អន្តរជាតិ
ការសិក្សា​៖ កាកសំណល់​ប្លា​ស្ទិ​ក​តូចៗ​នៅ​បាតសមុទ្រ​មាន​១៤​លាន​តោន​
08, Oct 2020 , 10:02 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖​កង ម៉េង​ហុង​
 
​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​អូស្ត្រាលី បានប្រកាសថា បាតសមុទ្រ​របស់​ពិភពលោក ត្រូវបាន​គ្របដណ្ដប់​ដោយ​សំណល់​បា្ល​ស្ទិ​ក​តូចៗ​ប្រមាណ​១៤​លាន​តោន​។ សំណល់​ប្លា​ស្ទិ​ក​នេះ បាន​បំបែក​ចេញពី​គំនរ​សំរាម​មាន​ទំហំ​ដែល​ហូរ​ចូល​មហាសមុទ្រ​ជា​រៀងរាល់ឆ្នាំ​។​

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៧ ខែតុលា​ថា ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​អូស្ត្រាលី​បានបញ្ជាក់​ថា បរិមាណ​នៃ​កម្ទេច​សំរាម​តូចៗ​សព្វថ្ងៃ​មាន​១៤​លាន​តោន ដែល​ច្រើនជាង ២៥ ដង​លើស​ការសិក្សា​ដោយ​ទីភ្នាក់ងារ​តំបន់​។  ទំហំ​នេះ ជាការ​ប៉ាន់​ស្មានជា​សក​ល​លើកដំបូង​នៃ​ចំនួន​កាកសំណល់​ប្លា​ស្ទិ​ក​តូចៗ​នៅ​បាតសមុទ្រ​។​
 
​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ទីភ្នាក់ងារ CSIRO របស់​អូស្ត្រាលី បាន​ប្រើ​ន​នាវាមុជទឹក​ដើម្បី​ប្រមូលយក​គំ​រូពី​កន្លែង​ដែលមាន​ជម្រៅ​រហូតដល់​៣,០០០​ម៉ែត្រ​នៅ​ឆ្នេរ​ភាគខាងត្បូង​។ អ្នកវិទ្យាសាស្ត្រ​ប្រចាំ CSIRO លោកស្រី Denise Hardesty និយាយថា ការស្រាវជ្រាវ​បាន​រកឃើញថា​នៅ​កន្លែង​ដ៏​ជ្រៅ​នៃ​មហាសមុទ្រ ក៏មាន​កាកសំណល់​បា្ល​ស្ទិ​ក​តូចៗ​ដែរ​។ លោក បានបង្ហាញ​ការភ្ញាក់ផ្អើល​ចំពោះ​ការរកឃើញ​កាកសំណល់​ផ្លា​ស្ទិ​ក​តូចៗ​យ៉ាងច្រើន​នៅក្នុង​ទីតាំង​ដ៏​ជ្រៅ​បែបនេះ​។​
 
​ក្នុងការ​ស្រាវជ្រាវ​ដែល​កំពុង​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ទស្សនាវដ្ដី Marince Science នៅ​តំបន់​ដែលមាន​សំរាម​អណ្ដែត​ត្រៀបត្រា​នៅ​ផ្ទៃ​ខាងលើ ជាទូទៅ​នឹងមាន​បំណែក​សំរាម​តូចៗ​នៅ​បាត​ខាងក្រោម​ច្រើន​ដែរ​។ លោក Justine Barrett ដែល​ដឹកនាំ​ការសិក្សា​នេះ បាន​និយាយថា​៖ «​កាកសំណល់ ដែល​ហូរ​ដល់​សមុទ្រ នឹង​ខូចខាត​ទ្រង់ទ្រាយ ហើយ​ចុងបញ្ចប់​វា​នឹង​ទៅជា​កាកសំណល់​ប្លា​ស្ទិ​ក​តូចៗ​លទ្ធផល​បង្ហាញថា កាកសំណល់​បា្ល​ស្ទិ​ក​តូចៗ​ពិតជា​កំពុង​លិចទៅ​ក្នុង​បាត​មហាសមុទ្រ​»​។​
 
​លោកស្រី Hardesty ក៏បាន​អំពាវនាវ​ឱ្យមាន​វិធានការ​បន្ទាន់​ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ការបំពុល​ប្លា​ស្ទិ​ក​សមុទ្រ​នេះ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី សត្វ និង​សុខភាព​មនុស្ស​។ បើតាម​លោកស្រី រដ្ឋាភិបាល វិស័យ​ឯកជន និង​សហគមន៍​ទាំងឡាយ ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កាត់បន្ថយ​បរិមាណ​សំរាម​នៅតាម​ឆ្នេរសមុទ្រ និង​ក្នុង​មហាសមុទ្រ​៕
 
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com