សង្គមអន្តរជាតិ​
អន្តរជាតិ
ពលរដ្ឋ​អាមេរិកាំង​ជិត ៤ លាន​នាក់​បាន​បោះឆ្នោត​រួចហើយ​ដែលជា​ចំនួន​មួយ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុន​
07, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ស្ត្រី​ម្នាក់​បាន​ទម្លាក់​សន្លឹកឆ្នោត​របស់​ខ្លួន​ចូលក្នុង​ធុង​បោះឆ្នោត​តាម​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ស្ត្រី​ម្នាក់​បាន​ទម្លាក់​សន្លឹកឆ្នោត​របស់​ខ្លួន​ចូលក្នុង​ធុង​បោះឆ្នោត​តាម​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​។​
ដោយ: VOA
​ពលរដ្ឋ​អាមេរិកាំង​បាន​រួសរាន់​ចេញទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​នៅ​ខែវិច្ឆិកា​ចូលមក​ដល់ ក្នុង​ចំនួន​មួយ​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ នេះ​បើតាម​ស្ថិតិ​អំពី​ចំនួន​អ្នកបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​។​

 
​នេះ​បង្ហាញថា អាច​នឹងមាន​ចំនួន​អ្នកបោះឆ្នោត​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ការប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី រវាង​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​គូប្រជែង​របស់លោក​គឺ​លោក Joe Biden មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​។​
 
​ដោយ​នៅសល់​រយៈពេល​មិន​ដល់ ៤ សប្តាហ៍​ទៀតផង មុនពេល​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា​ខាងមុខនេះ​មកដល់ ពលរដ្ឋ​អាមេរិកាំង​ជាង ៣ លាន ៨ សែន​នាក់ បាន​បោះឆ្នោត​រួចរាល់​ហើយ ដោយ​ចំនួន​នេះ គឺ​លើស​ចំនួន​អ្នកបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៦ ចំនួន ៧៥.០០០ នាក់ ក្នុង​រយៈពេល​ដូចគ្នានេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​នៃ​គម្រោង​បោះឆ្នោត​អាមេរិក U.S. Elections Project ដែល​បាន​ចងក្រង​ទិន្នន័យ​អ្នកបោះឆ្នោត មុន​ថ្ងៃ​បោះឆ្នោត​មកដល់​។​
 
​ចំនួន​អ្នកបោះឆ្នោត​ដ៏​ច្រើន​នេះ ត្រូវបាន​គេ​មើលឃើញថា ដោយសារ​ការពង្រីក​ឲ្យ​មានការ​បោះឆ្នោត​បាន​លឿន​មុន​កាលកំណត់ និង​ការបោះឆ្នោត​តាម​ប្រៃសណីយ៍ នៅក្នុង​រដ្ឋ​ជាច្រើន ដែលជា​វិធី​មួយ​ដែលមាន​សុវត្ថិភាព ក្នុងការ​បោះឆ្នោត​ក្នុងអំឡុងពេល​ដែលមាន​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា និង​ការ​ចង់ដឹង​ពី​អនាគត​នយោបាយ​របស់​លោក Trump ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Michael McDonald នៃ​សាកលវិទ្យាល័យ Florida និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នេះ​។​
 
​លោក McDonald បាន​ថ្លែងថា​៖ «​យើង​មិនដែល​ឃើញ​ពលរដ្ឋ​ក្នុង​ចំនួន​ដ៏​ច្រើន​យ៉ាងនេះ​ទេ ដែល​បាន​បោះឆ្នោត​រួចហើយ នៅមុន​ថ្ងៃ​បោះឆ្នោត​មកដល់ ដែល​នៅសល់​ច្រើន​ថ្ងៃ​ទៀត​»៕
 
​ដោយសារ​ចំនួន​អ្នកបោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​មកដល់ មាន​សន្ទុះ​ហក់​ឡើង​ខ្ពស់​នោះ បានធ្វើ​ឲ្យ​លោក McDonald ប៉ាន់​ស្មានថា អាចមាន​ចំនួន​អ្នកបោះឆ្នោត​សរុប​ប្រមាណ ១៥០ លាន​នាក់ ឬ​អាច​ស្មើនឹង​ប្រមាណ ៦៥% ដែលជា​ចំនួន​ខ្ពស់បំផុត​នៃ​អ្នក​ដែលមាន​សិទ្ធិ​បោះឆ្នោត ចាប់តាំងពី​ឆ្នាំ ១៩០៨​មក​។​
 
​តាម​ការស្ទង់មតិ​ថ្នាក់ជាតិ​បង្ហាញថា លោក Biden នាំមុខ​លោក Trump តែ​ទោះ​យ៉ាងណាក៏ដោយ ក៏​រដ្ឋ​គន្លឹះ​ដែល​អាច​កំណត់​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ បង្ហាញថា បេក្ខជន​ទាំងពីរ​មាន​សំឡេងឆ្នោត​គាំទ្រ​ប្រហាក់ប្រហែលគ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com