អន្តរជាតិ
ពលរដ្ឋ​តៃវ៉ាន់​ភ័យព្រួយ ខណៈ​សកម្មភាព​យន្តហោះ​ចម្បាំង​របស់​ចិន​កើនឡើង​
04, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់​កងទ័ពអាកាស​រំដោះប្រជាជន​ចិន ដែល​បំពាក់​ដោយ​មី​ស៊ី​ល​សម្រាប់​បាញ់​ទៅលើ​នាវា YJ-12 ត្រូវបាន​គេ​ឃើញ​កំពុង​ហោះហើរ​នៅក្បែរ​តំបន់​ដែល​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្បែរ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់​កងទ័ពអាកាស​រំដោះប្រជាជន​ចិន ដែល​បំពាក់​ដោយ​មី​ស៊ី​ល​សម្រាប់​បាញ់​ទៅលើ​នាវា YJ-12 ត្រូវបាន​គេ​ឃើញ​កំពុង​ហោះហើរ​នៅក្បែរ​តំបន់​ដែល​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្បែរ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: ថ្មីៗ
​ការ​លុកលុយ​កាន់​តាំង​ខ្លាំង​ឡើង​ដោយ​កងកម្លាំង​អាកាស​របស់​ចិន​ចាប់ផ្តើម​រំខាន​ចិត្ត​ពលរដ្ឋ​តៃវ៉ាន់ ដែល​ឆ្ងល់​ថា តើ​គូប្រជែង​នយោបាយ​ប្រដាប់អាវុធ​ធុន​ធ្ងន់ ទីបំផុត​មាន​គម្រោង​វាយប្រហារ ឬ​យ៉ាងណា បន្ទាប់ពី​បាន​គំរាមកំហែង​អស់​ជាច្រើន​ទសវត្សរ៍​មកនេះ​។ នេះ បើ​យោងតាម​ការស្ទង់មតិ និង​អ្នកវិភាគ​។​

 
​កងទ័ពអាកាស​រំដោះប្រជាជន​ចិន បាន​បង្កើន​ការហោះហើរ​កាន់តែ​ញឹកញាប់​លើ​បន្ទាត់​ព្រំដែន​រវាង​ចិន​និង​តៃវ៉ាន់​ក្នុង​រយៈពេល​៤​ខែ​ចុងក្រោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងការពារជាតិ​តៃវ៉ាន់​។​
 
​យន្តហោះ​ចម្បាំង​របស់​ចិន​ចំនួន​១៨​គ្រឿង បាន​ហោះ​ឆ្លងកាត់​ផ្លូវអាកាស​របស់​តៃវ៉ាន់​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ហើយ​បន្ទាប់មក នៅ​ថ្ងៃទី​១៩ ខែកញ្ញា មាន​យន្តហោះ​១៩​គ្រឿង​ទៀត នេះ​បើតាម​ក្រសួងការពារជាតិ​តៃវ៉ាន់​។ មន្ត្រី​ការពារជាតិ​បាន​និយាយថា កាលពី​ពាក់កណ្តាល​ខែកញ្ញា យន្តហោះ បាន​ហោះ​ជា​ទម្រង់​បែប​វាយប្រហារ​ពី​ខាងមុខ ខាងក្រោយ និង​ទាំងសងខាង​។ យន្តហោះ​ខ្លះ​ត្រូវ​បានឃើញ​លើ​ដែនអាកាស​តែ​វ៉ាន់ លើ​ផ្ទៃ​ទឹក​ដែលមាន​ចម្ងាយ​ប្រហែល​៨០ គីឡូម៉ែត្រ ពី​តៃវ៉ាន់ នេះ​បើ​យោងតាម​ផែនទី​នានា​ដែល​បង្ហោះ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​។​
 
​ដើម្បី​ជាការ​ឆ្លើយតប ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា ខ្លួន​មាន​សិទ្ធិ​ក្នុងការ​«​ការពារ​ខ្លួន​និង​វាយ​តបត​»​។​
 
​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​ដោយសារតែ​យោធា​កុម្មុយនីស្ត បាន​បង្កើត​ការត្រៀម​ទ័ព​យោធា​នៅ​ពាក់កណ្តាល​ខែកញ្ញា ហើយ​សមត្ថភាព​ក្នុងការ​វាយប្រហារ​រប​ស់​ប្រទេស​នោះ​លើ​តៃវ៉ាន់​បន្ត​កើនឡើង កងទ័ព​តៃវ៉ាន់ បានរៀបចំ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ដ៏​ពិបាក​បំផុត​អំឡុងពេល​សមយុទ្ធ Han Kuang ដើម្បី​ទប់ទល់​នឹង​ការវិវត្ត​និង​ការគំរាមកំហែង​ថ្មី​នេះ​»​។​
 
​លោក Alexander Huang សាស្ត្រាចារ្យ​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​តៃវ៉ាន់​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា សាធារណៈជន​ទូទៅ​មិនបាន​ត្រៀម​ចិត្ត​សម្រាប់​ជម្លោះ​យោធា​ពិតប្រាកដ​មួយ​នោះទេ​»​។​
 
​និស្សិត​ថ្នាក់បណ្ឌិត​តៃវ៉ាន់​ម្នាក់ គឺ​លោក Wu Yi-hsuan អាយុ​២៩​ឆ្នាំ និយាយថា ចលនា​យន្តហោះ​ចម្បាំង​របស់​ចិន បាន​បង្ក​ឲ្យ​មាន​«​ការព្រួយបារម្ភ​»​។ លោក Wu ក្នុងនាម​ជា​ពលរដ្ឋ​បុរស​ម្នាក់ បារម្ភ​ថា លោក​នឹង​ត្រូវគេ​កោះហៅ​ដើម្បី​កា​ត្វ​កិច្ច​យោធា​បាន​និយាយថា​៖ «​យោធា​របស់​ចិន​ហាក់ដូចជា​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់ ហើយ​ចង់ដឹង​ពី​សមត្ថភាព​ក្នុង​ការតបត​របស់​យើង​»​។​
 
​ការស្ទង់មតិ​តាម​គេហទំព័រ Yahoo កាលពីដើម​ខែកញ្ញា​នេះ​បាន​រកឃើញថា​៦៤​ភាគរយ​នៃ​ប្រជាជន​តៃវ៉ាន់ បារម្ភ​អំពី​ជម្លោះ ហើយ​៣៣,៥ ភាគរយ​ទៀត មិនមាន​ការបារម្ភ​ឡើយ ហើយ​២,៥​ភាគរយ មិនមាន​មតិយោបល់​។​
 
​ប្រទេស​ចិន​បាន​អះអាង​អធិបតេយ្យភាព​ទឹកដី​លើ​តៃវ៉ាន់​ដែលមាន​ការគ្រប់គ្រង​ដោយ​ខ្លួនឯង​តាំងពី​ទសវត្សរ៍​១៩៤០ នៅពេលដែល​គណៈបក្ស​ជាតិនិយម​របស់លោក Chiang Kai-shek បាន​ចាញ់​សង្គ្រាមស៊ីវិល​ចិន​ជាមួយនឹង​គណៈបក្ស​កុម្មុយនីស្ត​របស់លោក ម៉ៅ សេទុង ហើយ​បាន​ប្តូរ​មូលដ្ឋាន​មក​តៃប៉ិ​។ ប្រទេស​ចិន មិនដែល​ប្រកាស​ជា​ផ្លូវការ​ថា បោះបង់​ការ​គំរាម​ប្រើ​កម្លាំង​នោះទេ បើសិនជា​ចាំបាច់​ដើម្បី​រួបរួម​ភាគី​ទាំងពីរ​នោះ​។​
 
​កងកម្លាំង​អាកាស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានចាប់ផ្តើម​ហោះ​យន្តហោះ​របស់ខ្លួន​ជារឿយៗ​ក្បែរ​កោះ​តៃវ៉ាន់ បន្ទាប់ពី​អ្នកស្រី Tsai Ing-wen បាន​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់ និង​បាន​ច្រានចោល​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​កិច្ចចរចា​ដែល​ភាគី​ទាំងពីរ នឹង​កំណត់ថា​ជា​ផ្នែក​នៃ​ប្រទេស​ចិន​។ អ្នកវិភាគ​យោធា​ជឿថា ចិន​ក៏មាន​គ្រាប់​មី​ស៊ី​ល​លើដី​ដែល​តម្រង់​ទៅ​តៃវ៉ាន់​ដែរ​។​
 
​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ប៉េកាំង​ថា​៖ «​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​ក្នុង​ដែនដី​ចិន​ដែល​មិនអាច​បំបែក​បាន​។ ខ្សែបន្ទាត់​ពុះ​ចែក​តៃវ៉ាន់​មិន​ដែលមាន​នោះទេ​»​។​
 
​ប្រជាជន​តៃវ៉ាន់​ភាគច្រើន មិន​យល់ស្រប​នឹង​ការរួបរួម​ជាមួយ​ចិន​នោះទេ​។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​តៃប៉ិ កាលពី​ឆ្នាំ​២០១៩៕
 
​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com