ជាតិ
​រដ្ឋមន្ត្រី​បរិស្ថាន ខកចិត្ត​ពេល​ឃើញ​ទីស្នាក់ការ​បរិស្ថាន​ខ្លះ​បែរជា​គគ្រិច គ្មាន​អនាម័យ​...
03, Nov 2020 , 9:29 pm        
រូបភាព
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​
លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​
​ភ្នំពេញ​៖ «​យើង​អ្នក​បរិស្ថាន កន្លែងធ្វើការ​យើង​ឱ្យ​វា​ស្អាត​បន្តិចទៀត​ទៅ​លោក​!»​។ នេះ​ជាការ​ទាមទារ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ពី​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ជាពិសេស​មន្ត្រី​ធ្វើការ​នៅតាម​ទី​ស្នាក់​បរិស្ថាន​នីមួយៗ​ក្នុង​ខេត្ត​នានា​។ លោក សាយ សំ​អាល់ បានកត់សម្គាល់​ឃើញថា ទីស្នាក់ការ​បរិស្ថាន​មួយចំនួន មាន​កន្លែងធ្វើការ​ស្អាត មាន​ការិយាល័យ​ស្អាត​ហើយ ប៉ុន្តែ​ទីធ្លា​នៃ​បរិវេណ​ទីស្នាក់ការ​វិញ គឺ​គ្មាន​ការរៀបចំ​ឱ្យ​ស្អាត​ត្រឹមត្រូវ រីឯ​បន្ទប់ទឹក​វិញ  គឺ​គគ្រិច និង​ក្លិន​មិនល្អ ជាដើម ។​

 
​សូម​ស្តាប់​ប្រសាសន៍​របស់លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​បរិស្ថាន ខាងក្រោម​នេះ​ដូចតទៅ​៖




 
​បើតាម​លោក សាយ សំ​អាល់ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា ទី​ស្នាក់​បរិស្ថាន​នីមួយៗ​នៅតាម​ជម្រក​សត្វព្រៃ​នានា គឺជា​កន្លែង​ផ្តល់ព័ត៌មាន ជា​កន្លែង​ផ្តល់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ដល់​អ្នកដំណើ​រ​ឬ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ក្នុងព្រៃ​ដើម្បី​ស្វែងយល់​អំពី​ជីវៈចម្រុះ​នានា​។ ដូច្នេះ ទី​ស្នាក់​បរិស្ថាន​នីមួយៗ​ត្រូវតែ​សម្អាត និង​រៀបចំ​ទីធ្លា​ឱ្យបាន​ស្អាត សាក​សមជា​អ្នក​គំរូ​ក្នុង​វិស័យ​បរិស្ថាន​។ 
 
​រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ​បាន​សង្កត់ធ្ងន់​ដូច្នេះ​៖«​តែ​កន្លែងធ្វើការ​ងារ​គគ្រិច​ហើយ គេ​វាយតម្លៃ​ការដឹកនាំ​របស់​យើង​គឺ​មិនសូវ​ល្អ​ប៉ុន្មាន​ទេ​។ ជាពិសេស​បន្ទប់ទឹក បើ​បន្ទប់​យើង​ដេក​មិន​បានទេ [​គឺ​]​មែន​យើង​អ្នក​បរិស្ថាន​ទេ [​រាប់​តាំងពី​បន្ទប់ទឹក​ក្នុង​ក្រសួងបរិស្ថាន រហូតដល់​បន្ទប់ទឹក នៅក្នុង​ដែនជម្រកសត្វព្រៃ​]»​។ 


​លោក សាយ សំ​អាល់ ថ្លែង​សុន្ទរកថា​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​ 

​ជាមួយគ្នានេះ​លោក ក៏បាន​ស្នើឱ្យ​អ្នកគ្រប់គ្រង​ទីស្នាក់ការ​បរិស្ថាន​នីមួយៗ ដែលមាន​រថយន្ត ម៉ូតូ ឬ​ឈើ​នានា​ដែល​រឹបអូស​បាន​ពី​ជនល្មើស​ព្រៃឈើ​ឬ​សត្វព្រៃ​កន្លងមក ត្រូវតែ​រៀបចំ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ឬក៏​លក់​ចោល​តែម្តង កុំ​ទុកឱ្យ​ខូចខាត​ចោល​នៅ​ពាសវាល​ពាសកាល​នៃ​បរិវេណ​ទី​ស្នាក់​បរិស្ថាន​ក្នុង​តំបន់​នានា ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​បរិស្ថាន និង​មានការ​វាយតម្លៃ​មិនល្អ​ឬ​ទាប​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ 
 
​ឡាន​ចាស់ៗ​អស់ទាំង​ហ្នឹង លក់ឡៃ​ឡុង​ចេញ​ឱ្យអស់​ទៅ​។ បើ​ទុក ក៏​មិនដឹង​ទុក​ធ្វើ​អី​។  នេះ​ជាការ​លើកឡើង​របស់លោក សាយ សំ​អាល់ ដោយ​លោក​បាន​មើលឃើញថា​៖«​កន្លែង​ខ្លះ ជា​តំបន់​បេតិកភណ្ឌ​របស់​ជាតិ ហើយ​ពេលទៅដល់​ឡាន​ឡើង​កន្ទ្រួក​, ឈើ ម៉ូតូ​ទុក​ឡើង​កន្ត្រេកកន្ត្រាក​នៅ​ហ្នឹង ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​ដល់​គេ ដល់​ឯង​នៅ​ហ្នឹង​»៕ 


រថយន្ត​ជាច្រើន​ដែល​ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស​រឹបអូស​បាន​ពី​ជនល្មើស​ទុកចោល​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​។ រូបថត​៖ សៅ សុខ​អេង 


​ម៉ូតូ​ជាច្រើន​ដែល​ម​ន្រី្ត​ឧ​ទ្យា​នុ​រក្ស​រឹបអូស​បាន​ពី​ជនល្មើស​ទុកចោល​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​។ រូបថត​៖ សៅ សុខ​អេង​​

Tag:
 ឧទ្យាន​
  លោក សំ​អាល់​
© រក្សាសិទ្ធិដោយ thmeythmey.com