COVID-19
អន្តរជាតិ
ម៉ាឡេស៊ី​មានឈ្មោះ​ក្នុង​បញ្ជី​អាទិភាព​ទទួល​វ៉ាក់សាំង COVID-19 របស់​ចិន​
14, Oct 2020 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី (ឆ្វេង) ស្វាគមន៍សមភាគីចិនមុនជំនួប។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី (ឆ្វេង) ស្វាគមន៍សមភាគីចិនមុនជំនួប។ រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
 
​ចិន​បាន​យល់ព្រម​ដាក់បញ្ចូល​ម៉ាឡេស៊ី​ក្នុង​បញ្ជី​ប្រទេស​អាទិភាព​ដើម្បី​ទទួល​វ៉ាក់សាំង COVID-19 នៅពេលដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​។ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី Hishammuddin Hussein ប្រកាស​បែបនេះ​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ចិន វ៉ាង យី នៅ​ថ្ងៃទី​១៣ ខែតុលា​។

 
​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Hishammuddin Hussein បាន​ជួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​ដែល​ទៅដល់​ម៉ាឡេស៊ី ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក វ៉ាង កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ប្រទេស និង​ឈប់​សំចត​មួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។​
 
«​យើង​ស្វាគមន៍ និង​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការផ្តល់​វ៉ាក់សាំង COVID-19  ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​ការចុះបញ្ជី​ប្រទេស​ម៉ាឡេស៊ី​ជា​អ្នកទទួល​អាទិភាព​នៅពេលដែល​ការផលិត​វ៉ាក់សាំង​ទទួលបាន​ជោគជ័យ​»​។ លោក Hishammuddin និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក វ៉ាង​។ 
 
​ប្រមុខ​ការទូត​ម៉ាឡេស៊ី បន្តថា ម៉ាឡេស៊ី​ក៏​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​របស់​ចិន​ដើម្បី​លើកទឹកចិត្ត​សហគ្រាស​របស់​ចិន​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​គ្រប់បែបយ៉ាង​ជាមួយ​ដៃគូ​ម៉ាឡេស៊ី​ក្នុងការ​ស្រាវជ្រាវ​និង​ការអភិវឌ្ឍ​និង​ចែកចាយ​វ៉ាក់សាំង​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CAN ។​
 
​បើតាម​លោក Hishammuddin ម៉ាឡេស៊ី​កំពុង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​វ៉ាក់សាំង​នេះ​យ៉ាង​ដិតដល់ ព្រោះ​ការទទួល​វ៉ាក់សាំង​នេះ​គឺជា​បញ្ហា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​។ សម្រាប់​ប្រមុខ​ការទូត​ម៉ាឡេស៊ី ប្រសិនបើ​ចង់រក​មធ្យោបាយ​ឆ្ពោះទៅមុខ​ក្នុងការ​ដោះស្រាយ​ជាមួយ COVID-19 មាន​វិធី​តែ​២​គត់ គឺ​ការការពារ​ដោយ​ចាក់​វ៉ាក់សាំង ហើយ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ ។​
 
​លើសពីនោះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏​លើកឡើង​ពី​ការអធិប្បាយ​របស់លោក វ៉ាង ដែលថា វ៉ាក់សាំង​នេះ​អាច​ត្រៀម​សម្រាប់​ការប្រើប្រាស់​ដោយ​សាធារណ​ជន​ទូទៅ​នៅ​ដើមខែ​វិច្ឆិកា​។ លោក Hishammuddin ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង មកកាន់​ម៉ាឡេស៊ី ជា​វេទិកា​ថ្មី​សម្រាប់​ម៉ាឡេស៊ី ដើម្បី​ធ្វើឱ្យ​ប្រាកដថា ម៉ាឡេស៊ី​មិនត្រូវ​បាន​ទុកចោល​នៅក្នុង​កិច្ចសហប្រតិបត្តិការ​និង​ការសម្របសម្រួល​វ៉ាក់សាំង​ឡើយ​។​
 
 
​គិត​មកដល់ពេលនេះ ករណី​ឆ្លង​សរុប​នៅ​ម៉ាឡេស៊ី​មាន ១៦,៨៨០ ករណី​ខណៈពេលដែល​អ្នក​ដែល​បានជា​សះស្បើយ​មាន ១១,៣៧២​នាក់ ហើយ​អ្នក​ស្លាប់មាន ១៦៣ នាក់​។​
 

Tag:
 ម៉ាឡេស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com