ជាតិ
លោក លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី១៣
16, Oct 2020 , 1:52 pm        
រូបភាព
ដោយ: រួបរួម
លោក លី ច័ន្ទតុលា បានជាប់ឆ្នោតធ្វើជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុចាសម្រាប់អណត្តិទី១៣ (២០២០-២០២២) បន្តពីលោក សួន វិសាល ដែលកាន់តំណែងតាំង២អាណត្តិចុងក្រោយតាំងពីឆ្នាំ២០១៦មក។ ការបោះឆ្នោតប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា នាអំឡុងមហាសន្និបាតលើកទី២៥ របស់គណៈមេធាវី។



សម្រាប់ការប្រកួតប្រជែងតំណែងប្រធានគណៈមេធាវីនេះ មានអ្នកបោះឆ្នោត​ប្រមាណ​១៧០០នាក់ ដោយ​លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតគាំទ្រ៧៨.៦៥ភាគរយ ស្មើនឹង១៤៤៤សំឡេង លើសបេក្ខជនផ្សេងទៀតរួមមាន លោក កែត ឃី (៧.០៨ភាគរយ), លោក សំ សុគង់ (៣.០៥ភាគរយ), លោក ស សូវាន (២.២៣ភាគរយ) និងលោក សេក សោភ័ណ្ឌ (១.៤២ភាគរយ)។

កើតនៅរាជធានីភ្នំពេញ លោក លី ច័ន្ទតុលា ដែលបច្ចុប្បន្នមានអាយុ៤២ឆ្នាំ ជា មេធាវីនៅក្រុមហ៊ុនមេធាវី អេស វី ភី។ តាមឯកសារសមាជិកភាពគណៈមេធាវី លោក លី ច័ន្ទតុលា ទទួលបានសញ្ញាបត្រ Le Grade De Master ពីសាកលវិទ្យាល័យ Universite Jean Moulin Lyon 3 ប្រទេសបារាំង កាលពីឆ្នាំ២០០៣។

លោកបានក្លាយជាមេធាវីពេញសិទ្ធិចាប់តាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៩ មក។ ជាមួយគ្នានេះ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឋានៈស្មើរដ្ឋមន្ត្រីផងដែរ។ កាលពីឆ្នាំ២០១៩ លោកត្រូវបានព្រះករុណាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាមេធាវីរដ្ឋាភិបាល។ ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោក លី ច័ន្ទតុលា ក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីក្នុងអាណត្តិទី៧។

រៀបការក្នុងឆ្នាំ២០០១ លោក លី ច័ន្ទតុលា មានកូនប្រុសស្រី៣នាក់ ដោយភរិយារបស់លោក គឺលោកស្រី ឈីវ ភិរម្យ ក៏ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ ផងដែរ។

សម្រាប់ការប្រជែងតំណែងប្រធានគណៈមេធាវីនេះ លោក លី ច័ន្ទតុលា បានប្រកាសពីគោលការណ៌ដឹកនាំ៨ចំណុច ដែលទាក់ទងនឹងការពង្រឹងវិជ្ជាជីវៈ ការបណ្តុះបណ្តាល មោងការពង្រីកសហប្រតិបត្តិការផ្សេងៗ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (The Bar Association of the Kingdom of Cambodia) បង្កើតឡើងកាលពីឆ្នាំ១៩៩៥  មក ដោយមានបេសកកម្មធំៗបី គឺ ការពង្រឹងវិជ្ជាជីវៈមេធាវី ការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ និងការផ្សព្វផ្សាយច្បាប់ជូនសាធារណជន។

បើគិតចាប់តាំងពីឆ្នាំ១៩៩៥មក លោក សាយ បូរី ដែលជាស្ថាបនិក បានកាន់តំណែងជាប្រធានក្នុងអណត្តិទី១ និងទី២។ លោក អាំង អេងថុង សម្រាប់អណត្តិទី៣ និង៤ លោក គី តិច (អណត្តិទី៥ និងទី៦) លោក ជីវ សុខហាក់ (អណត្តិទី៧ និងទី៨), លោក ប៊ុន ហុន (អណត្តិទី៩ និងទី១០) និងលោក សួន វិសាល (អណត្តិទី១១ និងទី១២)៕




© រក្សាសិទ្ធិដោយ thmeythmey.com