អន្តរជាតិ
​បច្ចេកវិទ្យា
ខួប​៧​ឆ្នាំ​៖ Telegram ដាក់​ឲ្យ​ប្រើ​មុខងារ Video Call ទាំង​លើ Android និង IOS
16, Aug 2020 , 10:40 am        
រូបភាព
ដោយ:
​កម្មវិធី​ផ្ញើ​សា​រលើ​ទូរ​សព្ទ Telegram បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ ប្រព័ន្ធ​វីដេអូ​សន្ទនា​មួយ​ទល់​មួយ (One-on-one video Call) ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង IOS ។ ក្រុមហ៊ុន​នេះ បានប្រកាស​បែបនេះ ដោយ​អះអាងថា ឆ្នាំ​២០២០​នេះ​បង្ហាញ​ពី​តម្រូវការ​ការប្រាស្រ័យ​ទាក់ទង​មើលមុខ​គ្នា (Face-to-face)​។ 

​ក្នុងការ​បង្ហោះ​ដើម្បី​សាទរ​ខួប​៧​ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែសីហា Telegram បាន​ពិពណ៌នា​ពី​ដំណើរការ​សម្រាប់​ចាប់ផ្ដើម  Video Call ដោយ​ការ​ចុច​លើ​រូបភាព (Profile) របស់​បុគ្គល​ដែល​អ្នក​ចង់​ទាក់ទង​ទៅ​។ អ្នកប្រើប្រាស់ អាច​បិទ ឬ​បើក​វីដេអូ​គ្រប់ពេល​អំឡុងពេល​សន្ទនា​។​
 
​ខណៈ​មុខងារ​ថ្មី​នេះ​នៅមានកម្រិត ក្នុង​ខែមេសា​កន្លងទៅ Telegram បានប្រកាសថា​ខ្លួន​នឹងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​វីដេអូ​សន្ទនា​ជា​ក្រុម (Group Video Call) នាពេល​ក្រោយ​ក្នុង​ឆ្នាំ​២០២០​នេះ ហើយក៏​សន្យា​ពង្រឹងគុណភាព​វា​ជា​បន្តបន្ទាប់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កម្មវិធី Telegram ត្រូវ​បានដាក់​ដំណើរការ​ដំបូង ក្នុង​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៣ ដោយ​សហគ្រិន​បងប្អូន​ប្រុស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ ឈ្មោះថា Nikolai និង Pavel Durov ។ ក្នុង​ខែមេសា Telegram បានប្រកាសថា ខ្លួន​មាន​អ្នកប្រើប្រាស់​សកម្ម​រហូត​ដល់​៤០០​លាន​នាក់​ប្រចាំខែ​៕ 

 

© រក្សាសិទ្ធិដោយ thmeythmey.com