សង្គមអន្តរជាតិ​
អន្តរជាតិ
ការ​វាយ​អ្នកកាសែត​ខ្មែរ​អាមេរិកាំង​ដោយ​អ្នក​ដែល​ទំនងជា​គាំទ្រ​លោក ត្រាំ រង​ការ​ថ្កោលទោស​
03, Oct 2020 , 7:59 pm        
រូបភាព
​អ្នកកាសែត​ផ្នែក​ថតរូប​ម្នាក់ គឺ​លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun) ចូលរួម​យក​ព័ត៌មាន នៅពេល​មាន​បាតុកម្ម​នៅក្នុង​ទីក្រុង Saint Paul រដ្ឋ​មី​នី​សូ​តា ប្រឆាំងនឹង​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ កាលពី​រដូវក្តៅ​ឆ្នាំ​២០២០​។ (​រូបថត​ផ្តល់​ឲ្យ​ដោយ Dymanh Chhoun)
​អ្នកកាសែត​ផ្នែក​ថតរូប​ម្នាក់ គឺ​លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun) ចូលរួម​យក​ព័ត៌មាន នៅពេល​មាន​បាតុកម្ម​នៅក្នុង​ទីក្រុង Saint Paul រដ្ឋ​មី​នី​សូ​តា ប្រឆាំងនឹង​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ កាលពី​រដូវក្តៅ​ឆ្នាំ​២០២០​។ (​រូបថត​ផ្តល់​ឲ្យ​ដោយ Dymanh Chhoun)
ដោយ: VOA
​អ្នកកាសែត​ខ្មែរ​អាមេរិកាំង​ម្នាក់​រៀបរាប់​អំពី​ការវាយប្រហារ​ពី​បុរស​ម្នាក់ ដែល​គេ​សង្ស័យថា ជា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅពេល​មាន​បាតុកម្ម​គាំទ្រ​និង​ប្រឆាំង​លោក​ប្រធានាធិបតី ត្រាំ ក្នុង​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​ថ្កោលទោស ហើយ​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​រឿង​យាយី​អ្នកកាសែត​។​

 
​មកដល់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ១៩៩៣ ជាមួយ​ឪពុកម្តាយ​ដែលមាន​ស្រុកកំណើត នៅ​បាត់ដំបង លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun) អាយុ ៣៤ ឆ្នាំ គឺជា​អ្នកកាសែត​ផ្នែក​ថតរូប​ម្នាក់ បម្រើ​ការងារ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ល្បីល្បាញ​មួយ​ឈ្មោះ WCCO-TV ក្នុង​រដ្ឋ​មី​នី​សូ​តា​។​
 
​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ លោក ឌី​ម៉ាញ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ថតរូប​នៅ​កន្លែង ដែលមាន​បាតុកម្ម​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ នៃ​គណបក្ស​សាធារណរដ្ឋ និង​បាតុកម្ម​គាំទ្រ​លោក ចូ ប៊ៃ​ឌិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ជិត​ព្រលានយន្តហោះ​ក្នុង​សង្កាត់ Duluth ខាងជើង​ទីក្រុង​ភ្លោះ​នៃ​រដ្ឋ​មី​នី​សូ​តា ក្នុង​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ​។​
 
​លោក ឌី​ម៉ាញ បាន​រង​ការ​វាយ​ដោយ​បុរស​វ័យ​ចំណាស់​ជាង ៥០ ឆ្នាំ​ម្នាក់ ពេល​លោក​ប្រើ​ទូរស័ព្ទដៃ​ថតរូប​បុរស ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ស្ថិតនៅក្នុង​ក្រុមបាតុករ​គាំទ្រ​លោក ត្រាំ ពេល​បុរស​នោះ​កំពុង​តតាំង​សម្តី​ជាមួយ​ស្ត្រី​ម្នាក់ទៀត ដែល​គេ​សង្ស័យថា ក្រុមបាតុករ​គាំទ្រ​លោក Joe Biden​។​
 
​លោក ឌី​ម៉ាញ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖ «​ដល់​ខ្ញុំ​ឃើញ​អីចឹង​ទៅ ខ្ញុំ​ទៅ​ថត យក​តេ​ឡេ​ហ្វូ​ន​ដៃ​ទៅ​ថត ដល់​ទៅ​ថត​ទៅ គាត់​ឃើញ គាត់​វាយ​កាមេរ៉ា​ខ្ញុំ​តែម្តង ធ្លាក់​កាមេរ៉ា​ខ្ញុំ ខ្ញុំ​ស្មានតែ​បែក​ហើយ​តែ​ខ្ញុំ​អត់​ខ្វល់ វាយ​កាមេរ៉ា​ខ្ញុំ វាយ​ចំ​ដៃ​ខ្ញុំ ខ្ញុំ​លើក​កាមេរ៉ា​ខ្ញុំ​ថត​ទៀត​។ គាត់​សួរ​ខ្ញុំ​ធ្វើការ​ឲ្យ​នរណា​គេ​ហេតុ​អី​បាន​ជាម​កថត​អីចឹង ខ្ញុំ​បង្ហាញ ផ្លាកឈ្មោះ (​បណ្ណ​ព័ត៌មាន )​ខ្ញុំ​នៅមុខ​គាត់​ហ្នឹង គាត់​ឃើញ រួច​គាត់​ថា អត់​ឲ្យ​ថត​ទេ​»​។​
 
​លោក​ថា បុរស​នោះ​មិនបាន​សុំទោស​មុន​ចាកចេញ​ក្រោយ​កើតហេតុ​បន្តិច ហើយ​មិត្តភក្តិ​ដែល​កាន់​បដា​គាំទ្រ​លោក ត្រាំ បាន​យក​ស្លាក​គាំទ្រ​លោក ត្រាំ មក​បិទ​កាមេរ៉ា មិន​ឲ្យ​ថត​ដែរ​។ លោក ឌី​ម៉ាញ ថា នៅ​ឡាន​ក្រហម​របស់​បុរស​នោះ ដែល​លោក​ថត​ស្លាក​លេខ​បាន មាន​ដាក់​ស្លាក​គាំទ្រ​លោក ត្រាំ​នៅ​ពីក្រោយ​។ គ្មាន​ការបញ្ជាក់​ជា​ផ្លូវការ ឬ​ភាគី​គណបក្ស​សាធារណរដ្ឋ​ថា បុរស​នោះ​ជា​អ្នកគាំទ្រ​លោក ត្រាំ នោះទេ​។​


បុរស​វ័យ​ចំណាស់​ជាង ៥០​ឆ្នាំ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​វាយ​ទូរស័ព្ទដៃ​និង​ដៃ​របស់លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun) នៅ​ទីក្រុង Duluth រដ្ឋ Minnesota កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។ (​រូប​ដកស្រង់​ពី​វីដេអូ WCCOTV)
 
​សមាគម​អ្នកកាសែត​អាស៊ី​អាមេរិក Asian American Journalists Association (AAJA) បាន​ថ្កោលទោស​ចំពោះ​ការ​វាយ​អ្នកកាសែត​ផ្នែក​ថតរូប​នៃ​ទូរទស្សន៍ WCCO-TV ដែល​កំពុង​បំពេញ​កិច្ចការ​នៅ​ទី​សារ​ធា​រណ​:​។ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ សមាគម AAJA បានបញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា​៖
 
«​សមាគម​អ្នកកាសែត​អាស៊ី​អាមេរិក រួមគ្នា​គាំទ្រ​អ្នកសារព័ត៌មាន ហើយ​ថ្កោលទោស​ចំពោះ​ការគំរាមកំហែង​និង​ការវាយប្រហារ ដែល​នាំ​ឲ្យ​រំខាន​ដល់​សិទ្ធិ​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញ​កិច្ចការ​របស់​ពួកគេ ដោយ​មិន​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​»​។​
 
​សមាគម​នេះ​បាន​ទទូច​ដល់​អាជ្ញាធរ​ប៉ូលិស​ឲ្យ​ស៊ើបអង្កេត​ចំពោះ​ករណីនេះ​ឲ្យ​បាន​ដិតដល់ ទៅលើ​ការ​វាយ​អ្នកកាសែត​ដែល​កំពុង​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ជា​រៀងរាល់ថ្ងៃ នៅ​ជួរមុខ​នេះ ដោយបាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ទៀតថា​៖
 
«​អ្នកសារព័ត៌មាន​មិនមែនជា​សត្រូវ​ទេ អ្នកសារព័ត៌មាន​ដើរតួនាទី​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​លទ្ធិប្រជាធិបតេយ្យ ដោយ​ផ្តល់ព័ត៌មាន​ជូន​សាធារណជន ហើយ​ធ្វើ​ឲ្យ​អ្នកមានអំណាច​និង​ស្ថាប័នរដ្ឋ មានការ​ទទួលខុសត្រូវ​។ ការគំរាមកំហែង​ណាមួយ​ដល់​សារព័ត៌មាន គឺជា​ការ​គំរាម​ដល់​សង្គម​សេរី ដល់​សេរីភាព​បញ្ចេញមតិ ហើយ​និង​វិសោធនកម្ម​ទី​១​នៃ​រដ្ឋធម្មនុញ្ញ​»​។​
 
​មន្ត្រីប៉ូលិស​នៃ​សង្កាត់ Duluth រដ្ឋ​មី​នី​សូ​តា បានទទួល​ធ្វើ​កំណត់ហេតុ​ចំពោះ​ករណី​វាយ​អ្នកកាសែត​នេះ ហើយ​កំពុង​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ជនសង្ស័យ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​គេហទំព័រ​របស់​ស្ថាប័ន​ប៉ូលិស Duluth​។​
 
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា​៖ «​ការិយាល័យ​ប៉ូលិស​សង្កាត់ Duluth កំពុង​ស៊ើប​អង្ក​ត​សំណុំ​រឿងនេះ​។ ប្រសិនបើ​លោកអ្នក​មាន​ព័ត៌មាន សូម​រាយការណ៍​ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ២១៨ ៧៣០ ៥០២០»​។​
 
​បើតាម​វីដេអូ​ដែល​គេ​បង្ហោះ​តាម​គេហទំព័រ​របស់​ស្ថានីយទូរទស្សន៍ WCCO TV បាន​បង្ហាញថា បុរស​ស្បែ​កសមាន​មាឌធំ​ខ្ពស់ និង​មាន​អាយុ​លើស ៥០ ឆ្នាំ បាន​វាយ​លើ​អ្នកសារព័ត៌មាន ដែល​កំពុង​ថតរូប​លោក ហើយក៏​បាន​ដាច់​ត្រឹមនោះ​ដោយសារ​ធ្លាក់​ពី​ដៃ​។​
 
​កាលពី​ម្សិលមិញ អតីត​សមាជិកសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ Jason Lewis​និង​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Twitter ឡើងវិញ​នូវ​សារ​និង​រូប​ភាពបុរស​អាមេរិកាំង​ស្បែ​កស ដែល​បាន​វាយ​អ្នកការ​សែត​បន្ត​ពី​លោក Guy Still ដែលជា​អ្នកគ្រប់គ្រង​នៃ​ទូរទស្សន៍ WCCO TV ផ្នែក​ខាង​ចាត់​បញ្ជូន​អ្នកព័ត៌មាន រួមទាំង​លោក ឌី​ម៉ាញ ឈួន ចុះ​ទៅយក​ព័ត៌មាន​ផង​នោះ ហើយ​បាន​ភ្ជាប់​មកជា​មួយ​នូវ​សារ​ពីរ​ឃ្លា​ខ្លីៗ​យ៉ាងច្បាស់ៗ​។​
 
​នៅក្នុង​សារ​នោះ លោក​បាន​សរសេរ​អំពី​ការមិនសប្បាយចិត្ត​នឹង​ទង្វើ​វាយ​អ្នកសារព័ត៌មាន ដោយបាន​បញ្ជាក់ថា​៖ «​ជា​រឿង​ដែល​ខកចិត្ត​ណាស់ ដែល​បានឃើញ​ការ​វាយ​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍​WCCO គឺ​លោក ឌី​ម៉ាញ ឈួន (Dymanh Chhoun)​។ បញ្ហា​នេះ​កំពុងស្ថិត​នៅក្នុង​ការិយាល័យ​ប៉ូលិស​សង្កាត់ Duluth ដែលជា​រឿង​គួរ​ធ្វើ​ដូច្នោះ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​សេរីភាព​ព័ត៌មាន​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​នោះ​គឺជា​រឿង​ដែល​ត្រូវ​យល់ដឹង​និង​គោរព​»​។​
 

​អ្នកកាសែត​ផ្នែក​ថតរូប​ម្នាក់ គឺ​លោក ឌី​ម៉ាញ ឈួន​(Dymanh Chhoun) ថត​ជាមួយ​កូន​នៅឯ​សួន Lowell Park ក្រុង Stillwater រដ្ឋ​មី​នី​សូ​តា កាលពី​រដូវក្តៅ​ឆ្នាំ​២០២០​។ (​រូបថត​ផ្តល់​ឲ្យ​ដោយ Dymanh Chhoun)
​លោក Dymanh Chhoun និយាយថា លោក​ចង់បាន​ការគោរព​ពី​ក្រុម​អ្នកគាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ហើយ​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​បានធ្វើ​ការបម្រើ​សាធារណជន ដោយ​គ្មាន​ការរំខាន ដោយ​ដោយ​សេរី ដោយ​មិន​លម្អៀង និង​ដោយ​មិន​ភ័យខ្លាច​។​
 
«​អីចឹង​ពួក​ខ្ញុំ​ចង់​ឲ្យ​អ្នកធ្វើការ​ធំៗ​ហ្នឹង ត្រូវ​ការជួយ​ប្រាប់​ប្រជាពលរដ្ឋ​ផង​ថា កុំ​ឲ្យ​ធ្វើបាប​អ្នក​ថត​ព័ត៌មាន កុំ​ឲ្យ​ធ្វើបាប​អ្នក​សរសរ​ព័ត៌មាន កុំ​ឲ្យ​ធ្វើបាប​អ្នក​ផ្សាយ​ព័ត៌មាន នេះ​ជា​កិច្ច​ការដែល​ពួក​ខ្ញុំ​ខំរៀន​ពី​តូច​ដល់​ធំ ធ្វើការ​ខាង​នេះ ព្រោះ​ពួក​ខ្ញុំ​ចូលចិត្ត​។ ម្ល៉ោះហើយ​តែ​យើង​មាន​មេ​ខាងឆ្វេង ខាងស្តាំ​ថា ឲ្យ​ពួក​ខ្ញុំ មក​ធ្វើបាប​ពួក​ខ្ញុំ ពួក​ខ្ញុំ​សប្បាយចិត្ត​ទេ ទៅធ្វើ​ការ​? មិន​សប្បាយចិត្ត​ទេ ភ័យ ព្រួយបារម្ភ ប្រពន្ធ​ខ្ញុំ​ពោះធំ​ផង នៅពេល​ប្តី​គេ​មកដល់​ផ្ទះ​វិញ គេ​ខឹង​ប៉ុណ្ណា​»​។​
 
​លោក ឌី​ម៉ាញ ដែល​រៀន​ចប់​មុខវិជ្ជា​សារព័ត៌​មាននៅ​សាកល​វិ​ទ្យ​ល័យ​រដ្ឋ​មី​នី​សូ​តា ហើយ​ធ្វើការ​ជា​អ្នក​ថត​ព័ត៌មាន​រយៈពេល ៨ ឆ្នាំ​មកហើយ រាប់ទាំង​រយ​:​ពេល ៥ ឆ្នាំ ធ្វើការ​នៅក្នុង​ស្ថានីយ WCCO TV​។​
 
​លោក​ទទូច​ដល់​លោក ត្រាំ ដែល​ធ្លាប់​វាយប្រហារ​ចំៗ​ដោយ​ពាក្យសម្តី​ចំពោះ​អ្នកសារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ក្នុងអំឡុង​យុទ្ធនា​ការរក​សំឡេងឆ្នោត កាលពី​ឆ្នាំ ២០១៦ និង​ជា​បន្តបន្ទាប់ ក្រោយពេល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ហើយ​នោះ កុំ​ឲ្យ​ធ្វើបាប​អ្នកសារព័ត៌មាន​។​
 
«​នេះ​ជា​រឿង​ដែល​អ្នកធំៗ គេ​ហៅថា​ប្រ​ធានា​ធិ​តី President យើង​ត្រូវការ​ប្រាប់​ប្រជាពលរដ្ឋ​។ ដូច​ខ្ញុំ​និយាយ​អីចឹង មិនចាំបាច់​ខាងឆ្វេង​ខាងស្តាំ​ទេ ប្រាប់​កុំ​ឲ្យ​ធ្វើបាប​ពួក​ខ្ញុំ​។ ពួក​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​នេះ​សេរីភាព​ថត​បាន ធ្វើ​អ្វីៗ​បាន​ទាំងអស់​ធ្វើ​ម៉េច កុំ​ឲ្យ​ប៉ះ​ពួក​ខ្ញុំ កុំ​ឲ្យ​វាយ​ពួក​ខ្ញុំ នេះ​ជា​ច្បាប់​កើតឡើង​តាំងពីដើម ច្បាប់​គេ​បង្កើត​យូរណាស់​ហើយ​»​។​
 
​លោក​ទទូច​ដូច្នេះ ដោយសារ​លោក​ក៏​ធ្លាប់​ចូលរួម​ថត​យក​ព័ត៌មាន​ក្នុង​កម្មវិធី​លោក ត្រាំ ហើយ​នៅ​នឹង​មុខ​ពេល​លោក ត្រាំ វាយប្រហារ​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ​មី​នី​សូ​តា​។​
 
​ក្រុមបាតុករ​គាំទ្រ​ជាច្រើន​និង​ប្រឆាំង​លោក​ប្រធានាធិបតី ត្រាំ កើតឡើង នៅពេល​លោក​ប្រធានាធិបតី ត្រាំ បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​មី​នី​សូ​តា កាលពី​ថ្ងៃ​ពុធ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក ក្នុង​សង្កាត់ Duluth បន្ទាប់ពី​ការដេញដោល​ដ៏​ចម្រូងចម្រាស ជាមួយនឹង​គូប្រជែង​របស់លោក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Joe Biden​។​
 
​អ្នកកាសែត​ខ្មែរ​អាមេរិកាំង Dymanh Chhoun ស្ថិតក្នុង​ចំណោម​អ្នកកាសែត​ប្រមាណ ៤០០ នាក់ ក្នុង​សហរដ្ឋអាមេរិក ដែល​ត្រូវ​អង្គការ​សមាគម​អ្នកកាសែត​សហរដ្ឋអាមេរិក អះអាងថា រងគ្រោះ​ដោយ​ការយាយី ចាប់តាំងពី​មាន​បាតុកម្ម​ពាសពេញ​ប្រទេស បន្ទាប់ពី​ការស្លាប់​របស់លោក George Floyd ក្រោម​សមត្ថកិច្ច​ប៉ូលិស ក្រោយពេល​ប៉ូលិស​បាន​ចាប់​លោក Floyd ក្នុង​បទ​សង្ស័យថា​បាន​យកលុយ​ក្លែងក្លាយ ២០ ដុល្លារ​ទៅ​ទិញ​បារី ហើយ​ប៉ូលិស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​កលោក អស់​ជាង ៨ នាទី​ក្នុង​រដ្ឋ​មី​នី​សូ​តា កាលពី​ចុងខែ​ឧសភា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com