ជាតិ
ក្រសួងបរិស្ថាន​ដាក់​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​៤៩​កន្លែង​ទូទាំងប្រទេស​
04, Nov 2020 , 9:32 am        
រូបភាព
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន កំពុងផ្តល់​បទ​សម្ភាស​ឱ្យ​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន កំពុងផ្តល់​បទ​សម្ភាស​ឱ្យ​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​
​ក្រសួងបរិស្ថាន បានដាក់​ម៉ាស៊ីន​តាមដាន​ខ្យល់​នៅ​កម្ពុជា ចំនួន​៤៩​កន្លែង នៅ​រាជធានី​-​ខេត្ត​ទាំង​២៥​។  នេះ​បើតាម​លើកឡើង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​បញ្ជាក់ថា ក្នុងចំណោម​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​ទាំងនោះ មាន​១១​កន្លែង​នៅ​រាជធានី​ភ្នំពេញ និង​៣៨​កន្លែង​ទៀត នៅ​គ្រប់​បណ្តា​ខេត្ត​នានា​។

 
​លោក នេត្រ ភក្ត្រា ប្រាប់​ដល់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៣​វិច្ឆិកា ថា ការដាក់​ម៉ាស៊ីន​តាមដាន​ខ្យល់​ទាំងនេះ គឺ​ដើម្បី​តាមដាន​គុណភាព​ខ្យល់​ឬ​ពិនិត្យ​គុណភាព​ខ្យល់​នៅ​កម្ពុជា​។​
 
​បើតាម​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ តាមរយៈ​ការដាក់​ម៉ាស៊ីន​តាមដាន​គុណភាព​ខ្យល់​ទាំងនេះ​បាន​បង្ហាញថា ខ្យល់អាកាស​នៅ​កម្ពុជា មានគុណ​ភាពល្អប្រសើរ ពោលគឺ​បញ្ហា​ខ្យល់​បាន​ស្ថិតនៅក្រោម​កម្រិត​៥០​ដែល​ក្រសួងបរិស្ថាន​បានកំណត់​។ លោក​ប្រសាសន៍​ដូច្នេះ​៖«​យើង​ឃើញថា នៅ​រាជធានី​ភ្នំពេញ នៅតាម​បណ្តា​ខេត្ត គុណភាព​ខ្យល់​គឺ​ស្ថិតនៅក្រោម​ស្តង់ដារ​ដែល​ក្រសួងបរិស្ថាន​បានកំណត់​ក្នុង​កម្រិត​៥០​។ អ៊ីចឹង គឺ​[​ខ្យល់​]​នៅ​ប្រែប្រួល​ចន្លោះ ពី​១៥​ទៅ ៣០  អាចឈាន​ទៅដល់​៤០ ប៉ុណ្ណោះ ដោយ​មិនបាន​ឡើងដល់​៥០​ទេ​។ ដូច្នេះ ខ្យល់​ក្នុងប្រទេស​កម្ពុជា មានគុណ​ភាពល្អប្រសើរ​»​។​
 

​ក្រសួងបរិស្ថាន​ប្រារព្ធ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៣​វិច្ឆិកា​។ រូបថត​៖ ក្រសួងបរិស្ថាន​




​បើទោះបីជា គុណភាព​ខ្យល់​នៅ​កម្ពុជា មានគុណ​ភាពល្អ​ក៏ដោយ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងបរិស្ថាន ជា​សេនាធិការ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់​។ វិធានការ​ទាំងនោះ​មាន​៖ ការដាក់ឱ្យ​អនុវត្ត​អនុក្រឹត្យ​ការគ្រប់គ្រង​ការបំពុល​ខ្យល់ ដោយនៅ​ក្នុងនោះ មាន​ទាំង​ការគ្រប់គ្រង​ការដ្ឋាន​សាងសង់ ព្រមទាំង​តម្រូវឱ្យ​ស្ថានីយ​ប្រេងសាំង កំណត់​ប្រេងសាំង​, មាន​គុណភាព​ខ្ពស់ និង​កម្រិត​ស្ព័ន​ធរ​ទាប ដើម្បី​កុំឱ្យ​បញ្ចេញ​ចំហេះ​ចេញមកក្រៅ​បំពុលបរិយាកាស​ច្រើន ជាដើម​។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បាន​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម​ពាសវាល ពាសកាល ព្រមទាំង​ណែនាំ​កុំឱ្យ​ជញ្ជ្រាំង​ស្រូវ និង​កាប់ឆ្ការ ដុត​ចំការ​របស់​ពួកគាត់​នៅក្នុង​រដូវប្រាំង ដែលជា​ផ្នែក​មួយ​បំពុល​ដល់​បរិយាកាស ផងដែរ​៕ 
 

Tag:
 គុណភាព​ខ្យល់​
  លោក នេត្រ ភក្ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com