COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
តើ PSG ឬ Bayern ដែលក្លាយជាម្ចាស់ពាន Champions League នាយប់នេះ?
23, Aug 2020 , 9:29 pm        
រូបភាព
PSG និង Bayern ត្រូវប្រជែងពាននៅ​វេលាម៉ោង២យប់នេះ។ រូបថត UEFA
PSG និង Bayern ត្រូវប្រជែងពាននៅ​វេលាម៉ោង២យប់នេះ។ រូបថត UEFA
ដោយ: ថ្មីៗ
Paris Saint-Germain និង Bayern Munich ត្រូវតទល់គ្នាដណ្តើមពាន UEFA Champions League នាវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ [ម៉ោងនៅកម្ពុជា] ។ ជំនួបប្រព្រឹត្តទៅនៅកីឡដ្ឋាន Estadio da Luz ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់ ដោយមិនអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់ ដើម្បីទប់ស្កាត់ការរាលដាល COVID-19។

 
PSG ជើងឯកពីបារាំង ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌកំពូលអឺរ៉ុបជាលើកដំបូង ក្រោយបានលេខ១ក្នុងពូល A ហើយបន្តយកឈ្នះ Borussia Dortmund ៣-២ ក្នុងលទ្ធផលសរុបទាំងពីរជើងនៅវគ្គ១៦ក្រុមចុងក្រោយ ទម្លាក់ Atalanta ២-១ នៅវគ្គ១/៤ និងយកឈ្នះ RB Leipzig ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
Bayern Munich ឈានដល់វគ្គនេះ ជាលើកទី១១ ហើយធ្លាប់ឈ្នះពាន៥លើក ក្នុងឆ្នាំ១៩៧៤, ឆ្នាំ១៩៧៥, ឆ្នាំ១៩៧៦, ឆ្នាំ២០០១ និងឆ្នាំ២០១៣។ Bayern ជាក្រុមលេខ១ពូល B ហើយបន្តយកឈ្នះ Chelsea ៧-១ ទាំងពីរជើងនៅវគ្គ១៦ក្រុមចុងក្រោយ ទម្លាក់ Barcelona ៨-២ ជាប្រវត្តិសាស្ត្រនៅវគ្គ១/៤ ហើយបន្តឲ្យ Lyon ខកឱកាសឡើងវគ្គផ្តាច់ព្រ័ត្រជាមួយលទ្ធផល ៣-០។
 
បើទោះបីជាក្រុមទាំងពីរទើបប៉ះគ្នាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Champions League ក៏ដោយ ប៉ុន្តែពួកគេធ្លាប់តទល់គ្នា៨លើកហើយក្នុងព្រឹត្តិការណ៍នេះ ជាពិសេសវគ្គជម្រុះក្នុងពូល។ PSG ឈ្នះ៥លើក និង Bayern ឈ្នះ៣លើក។ 
 
ជំនួបចុងក្រោយកាលពីឆ្នាំ២០១៧ Dani Alves, Edinson Cavani និង Neymar ជួយឲ្យ PSG ឈ្នះ ៣-០ នៅជើងទីមួយ តែ Bayern យកឈ្នះ ៣-១ វិញនៅជើងទីពីរ ដែលសម្រេចបានដោយ Robert Lewandowski និង Corentin Tolisso ២គ្រាប់ ខណៈ១គ្រាប់របស់ PSG រកបានដោយ Kylian Mbappe៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com