អន្តរជាតិ
ភ្លើង​ឆេះ​បណ្ដាលមកពី​រន្ទះបាញ់ បង្ខំ​ឲ្យ​ប្រជាជន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភៀសខ្លួន​
21, Aug 2020 , 3:44 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី ២០ សីហា ភ្លើង​ឆេះ​បណ្តាលមកពី​រន្ទះបាញ់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។ ភ្លើង​ឆេះ​នេះ បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់ San Francisco Bay Area ដែលជា​តំបន់​មាន​មនុស្ស​រស់នៅ​យ៉ាងច្រើន​កុះករ​។​

 
​រដ្ឋ​កាលីហ្វ័រ​ញ៉ា កំពុង​ទទួលរង​ព្យុះ​រន្ទះ​យ៉ាង​អាក្រក់​បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ គិត​ត្រឹម​សប្តាហ៍​នេះ រន្ទះបាញ់​បានកើត​ឡើង​ចំនួន​១​សែន​១​ម៉ឺន​ដង ដែល​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ចំនួន​៣៧០ កន្លែង​។ យោងតាម​អាជ្ញាធរ ភ្លើង​ឆេះ​ព្រៃ​បាន​បំពុល​ខ្យល់ ក៏ដូចជា​ដាក់បន្ទុក​ដល់​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​នៅ​ខាងត្បូង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បណ្តុំ​នៃ​ភ្លើង​ឆេះ​បង្កដោយ​ព្យុះ​រន្ទះ បាន​បង្ខំ​ឲ្យ​មនុស្ស​២​ម៉ឹ​ន​២​ពាន់​នាក់​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន និង​សំណង់​ចំនួន​២០​ផ្សេងទៀត​។ រីឯ​សាកលវិទ្យាល័យ California Santa Cruz បាន​អំពាវនាវ​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​ជម្លៀស​ខ្លួន​ចេញពី​បរិវេណ​សាកលវិទ្យាល័យ​ផងដែរ​។ នៅឯ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​វិញ ភ្លើង​ឆេះ​ព្រៃ​មាននៅ​៩​កន្លែង ហើយ​បំផ្លាញ​ផ្ទះ​ចំនួន​១០៥​ខ្នង​។​
 
​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាលមកពី​រន្ទះ​នេះ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា LNU Complex Fire បាន​ពង្រីក​ទំហំ​ដល់​ទៅ ៥​ម៉ឺន​៣​ពាន់ ហិកតា ដែលមាន​ទំហំ​១០​ដង​ធំ​ជាង​កោះ Manhattan នៅ​ទីក្រុង​ញ៉ូ​វយ​ក​។ ចំណែកឯ​ភ្លើង​ឆេះ​ព្រៃ ២០​កន្លែង​ទៀត​បាន​ពង្រីក​ខ្លួន​មួយ​ទ្វេ​ជា​៣ ដោយ​គ្របដណ្តប់​ផ្ទៃដី​៥​ម៉ឺន​៦​ពាន់​ហិកតា​ឯណោះ​។​
 
​អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​បន្ត​ឆេះ​កាន់តែ​យូរ និង​ខ្លាំង​ជាង​មុន​។ កត្តា​នេះហើយ​ដែល​បណ្តាល​ឲ្យ​រដ្ឋ​នេះ​ជួប​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ជាច្រើន​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​។​
​ក្រៅតែពី​បំផ្លាញ​ផ្ទះសម្បែង និង​អាគារ ដោយសារ​អណ្តាតភ្លើង សមាគម​សួត​អាមេរិក​វិញ បាន​ព្រមាន​ថា ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ នឹងធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺ COVID-19 កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​។ អ្នកនាំពាក្យ​សមាគម​នេះ អះអាងថា ការ​ស្រូបយក​ផ្សែង និង​ធូលី នឹងធ្វើ​ឲ្យ​សួត​អ្នកមាន​ជំងឺ COVID-19 ចុះខ្សោយ ហើយ​អ្នក​ដែលមាន​សុខភាព​ល្អ នឹងមាន​បញ្ហា​ប្រព័ន្ធ​ការពារ​។​
 
​ក្នុងការ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​នេះ  អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា លោក Garvin Newsom បានស្នើរ​រក​អ្នក​ពន្លត់អគ្គីភ័យ​៣៧៥​នាក់​បន្ថែម​ពីរ​ដ្ឋ​ផ្សេងទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com