COVID-19
ជាតិ
សង្គមជាតិ
នារី​ខ្មែរ​ម្នាក់​មាន​វិជ្ជមាន COVID-19 នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​
02, Nov 2020 , 11:19 am        
រូបភាព
​ភ្នំពេញ​៖  ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ទៀត ដែល​បាន​ដំណើរ​មកពី​ប្រទេស​ជប៉ុន មាន​ផ្ទុក​នូវ​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​ក្រសួងសុខាភិបាល​ធ្វើតេស្ត​លើក​ទី​ពីរ ចំ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ ដោយ​បញ្ជាក់ថា ការរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩​លើ​ស្ត្រី​រូបនេះ គឺ​បាន​ស្ថិតនៅក្នុង​យន្តហោះ​តែមួយ ជាមួយ​បុរស​ជនជាតិ​ប៉ូឡូញ ដែល​ក្រសួង​ធ្វើតេស្ត​លើក​ទី​១​រកឃើញ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៩​តុលា​កន្លងមក​។

 
​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩​ខាងលើនេះ មាន​អាសយដ្ឋាន​នៅ​ស្រុក​ចិត្ត​បុរី  ខេត្តក្រចេះ ហើយ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ការរកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩​លើ​នារី​វ័យ​៣១​ឆ្នាំ​រូបនេះ បានធ្វើឱ្យ​កម្ពុជា​កើន​នូវ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ ២៩២​នាក់​ហើយ​។ បើតាម​ក្រសួងសុខាភិបាល ស្រី្ត​រូបនេះ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ​នៅ កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​តុលា ឆ្នាំ​២០២០​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បាន​អះអាងថា មនុស្ស​ទាំង​៥២​នាក់​ទៀត​ដែលជា​អ្នកធ្វើដំណើរ​ជា​ស្ត្រី​ខាងលើ​នោះ គឺ​សុទ្ធសឹងតែ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ដោយ​លទ្ធភាព​បង្ហាញ​អវិជ្ជមាន​ទាំងអស់​។ អ្នកធ្វើ​ទាំង​៥២​នាក់​នោះ ក្រសួងសុខាភិបាល​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត នៅតាម​សណ្ឋាគារ​៣​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ចំនួណ​២៦​នាក់ នៅ​មណ្ឌល​ទ័ពអាកាស​២៦​នាក់  ដើម្បី​បង្ការ​ហានិភ័យ​កូ​វីដ​-១៩ ពី​ស្រី្ត​ខាងលើនេះ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២​វិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៩២​នាក់​។ ក្នុងនោះ ជាសះស្បើយ​២៨៣​នាក់ និង​៩​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​៕ 
 

Tag:
 COVID-19
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com