សង្គមអន្តរជាតិ​
អន្តរជាតិ
នាវា​នេសាទ​ត្រី​ចិន​៣០០​គ្រឿង​នៅក្នុង​សមុទ្រ​អាមេរិក​ខាងត្បូង​នាំ​ឲ្យ​មាន​កង្វល់​សន្តិសុខ​ម្ហូបអាហារ​
08, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ នាវា​ទាហានជើងទឹក​មួយចំនួន​របស់ Ecuador ឡោមព័ទ្ធ​នាវា​នេសាទ​មួយគ្រឿង​នៅក្នុង​ដែនទឹក​អន្តរជាតិ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ នាវា​ទាហានជើងទឹក​មួយចំនួន​របស់ Ecuador ឡោមព័ទ្ធ​នាវា​នេសាទ​មួយគ្រឿង​នៅក្នុង​ដែនទឹក​អន្តរជាតិ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០​។​
ដោយ: VOA
​កងទ័ពជើងទឹក​នៃ​ប្រទេស Ecuador បានបញ្ជាក់​ថា​នាវា​នេសាទ​ត្រី​ចិន​ប្រមាណ​៣០០​គ្រឿង​បាន​ចាក​ចេញពី​ប្រជុំ​កោះ Galapagos ហើយ​កាលពី​ចុងខែ​កញ្ញា ហើយ​ឥឡូវនេះ​កំពុង​នេសាទ​ត្រី​ក្នុង​ដែនទឹក​អន្តរជាតិ​ទល់មុខ​នឹង​ឆ្នេរសមុទ្រ​ប្រទេស Peru​។​

 
​លោក​ឧ​ត្ត​មនា​វី Daniel Ginez មេបញ្ជាការ​កិច្ចប្រតិបត្តិការ​នៃ​កងទ័ពជើងទឹក Ecuador បាន​និយាយ​កាលពី​ចុងខែ​កញ្ញា​ថា​នៅពេលនេះ​កប៉ាល់​ចិន​ទាំងនេះ​«​ឋិត​នៅក្នុង​ដែនទឹក​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​នៃ​ប្រទេស​Peru»​។​
 
​លោក​បាន​និយាយ​បន្ថែមថា​នាវា​នេសាទ​ចិន​នៅ​ឆ្នាំនេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​។​
 
​លោក Ginez បាន​និយាយ​ឱ្យ​ប្រុងប្រយ័ត្ន​ថា​«​ជាមួយ​នាវា​នេសាទ​ត្រី​ច្រើន​បែបនេះ​យើង​មានការ​ប្រថុយប្រថាន​ថា​ត្រី​ប្រភេទ​ខ្លះ​នឹងមាន​ចំនួន​ចុះថយ​»​។​
 
​ពួក​អ្នកជំនាញ​បាន​និយាយប្រាប់​វី​អូ​អេ​ថា​សកម្មភាព​គឃ្លើន​រប​ស់​ប្រទេស​ចិន​ខាង​ការនេសាទ​មិនមែន​គ្រាន់តែ​គំរាមកំហែង​អធិបតេយ្យភាព​នៃ​ប្រទេស​មាន​ឆ្នេរសមុទ្រ​ទាំងនេះ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាហារ​សាកល​និង​អេកូឡូស៊ី​សមុទ្រ​ផងដែរ​។​
 
​ការ​ត្អូញត្អែរ​ពី​ពួក​ប្រទេស​អាមេរិក​ខាងត្បូង​
 
​នាវា​នេសាទ​ត្រី​ចិន​ជាច្រើន​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​ឆ្នេរ​មហាសមុទ្រ Pacific​បាន​នាំឱ្យមាន​កង្វល់​ពី​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​កាលពី​ប៉ុន្មាន​ខែ​មុននេះ​។ កាលពី​ខែមិថុនា នាវា​នេសាទ​ចិន​ប្រមាណ​៣៤០​គ្រឿង​បាន​បើក​ចួ​ក​ដែនសមុទ្រ ប្រទេស Ecuador បណ្តាលឱ្យមាន​ការតវ៉ា​អំពី​លទ្ធភាព​នៃ​ការគំរាមកំហែង​ដល់​ប្រជុំ​កោះ Galapagos ដែលជា​កន្លែង​កេរ្តិ៍ដំណែល​ពិភពលោក​មួយ​នៃ​អង្គការ UNESCO និង​ជា​កន្លែង​រស់នៅ​របស់​ស​ត្វ​ច្រើន​ប្រភេទ​។​
 
​បើតាម​របាយការណ៍​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​នាវា​នេសាទ​ត្រី​ចិន​ទាំងនេះ​បាន​ត្រូវ​ចោទប្រកាន់ថា​បាន​បិទ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ​ផ្អែកលើ​ផ្កាយរណប​វិទ្យាសាស្ត្រ​របស់ខ្លួន​ហើយ​បាន​បើក​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នៃ​ប្រទេស Ecuador​។ ក៏ប៉ុន្តែ​លោក​ឧ​ត្ត​មនា​វី Ginez នៃ​ប្រទេស Ecuador បាន​និយាយថា​លើក​នេះ​គ្មាន​នាវា​នេសាទ​ចិន​បាន​ចូលក្នុង​ដែនទឹក​នៃ​ប្រទេស Ecuador នៅពេល​ធ្វើ​ប្រតិបត្តិការ​នៅ​ជិត​ប្រជុំ​កោះ Galapagos ទេ​។​
 
​សេដ្ឋកិច្ច​នៃ​ប្រទេស Peru និង​ប្រទេស Ecuador ពឹងពាក់​ខ្លាំង​លើ​អាហារ​សមុទ្រ​។ បើតាម​ស្ថិតិ​ធានា​គារ​ពិភពលោក​ថា​ក្នុង​ឆ្នាំ​២០១៨ ប្រទេស​ទាំងពីរ​នេះ​នេសាទ​ត្រី​បាន​៤​លាន​៥​សែន​តោន​គឺ​ប្រហែល​នឹង​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​ស្មើរ​តែ​ប្រមាណ​២៥%​នៃ​អ្វីដែល​ចិន​បាន​នេសាទ​ក្នុង​ឆ្នាំ​ដូចគ្នានេះ​។​
 
​ប្រទេស​ទាំងពីរ​នេះ​និយាយថា​កង​នាវា​នេសាទ​ចិន​ធំៗ​គំរាមកំហែង​សន្តិសុខ​ប្រភព​អាហារ​ពួកគេ​។​
 
​ប្រទេស​ចិន​ត្រូវការ​ម្ហូប​សមុទ្រ​ច្រើនជាងគេ​ក្នុង​ពិភពលោក​។ ប្រជារាស្ត្រ​ចិន​បរិភោគ​ត្រី​ចំនួន​មួយ​ភាគបី​នៃ​ការបរិភោគ​ត្រី​ទាំងអស់​ក្នុង​ពិភពលោក​ហើយ​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​ចំនួន​៦%​។​
 
​ការនេសាទ​ដោយ​ខុសច្បាប់ និង​ខុស​បទ​ប​ញ្ញ័​ត្តិ​ហៅ IUU
 
​ពួក​អ្នកវិភាគ​និយាយថា​នាវា​ចិន​ច្រើន​គ្រឿង​បានធ្វើ​សកម្មភាព​នេសាទ​«​ខុសច្បាប់ មិន​រាយការណ៍​និង​ដោយ​គ្មាន​បទ​ប​ញ្ញ័​ត្តិ​ហៅ IUU ដែល​គំរាមកំហែង​អធិបតេយ្យភាព​ប្រទេសជាតិ​ឯទៀតៗ​និង​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​សន្តិសុខ​ម្ហូបអាហារ​សាកល​ថែម​ទៀតផង​។​
 
​កាលពី​ថ្ងៃទី​២២​កញ្ញា លោក​ប្រធានាធិបតី Donald Trump បាន​ផ្តោតទៅលើ​ការនេសាទ​របស់​ប្រទេស​ចិន​នៅក្នុង​សុន្ទរកថា​របស់លោក​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដោយ​លោក​បាន​ថ្លែងថា​រដ្ឋាភិបាល​ប៉េកាំង​«​បាន​ចាក់ចោល​ប្ល៉ា​ស្ទីក​និង​សំរាម​រាប់លាន​តោន​ក្នុង​មហាសមុទ្រ​ហើយ​បាន​នេសាទ​ហួស​កម្រិត​ក្នុង​ដែនទឹក​នៃ​ប្រទេស​ឯទៀតៗ​»​។​
 
​លោក Rashid Sumaila ជានា​យក​នៃ​អង្គភាព​ស្រាវជ្រាវ​ខាង​សេដ្ឋកិច្ច​នេសាទ​នៅឯ​វិទ្យាស្ថាន​មហាសមុទ្រ​និង​នេសាទ​នៃ​សាកលវិទ្យាល័យ British Columbia​។ លោក​បាន​និយាយប្រាប់​វី​អូ​អេ​ថា​ដោយសារ​ត្រី​ក្នុង​សមុទ្រ​នៅ​ជិត​ប្រទេស​ចិន​ជិត​អស់ហើយ ទើប​ចិន​ត្រូវ​ទៅ​នេសាទ​នៅ​កន្លែង​ឯទៀតៗ​វិញ​។​
 
​លោក Rashid Sumaila បាន​ថ្លែង​ទៀតថា​«​ការចូល​ចិត្ត​បរិ​ភាគ​ត្រី​ច្រើន​នៅក្នុង​ប្រទេស​ចិន​ជា​ហេតុផល​ខាង​សេដ្ឋកិច្ច​ដែលនាំឱ្យ​ចិន​ធ្វើការ​នេសាទ​ត្រី​ដោយ​ខុសច្បាប់ មិន​រាយការណ៍​និង​ដោយ​គ្មាន​បទ​ប​ញ្ញ័​ត្តិ ហៅ​កាត់​ថា IUU នោះ​។ ប្រទេស​ចិន​ក៏​គ្មាន​គោលនយោបាយ​នេសាទ​ត្រី​ខ្លាំង​និង​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង IUU ទេ​ហើយ​ថែមទាំង​មានការ​ផ្តល់ប្រាក់​ជំនួយ​បន្ថែម​ដូចជា​ប្រាក់​សម្រាប់​ទិញ​ប្រេងឥន្ធនៈ​ជាដើម​»​។​
 
​វិទ្យាស្ថាន​ខាង​ការអភិវឌ្ឍន៍​នៅឯ​ប្រទេសក្រៅ​ហៅ​កាត់​ថា ODI ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​បាន​កត់ត្រា​នាវា​នេសាទ​ចិន​ជិត​១​ម៉ឺន​៧​ពាន់​គ្រឿង​ដែលជា​ចំនួន​ច្រើន​លើសលប់​មិនអាច​ធ្វើឱ្យ​វិទ្យាស្ថាន​នេះ​ឃ្លាំមើល​នាវា​ទាំងអស់នេះ​នៅក្នុង​ពិភពលោក​បានឡើយ​។​
 
​លោកស្រី Tabitha Mallory ជា​សាស្ត្រាចារ្យ​ខាង​គោលនយោបាយ​ការបរទេស​និង​បរិ​ដ្ឋា​ន​នៅឯ​សាកលវិទ្យាល័យ​រដ្ឋ Washington​។ លោកស្រី​បាន​និយាយប្រាប់​វី​អូ​អេ​ថា​ពួក​ប្រទេស​កំពុងអភិវឌ្ឍន៍​មានការ​ពិបាក​ក្នុងការ​ឃ្លាំមើល​លំហ​សមុទ្រ​ទល់មុខ​ឆ្នេរសមុទ្រ​របស់​ពួកគេ​ដែរ​។​
 
​លោកស្រី Tabitha Mallory បាន​ថ្លែងថា​«​ចិន​ទៅ​នេសាទ​ត្រី​នៅក្នុង​ប្រទេស​ដែល​គ្មាន​សមត្ថភាព​មាំមួន​ដើម្បី​ឃ្លាំមើល​លំហ​សមុទ្រ​ទល់មុខ​ឆ្នេរសមុទ្រ​របស់​ពួកគេ​។ នាវា​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​និង​ប្រេងឥន្ធនៈ​សម្រាប់​កង​នាវា​ល្បាត​ទាំងនោះ​មាន​សោហ៊ុយ​ច្រើន​សម្រាប់​ពួក​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងនោះ​»​។​
 
​លោក Jim Risch ជា​សមាជិក​ព្រឹទ្ធសភា​ស​.​រ​.​អ​.​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Idaho និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​។ កាលពី​សប្តាហ៍​ទី​បី​នៃ​ខែកញ្ញា​លោក​បាន​ថ្លែងថា​សហគមន៍​អន្តរជាតិ​គួរ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ឱ្យ​កែលម្អ​របៀប​នេសាទ​ត្រី​របស់​ផង​ខ្លួន​។​
 
​លោក Jim Risch បាន​និយាយថា​«​ការនេសាទ​ត្រី​យ៉ាង​គឃ្លើន​និង​ខុសច្បាប់​ដោយ​ប្រទេស​ចិន​រំលោភ​លើ​បូរណភាព​ទឹកដី​នៃ​ពួក​ប្រទេស​នានា​ក្នុង​ទ្វីបអាមេរិក​ឡាទីន​ដែល​នៅជាប់​នឹង​សមុទ្រ​ដោយ​បង្កើន​ការ​ខ្វល់ខ្វាយ​ខាង​សន្តិសុខ​ក្នុង​រយៈពេល​យូរ​»​។​
 
​ប្រទេស​ចិន​បាន​សន្យា​អំពី​គោលនយោបាយ​«​គ្មាន​ការអត់ឱន​»​ដល់​ការនេសាទ​ខុសច្បាប់​ហើយ​បានស្នើ​ឱ្យមាន​បម្រាម​នេសាទ​បណ្តោះអាសន្ន​នៅក្នុង​តំបន់​ជិត​ប្រជុំ​កោះ Galapagos​។​
 
​បើតាម​ក្រសួងកសិកម្ម​និង​កិច្ចការ​ជនបទ​នៃ​ប្រទេស​ចិន​ថា​បម្រាម​បណ្តោះអាសន្ន​នេះ​ហាមប្រាម​កង​នាវា​នេសាទ​ចិន​ទាំងអស់​មិនឱ្យ​នេសាទ​ត្រី​ក្នុង​សមុទ្រ​ជ្រៅ​ក្នុង​ប៉ែក​និរតី​នៃ​មហាសមុទ្រ Atlantic និង​មហាសមុទ្រ Pacific ក្នុង​រយៈពេល​បី​ខែ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកក្កដា​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com