ជាតិ
លោក សាយ សំ​អាល់​៖ កត្តា​ស្លាប់​-​រស់ របស់​ក្រសួងបរិស្ថាន គឺ​ធនធានមនុស្ស​
04, Nov 2020 , 7:59 pm        
រូបភាព
លោក សាយ សំ​អាល់ ដឹកនាំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា ឆ្នាំ​២០២០​។  រូបថត​៖ ក្រសួងបរិស្ថាន​
លោក សាយ សំ​អាល់ ដឹកនាំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃទី​៤​វិច្ឆិកា ឆ្នាំ​២០២០​។ រូបថត​៖ ក្រសួងបរិស្ថាន​
​ភ្នំពេញ​៖ ដើម្បី​សម្រេច​កិច្ចការ​អ្វីមួយ​ឱ្យបាន​ជោគជ័យ​ក្នុង​វិស័យ​បរិស្ថាន​សម្រាប់​បម្រើ​ជា​ឧ​ត្ត​ម​ប្រយោជន៍ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​កម្ពុជា ក្រៅពី​មានការ​រៀបចំ​ផែនការ ចក្ខុវិស័យ និង​ថវិកា​ហើយ​នោះ គឺ​ចាំបាច់​បំផុត​ទាមទារ​ឱ្យមាន​ធនធានមនុស្ស​សម្រាប់​អនុវត្ត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយបាន​អះអាង​យ៉ាងខ្លី​ដូច្នេះ​៖«​កត្តា​ស្លាប់​-​រស់​របស់​យើង និង​ក្រសួង​របស់​យើង​នេះ គឺ​ធនធានមនុស្ស​»​។



​សូម​ស្តាប់​ប្រសាសន៍​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ខាងក្រោម​ដូចតទៅ​៖ 




 
​បើតាម​លោក សាយ សំ​អាល់ ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់ខ្លួន ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា គ្រប់​នាយកដ្ឋាន គ្រប់​មន្ទីរ និង​ការិយាល័យ​បរិស្ថាន​ទាំងអស់ ដែលជា​អ្នកដឹកនាំ​អនុវត្ត​ការងារ​នានា​របស់​ក្រសួងបរិស្ថាន ពោល រាប់​ចាប់ពី​អ្នកដឹកនាំ​កិច្ចការងារ​នៅក្នុង​ក្រសួង​រហូតដល់​ថ្នាក់មូលដ្ឋាន ចាំបាច់​ជ្រើសរើស​មនុស្ស​ឬក៏​មន្ត្រី ជាពិសេស​ជ្រើសរើស​អ្នក​បន្តវេន​ដឹកនាំ​ធ្វើ​កិច្ចការងារ​នានា គឺ​ត្រូវតែ​រើសយក​មនុស្ស​ប្រកបដោយ​ភាព​វ៉ៃ​ឆ្លាត រឹងមាំ មាន​សតិសម្បជញ្ញៈ​ខ្ពស់ មាន​មនសិការ​ខ្ពស់ និង​ស្នេហា​ជាតិ​។ 
 
«​បើ​យើង​រក​អ្នក​ទាំង​ហ្នឹង​មិន​បានទេ ជាពិសេស​អ្នក​បន្តវេន​[​នោះ​] ក្រសួង​របស់​យើង​នឹងមាន​ការលំបាក​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សាយ សំ​អាល់ ដោយ​សង្កត់ធ្ងន់ថា​៖ «​អ្នក​បន្តវេន​នេះ តួនាទី​និង​ភារៈកិច្ច​គឺអាច​បាន និង​ទទួលយក​មកហើយ ក៏ប៉ុន្តែ​មាន​មនសិការ​ជា​កម្មាភិបាល​ដែរ​ឬ​អត់​។ អ៊ីចឹង ការចាត់​តាំងរបស់​យើង​នេះ ក៏​ទាមទារ​ឱ្យ​យើង​យកចិត្តទុកដាក់​ខ្ពស់ ហើយ​ចាត់តាំង​មនុស្ស​ឱ្យ​ត្រូវ​មកកាន់​តួនាទី និង​ភារៈកិច្ច​មួយ​នេះ ដែល​យើង​ចង់ឱ្យ​ក្រសួង​របស់​យើង​មាន​ភាពរឹងមាំ ដើម្បី​យើង​មានលទ្ធភាព​បម្រើប្រជាជន​កម្ពុជា​»​។ 
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​ស្នើឱ្យ​មន្ត្រី​គ្រប់​នាយកដ្ឋាន គ្រប់​មន្ទីរ គ្រប់​ការិយាល័យ​បរិស្ថាន​ទាំងអស់​ត្រូវ​កំណត់​កិច្ចការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នីមួយៗ​ឱ្យបាន​ច្បាស់លាស់ ក្នុង​វិស័យ​បរិស្ថាន ដោយ​ប្រកប​តាម​វិជ្ជាជីវៈ ដើម្បី​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ចម្រុះ ការរស់នៅ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអប់រំ​។ 
 

​មន្ត្រី​គ្រប់​ជាន់​ថា្នក់​របស់​ក្រសួងបរិស្ថាន ចូលរួម​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​រសៀល​ថ្ងៃទី​៣​វិច្ឆិកា ឆ្នាំ​២០២០​។  រូបថត​៖ ក្រសួងបរិស្ថាន​

​បើតាម​លោក​សាយ សំ​អាល់ មន្ត្រី​បរិស្ថាន​នីមួយៗ គឺ​ត្រូវ​ចេះ និង​កែច្នៃ​សម្រាប់​អនុវត្ត​ដោយបាន​ដោយ​ចីរភាព ទៅតាម​ស្ថានភាព​ផ្សេងៗ​។ លើសពីនេះទៅទៀត លោក បាន​ផ្តែផ្តាំ​ដល់​មន្ត្រី​របស់ខ្លួន​ថា មុន​ត្រូវធ្វើ​អ្វីមួយ គឺ​ត្រូវមាន​ចក្ខុវិស័យ​មួយ ត្រូវមាន​ផែនការ  និង​ថវិកា ជាពិសេស​គឺមាន​ធនធានមនុស្ស ដែល​ក្រសួងបរិស្ថាន​កំពុង​ខិតខំ​កសាង​ឬ​បណ្តុះបណ្តាល​ធនធានមនុស្ស​រហូតដល់​សព្វថ្ងៃនេះ​។ 
 
​សូមជម្រាបថា ក្រសួងបរិស្ថាន​បានធ្វើ​ប្រារព្ធ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ចំនួន​២​ថ្ងៃ ពោលគឺ​ពីថ្ងៃ​ទី​៣-៤​វិ​ច្ជិ​កា​៕ 
 

Tag:
 ៖ ធនធានមនុស្ស​
  លោក​សាយ សំ​អាល់​
© រក្សាសិទ្ធិដោយ thmeythmey.com