រោយពី​អ្នកជំងឺ​ខាងលើ មាន​លទ្ធផល​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩  ខ្លួន​បាន​ចុះ​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ដល់​សមាជិក​ក្រុមគ្រួសារ​អ្ន​ជំងឺ ដែល​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ចំនួន​៩​នាក់ កាលពី​ថ្ងៃទី​៩​សីហា ដោយ​លទ្ធផល​បង្ហាញ​អវិជ្ជមាន​។ សព្វថ្ងៃ​សមាជិកគ្រួសារ​របស់​ស្ត្រី​ទ័ព​មួក​ខៀវ ទាំង​​ ៩នាក់​នោះ គឺ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅក្រុង​តាខ្មៅ ដើម្បី​បន្ត​ការពិនិត្យ​អង្កេត តាមដាន និង​ព្យាបាល​។ បច្ចុប្បន្ន​មន្ត្រី​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ  អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ ដើម្បី​ស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ដោយ​ប្រយោល បន្ថែមទៀត​។​

​ប៉ុន្តែ​លោក​ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល រូបនេះ  បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​បាន​ចុះសាកសួរ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់​ដែល​បានឃើញ និង​បាន​ទៅ​វត្ត​ជាមួយ​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះ​។

«​ខ្ញុំ​បារម្ភ​ពលរដ្ឋ​ខ្ញុំ​ឆ្លង​ជំងឺ​នេះ​[​កូ​វីដ​-១៩]»​។ នេះ​ជាការ​លើកឡើង​របស់ លោក​ចៅសង្កាត់​សិត្បូ អ៊ុំ ឡេង ដែល​បាន​សរសេរ​លិខិត​ផ្ញើជូន​អភិបាលក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​១០​សីហា​។ ចៅសង្កាត់​សិត្បូ​រូបនេះ បាន​បន្តថា លោក ស្វាគមន៍​ឱ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ ដើម្បី​បញ្ជាក់​ការពិត​។

​សូមជម្រាបថា ស្ត្រី​ខ្មែរ​វ័យ​២៧​ឆ្នាំ​ជា​ក្រុម​មួក​ខៀវ​កម្ពុជា​រូបនេះ គឺ​បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០២០​។ ក្រោយ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​និង​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​ធ្វើតេស្តរ​កកូ​វីដ​-១៩ ចំនួន​៣​ដង​លទ្ធផល​បង្ហាញ​អវិជ្ជមាន ក៏​អនុញ្ញាតឱ្យ​ស្ត្រី​រូបនោះ មក​លំនៅដ្ឋាន​ក្នុងភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃទី​៣០​កក្កដា​។ ក្រោយមក​ផ្ទះ​បាន​មួយ​សប្តាហ៍​ស្ត្រី​រូបនេះ ត្រូវបាន​ក្រសួង​ប្រកាស​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៥ បានចេញ​លទ្ធ​ផលវិជ្ជមាន​កាលពី​ថ្ងៃទី​៨​សីហា ឆ្នាំ​២០២០៕




© រក្សាសិទ្ធិដោយ thmeythmey.com