អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចចរចា​សន្តិភាពរ​វាង​កូ​សូ​វ៉ូ​និង​ស៊ែ​ប៊ី​នៅ​វ៉ាស៊ីនតោន​លើក​ពេល​ទៅ​ដើមខែ​កញ្ញា​វិញ​
15, Aug 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតី​ កូសូវ៉ូ លោក Hashim Thaçi
ប្រធានាធិបតី​ កូសូវ៉ូ លោក Hashim Thaçi
ដោយ: VOA
 
​ប្រទេស​ស៊ែ​ប៊ី​និង​កូ​សូ​វ៉ូ រំពឹងថា​នឹងធ្វើ​ការចរចា​សន្តិភាព​នៅ​សេត​វិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២​ខែកញ្ញា​ខាងមុខ​។ នេះ​បើ​យោងតាម​ការប្រកាស​តាម​សារ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍ របស់លោក Richard Grenell ប្រេសិត​ពិ​សេ​សេ​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ច​ការចរចា​សន្តិភាព​រវាង​ប្រទេស​មាន​ជម្លោះ​នៅ​ទ្វីបអឺរ៉ុប​ទាំងពីរ​នេះ​។​

​លោក Grenell មិនបាន​បញ្ជាក់​សេចក្តីលម្អិត​អ្វី​បន្ថែមទៀត​ទេ​។​
 
​នៅ​រដ្ឋធានី Pristina របស់​កូ​សូ​វ៉ូ លោក​ប្រធានាធិបតី Hashim Thaçi ក៏បាន​ចូលទៅ Twitter ដើម្បី​ស្វាគមន៍​ការប្រកាស​នេះ ដោយ​លោក​បញ្ជាក់ថា «​យើង​ដឹងគុណ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​សន្តិភាព​និង​ស្ថេរភាព​នៅក្នុង​តំបន់​»​។​
 
​ដែនដី​កូ​សូ​វ៉ូ​ដែលមាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​អាល់​បា​នី បានប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ែ​ប៊ី​កាលពី​ឆ្នាំ​២០០៨ ក្រោយ​សង្គ្រាម​ជាតិ​សាសន៍​ជាច្រើន​ឆ្នាំ​។ មកទល់នឹង​ពេលនេះ​ស៊ែ​ប៊ី​មិន​ទទួលស្គាល់​កូ​សូ​វ៉ូ​ជា​រដ្ឋ​ឯករាជ្យ​នោះទេ​។​
 
​ការចរចា​នៅ​សេត​វិមាន​ដំបូង​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ប៉ុន្តែ​ត្រូវបាន​ពន្យារ​វិញ​ដោយសារ​ប្រធានាធិបតី​កូ​សូ​វ៉ូ​លោក Thaci ត្រូវបាន​តុលាការ​ក្រុងឡាអេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com