ជាតិ
១០​ម៉ឺន​នាក់​ទៅ​កម្សាន្ត​តាម​បណ្តា​សហគមន៍​ទេសចរណ៍ធម្មជាតិ នាឱកាស​ឈប់សម្រាក​កន្លងមក​
24, Aug 2020 , 9:59 pm        
រូបភាព
ដោយ:
​បច្ចុប្បន្ន​ទេសចរ​ជាច្រើន​បាន​ងាក​មក​ដើរ​កម្សាន្ត​បែប​លក្ខណៈ​ធម្មជាតិ នៅតាម​សហគមន៍​ទេសចរណ៍ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​វិញ​។ ជាក់​ស្ដែក​ក្នុងអំឡុងពេល​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ចំនួន​៥​ថ្ងៃ គឺ​ថ្ងៃទី​១៧ ដល់​២១​ខែសីហា ឆ្នាំ​២០២០ មាន​ទេសចរ​ប្រមាណ ១០​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​តាម​សហគមន៍​ការពារ​ធម្មជាតិ​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់​ក្រសួងបរិស្ថាន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​



​លោក ឃិត ម៉េង​ឃាង ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ បានលើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ដូច្នេះ​ថា​៖ «​កំណើន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ក្នុងអំឡុងពេល​សម្រាក​ស​ង​ចូលឆ្នាំ ជា​ក្ដីសង្ឃឹម​របស់​ប្រជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​»​។ បើតាម លោក ឃិត ម៉េង​ឃៀង សហគមន៍​តំបន់ការពារធម្មជាតិ និង​សហគមន៍​ដែលមាន​សក្តានុពល​ទេសចរណ៍​បានរៀបចំ ពង្រឹង​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ​ដូចជា សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ សេវាកម្ម​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត និង​ការសម្ដែង​សិល្បៈ វប្បធម៌ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅ​កម្សាន្ត​ក្នុង​សហគមន៍​របស់ខ្លួន​។ 
 
​តាម​ការអង្កេត​របស់​ក្រសួងបរិស្ថាន ទេសចរ​ទាំង​១០​ម៉ឺន​នាក់​នេះ បាន​ដើរ​កម្សាន្ត​នៅតាម​សហគមន៍​ការពារ​ធម្មជាតិ​ដូចជា សហគមន៍​ទេសចរណ៍​បឹង​យក្ស​ឡោម សហគមន៍​ទេសចរណ៍​ពាម​ក្រសោប សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង សហគមន៍​ទេសចរណ៍​ស្រែអំបិល សហគមន៍​ទេសចរណ៍​បឹង​លំ​កុ​ដ សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​ជ្រាវ សហគមន៍​ទេសចរណ៍​ថ្ម​រូង សហគមន៍​ទេសចរ​ព្រែក​ត្នោត និង​សហគមន៍​ទេសចរណ៍​អូរ​ជាំ​។ 
 
​និន្នាការ​កើនឡើង នូវ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់ការពារធម្មជាតិ គឺជា​សញ្ញាណ​ថ្មី​បង្ហាញថា ប្រជាជន​កម្ពុជា កាន់តែ​បណ្តុះ គំនិត​ស្រលាញ់​ធម្មជាតិ និង​ចូលរួម​ថែរក្សា ស្តារ និង​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក៏ដូចជា​ការរួមចំណែក​លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​សហគមន៍​មូលដ្ឋាន​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ធម្មជាតិ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​៕


រូបភាពពីក្រសួងបរិស្ថាន

រូបភាពពីក្រសួងបរិស្ថាន

 រូបភាពពីក្រសួងបរិស្ថាន
 
 

© រក្សាសិទ្ធិដោយ thmeythmey.com