អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អេស​ស៊ីជី ចូលរួម​ជាមួយ​រដ្ឋាភិបាល ផ្ដល់​ស្បៀងអាហារ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់
31, Oct 2020 , 2:41 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០៖ ក្រុមហ៊ុន អេស​ស៊ីជី (SCG) ដែលជា​ក្រុមហ៊ុន​ឧស្សាហកម្ម​ស៊ីម៉ងត៍​និង​គ្រឿងសំណង់​ឈានមុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​រួមវិភាគទាន​ជា​ជំនួយ​គ្រឿងឧបភោគ​បរិភោគ​ដល់​ជនរងគ្រោះ​ប្រមាណ ១៣០០​គ្រួសារ​។
​ជំនួយ​នេះ​បាន​ធ្វើឡើង​តាមរយៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួង​រ៉ែ និង​ថាមពល និង សាលា​រាជធានី​ភ្នំពេញ សម្រាប់​ការចែកជូន​បន្តទៅ​ដល់​គ្រួសារ​រងគ្រោះ នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពី​ទឹកជំនន់ ។​
 
​នៅឯ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ការរួមចំណែក​របស់​ក្រុមហ៊ុន អេស​ស៊ីជី នៅក្នុង​កិច្ចការ​សង្គ្រោះ​ប្រជាជន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ តាមរយៈ​គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ ដែល​អាច​សម្រាល​ការលំបាក​បាន​ខ្លះ ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ជនរងគ្រោះ ។​


 
​ទន្ទឹមនឹង​នេះដែរ នៅឯ​ក្រសួង​រ៉ែ​និង​ថាមពល ឯកឧត្ដម​រដ្ឋលេខាធិកា​រ ស៊ុយ ឌី​ម៉​ង់ ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ផងដែរ ចំពោះ​វិភាគទាន​ជា​ស្បៀងអាហារ​ទាំងនេះ ដើម្បី​ជួយ​សម្រាល​ការខ្វះខាត​របស់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​
 
​ឯកឧត្តម ស៊ុយ ឌី​ម៉​ង់ បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់​ក្រសួង​នឹង​ចែក​អំណោយ​ស្បៀង​ទាំងនេះ ដល់​គ្រួសារ នៅតាម​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់​ឆ្នាំនេះ ។​
 
​ស្របពេល​ជាមួយគ្នានេះដែរ បុគ្គលិក​និង​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន អេស​ស៊ីជី ក៏បាន​ចូលរួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចុះ​ចែក​អំណោយ​ជា​ស្បៀងអាហារ​ដល់​គ្រួសារ​រងគ្រោះ​ប្រមាណ ៣០០​គ្រួសារ នៅ​តំបន់​លិច​ទឹក​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ ។​
 
​លោក រ៉ា​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ថ្លែងថា គ្រោះទឹកជំនន់​ឆ្នាំនេះ​បាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​កម្ពុជា ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឯកជន​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​យូរ​ឆ្នាំ​មកហើយ យើង​សូម​ចូលរួមចំណែក​ជួយ​សម្រាល​ការលំបាក​នេះ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ។​


 
​លោក រ៉ា​ឆា​យុទ្ធ កា​សេម​ឆៃ​សិរី មានប្រសាសន៍ថា​៖«​ជំនួយ​ជា​ស្បៀងអាហារ​សម្រាប់ ១៣០០​គ្រួសារ​នេះ ជាការ​រួមចំណែក​រប​ស់​ក្រុមហ៊ុន ជួយ​សម្រាល​ខ្លះៗ នូវ​ការលំបាក​ដែល​ប្រជាជន​កម្ពុជា​បាន​ជួបប្រទះ​ដោយសារ​គ្រោះទឹកជំនន់​»​។​
 
​ឆ្នាំនេះ ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បង្ក​ផលប៉ះពាល់​ដល់​រាជធានី​-​ខេត្ត​ចំនួន​២០ នៅ​ទូទាំងប្រទេស ។​
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ មនុស្ស​យ៉ាងហោចណាស់​៤៤​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ប្រជាជន​ជិត​៦​សែន​នាក់ រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំងប្រទេស​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com