សង្គមអន្តរជាតិ​
អន្តរជាតិ
អ៊ីស្រាអែល ជំទាស់​ការលក់​យន្តហោះ​ចម្បាំង F-35 ឲ្យ​កាតា​
12, Oct 2020 , 9:39 pm        
រូបភាព
យន្តហោះចម្បាំងF-35។ រូបភាព៖ AFP
យន្តហោះចម្បាំងF-35។ រូបភាព៖ AFP
ដោយ:
​អ៊ីស្រាអែល នឹង​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតា​។  រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អ៊ីស្រាអែល និយាយ​នៅ​ថ្ងៃទី​១១ ខែតុលា អះអាងថា អ៊ីស្រាអែល​ចាំបាច់​ត្រូវតែ​រក្សា​ឧ​ត្ត​មា​នុ​ភាព​ក្នុង​វិស័យ​ការពារជាតិ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។

 
​លោក Eli Cohen រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អ៊ីស្រាអែល អះអាងថា ប្រទេស​លោក​ជំទាស់​នឹង​ការលក់​យន្តហោះ​ចម្បាំង​អាមេរិក F-35 ទៅ​កាតា បន្ទាប់ពី​ប្រទេស​នេះ​ទោះ​ដាក់សំណើ​ផ្លូវការ​ទៅ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ប្រណីត​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​ទី​ភ្នា​ក់​ព័ត៌មាន Reuters ។ អ៊ីស្រាអែល​ទំនងជា​បារម្ភ​ខ្លាំង​ចំពោះ​គម្រោង​របស់​កាតា ដ្បិត​កាតា​ជា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីរ៉ង់​។ 
 
​ឆ្លើយតប​ទៅនឹង​សំណួរ​ក្នុង​វិទ្យុ​កងទ័ព​នៅ​ថ្ងៃទី​១១ ខែតុលា ថា តើ​អ៊ីស្រាអែល​នឹង​ជំទាស់​ឬទេ​ចំពោះ​ការលក់​យន្តហោះ​ចម្បាំង F-35 ឲ្យ​កាតា លោក Cohen និយាយថា អ៊ីស្រាអែល​នឹង​ជំទាស់​ការលក់​នេះ​។ លោក​បន្ថែមថា​៖«​សន្តិសុខ និង​ឧ​ត្ត​មា​នុ​ភាព​យោធា​របស់​យើង​ក្នុង​តំបន់ មាន​សារៈសំខាន់​ណាស់ ព្រោះ​តំបន់​មជ្ឈិមបូព៌ា​មិនទាន់​ក្លាយទៅជា​ប្រទេស​ស្វី​ស​ឡើយ​។​
 
​ជាទូទៅ អាមេរិក និង​អ៊ីស្រាអែល​តែង​ពិភាក្សាគ្នា​ជាមុន លើ​សំណើ​ក្នុង​ការលក់​អាវុធ​ទៅ​ប្រទេស​ដទៃ​ក្នុង​តំបន់​។ ការអនុវត្ត​បែបនេះ​គឺ​ដើម្បី​អាច​ធានាថា យោធា​អ៊ីស្រាអែល​នៅតែ​បន្ត​មានប្រៀប​ជា​ប្រទេស​ឯទៀត​។ ប៉ុន្តែ​ពេលខ្លះ អាមេរិក ក៏​លក់​អាវុធ​ទាំងនោះ​ផងដែរ បើទោះបីជា​អ៊ីស្រាអែល​ជំទាស់​ក្តី​។​
 
​សំណើ​ទិញ​យន្តហោះ F-35 របស់​កាតា​នេះ ធ្វើឡើង​ក្រោយ​អាមេរិក​យល់ព្រម​ពិចារណា​ក្នុង​ការលក់​យន្តហោះ​ប្រភេទ​នេះ​ទៅ​ឲ្យ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បន្ទាប់ពី​ប្រទេស​នេះ​បាន​សម្រួល​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​កាលពី​ខែសីហា​។ អ៊ីស្រាអែល ដែល​កំពុង​ប្រើប្រាស់ F-35 នេះ ក៏​ពុំ​សូវ​ជា​សប្បាយចិត្ត​ប៉ុន្មាន​ដែរ ចំពោះ​ការដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អាចនឹងទទួល​បាន​យន្តហោះ​ចម្បាំង​នេះ​។ ទោះជា​យ៉ាងណាក្តី ប្រទេស​ទាំងពីរ បង្ហាញ​ការបារម្ភ​រួម គឺ​អ៊ីរ៉ង់​។​
 
​កាតា ជា​ប្រទេស​ក្នុង​តំបន់​ដែល​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ និង​ក្រុម​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ ដែល​អ៊ីស្រាអែល​ធ្លាប់​ប្រយុទ្ធ​ជាមួយ​៣​ដង​រួចមកហើយ​នៅ​តំបន់​ហ្កា​ហ្សា​។ បន្ថែម​ពីនេះ កាតា​ក៏បាន​ផ្តល់ជំនួយ​រាប់រយ​លាន​ដុល្លារ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​រស់នៅ​តំបន់​ដ៏​ក្រីក្រ​នេះ​ផងដែរ​។​
​មន្ត្រី​អ៊ីស្រាអែល​ខ្លះ​សង្ឃឹមថា ការដែល​កាតា​ជួយ​ប្រជាជន​ប៉ាឡ​ស្ទី​ន​នេះហើយ អាច​នឹង​នាំ​ឲ្យ​ប្រទេស​នេះ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ខ្លួន​។ ប៉ុន្តែ​កាតា​ច្រានចោល ដោយ​លើកឡើងថា ប្រទេស​ខ្លួន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល ដរាបណា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​
 
​កាតា​ដែលជា​ប្រទេស​សេដ្ឋី​ប្រង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស មាន​មូលដ្ឋាន​កងទ័ព​អាមេរិក​ធំជាងគេ​នៅ​តំបន់ ហើយ​បាន​បង្កើន​ការចំណាយ​យោធា​យ៉ាង​សម្បើម​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្នុង​ឆ្នាំ​២០១៧ ប្រទេស​នេះ​បាន​ចំណាយ​ប្រាក់​២​ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង F-15QA ៣៦​គ្រឿង​ពី​អាមេរិក និង​ទិញ​យន្តហោះ​ចម្បាំង Rafale ៣៦​គ្រឿង​ពី​បារាំង​ដែលមាន​តម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ​៕

Tag:
 អ៊ីស្រាអែល​
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com