ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន វិសាល អតីត​ប្រធាន​គណៈមេធាវី ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​
03, Nov 2020 , 10:07 am        
រូបភាព
លោក សួន វិសាល ប្រធានគណៈមេធាវីអណត្តិទី១១ និងទី១២ ក្លាយជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
លោក សួន វិសាល ប្រធានគណៈមេធាវីអណត្តិទី១១ និងទី១២ ក្លាយជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
ដោយ: រួបរួម
​លោក សួន វិសាល អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 
 
​លោក សួន វិសាល បាន​កាន់តំណែង​ជា​ប្រធាន​គណៈមេធាវី​ពីរ​អណ​ត្តិ​កន្លងមក (​ទី​១១ និង​ទី​១២) មុនពេល​ដែល​លោក លី ច័ន្ទ​តុលា ទទួលបាន​តំណែង​សម្រាប់​អណ​ត្តិ​ទី​១៣ នា​អំឡុង​មហាសន្និបាត​លើ​ទី​២៥ របស់​គណៈមេធាវី កាលពី​ថ្ងៃទី​១៦ ខែតុលា​។​
 
​ក្នុង​ព្រះរាជក្រឹត្យ ដដែល លោក សុន ពិសិដ្ឋ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ខណៈ​ព្រះរាជក្រឹត្យ​មួយ​ផ្សេងទៀត បាន​ដំឡើង​លោក កែវ សុផល និង​លោក អ៊ូ រ៉ាស៊ី ពី​អនុរដ្ឋលេខាធិការ​ទៅជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។​
 
​ជាមួយគ្នា​ផងដែរ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានតែងតាំង និង​ផ្តល់​ឋានៈ​ដល់​សមាសភាព​របស់​ក្រុមប្រឹក្សា​នីតិកម្ម និង​យុត្តិធម៌ នៃ​ក្រសួងយុត្តិធម៌​ចំនួន​១៨​រូប ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី កើត រិ​ទ្ធ​។​
 
​លោក ជីវ សុង​ហាក់ ទទួល​តំណែង​អនុប្រធាន​ប្រចាំការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ខណៈ​លោក ឆាយ ហុក​ផេង និង​លោក ស៊ូ សុជាតិ ជា​អនុប្រធាន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​
 
​ក្នុង​ក្រុមប្រឹក្សា​ដដែល សមាជិក​៥​រូប​ទៀត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៩​រូប​ផ្សេងទៀត មាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​អ្នកខ្លះ​មាន​តួនាទី បន្ថែម​លើ​ការងារ​បច្ចុប្បន្ន​៕

Tag:
 យុត្តិធម៌​
  សួន វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com