ជាតិ
សុខភាព
​ចាប់ពី​ឆ្នាំ​១៩៩៦​មក និស្សិត​ខ្មែរ​ជាង​៨០០​នាក់​ទៅ​រៀន​ជំនាញ​វេជ្ជសាស្ត្រ​នៅ​បារាំង​
30, Oct 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
និស្សិត​កម្ពុជា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ចំនួន​៧២​នាក់​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង ដោយ​រយៈពេល​ពេញ​មួយឆ្នាំ ពួកគេ​ត្រូវ​សិក្សា​ទាំង​ទ្រឹស្តី និង​ចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៅតាម​បណ្តា​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​នានា​នៅ​បារាំង​។ យោងតាម​ស្ថានទូត​បារាំង​នៅ​កម្ពុជា និស្សិត​ខ្មែរ​ជាង​៨០០​នាក់​ហើយ​ដែល​បាន​ចេញទៅ​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ​នៅ​បារាំង ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​។​

 
​ក្រោម​ភាពជា​ដៃគូ​ក្នុង​វិស័យ​សុខាភិបាល​រវាង​បារាំង និង​កម្ពុជា និស្សិត​វេជ្ជសាស្ត្រ​ខ្មែរ​៧២​នាក់​បន្ថែមទៀត ត្រូវ​ចេញទៅ​បន្ត​ការសិក្សា​រយៈពេល​មួយឆ្នាំ​នៅ​បារាំង ទាំង​ទ្រឹស្តី និង​ការចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​។ ក្រោយ បញ្ចប់​កម្មសិក្សា ពួកគេ​នឹង​ទទួលបាន​សញ្ញាប័ត្រ​បណ្តុះ​បណ្តាល​វេជ្ជសាស្ត្រ​ជំនាញ DFMS ឬ​សញ្ញាប័ត្រ​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ជំនាញ​ជាន់ខ្ពស់ DFMSA​។ 
 
 
​និស្សិត​ខ្មែរ​ទាំង​៧២​រូប​ទៅ​បំពេញ​ការសិក្សា​បន្ថែម​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា​នៅ​បារាំង ដែល​ក្នុងនោះ​មាន​២០​នាក់​នៅ​ប៉ារីស​, ១១​នាក់​នៅ Rouen, ១០​នាក់​នៅ Amiens, ៧​នាក់​នៅ Tours, ៣​នាក់​នៅ Strasbourg និង​១​នាក់ៗ​នៅ Aix-Marseille, Angers, Bordeaux, Clermont-Ferrand, Grenoble, Lille, Lyon, Nice, Potiers និង Pointe-à-Pitre​។​


 
​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែតុលា បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ទាំងនោះ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយមាន​វត្តមាន​លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោក សា​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ 
 
«​ឆ្នាំនេះ​ការចេញដំណើរ​ទៅ​បារាំង​របស់​ពួកគេ​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​ពិសេស ដោយហេតុថា​ក្រៅពី​ភាពខុសគ្នា​ផ្នែក​វប្បធម៌​នៅក្នុង​ប្រទេស​ថ្មី​មួយ ពួកគេ​នឹង​ប្រឈម​នឹង​ការគ្រប់គ្រង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ដោយ​មានជំនឿថា និស្សិត​កម្ពុជា​ទាំង​អាច​ជម្នះ​ឧបសគ្គ​ដ៏​លំបាក​នានា​។​
​យោងតាម​ស្ថានទូត​បារាំង​នៅ​កម្ពុជា នា​រយៈពេល​ប្រមាណ​២៤​ឆ្នាំ​ចុង​ក្រោយនេះ និស្សិត​កម្ពុជា​ផ្នែក​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ប្រមាណ​ជាង​៨០០​នាក់​ហើយ ដែល​បាន​ចេញទៅ​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​បារាំង​លើ​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​ផ្សេងៗ​គ្នា​នៅ​បារាំង​។ 
 
«​កិច្ចសហប្រតិបត្តិការ​នេះ​កាន់​តែមាន​អត្ថន័យ​ថែមទៀត​នៅក្នុង​បរិបទ​បច្ចុប្បន្ន​»​។ លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ បាន​អះអាង​យ៉ាង​ដូច្នេះ នា​ពិធី​ជូន​ដំណើរ​និស្សិត​ទាំង​៧២​រូប​៕


 

Tag:
 ​វេជ្ជសាស្ត្
© រក្សាសិទ្ធិដោយ thmeythmey.com