COVID-19
ជាតិ
លោក វេ​ង សាខុន នឹង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ជួបប្រមុខការទូត​ហុង​គ្រី ដែល​ទើប​រកឃើញ​COVID-19
04, Nov 2020 , 3:58 pm        
រូបភាព
លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ចាប់ដៃជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រោយចុះហត្ថលេខាលើកិច្ចកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា នៅវិមានសន្តិភាព កាលពីថ្ងៃទី៣វិច្ឆិកា ម្សិលមិញ។
លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ចាប់ដៃជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រោយចុះហត្ថលេខាលើកិច្ចកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា នៅវិមានសន្តិភាព កាលពីថ្ងៃទី៣វិច្ឆិកា ម្សិលមិញ។
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ប្រកាស​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ក្រោយ​ជួប​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ត្រូវបាន​គេ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ។​


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៤ វិច្ឆិកា រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា លោក​និង​មន្ត្រីជាន់ខ្ពស់​៧​នាក់​ទៀត នឹង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ បើតាម​លោក វេ​ង សាខុន ក្នុងជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា​នោះ ក៏មាន​អ្នកកាសែត​របស់​ទូរទស្សន៍​ជាតិ (​ទ​ទក​) ម្នាក់ ចុះ​ផ្ដិត​យក​រូបភាព​ដែរ​។​
 
​លោក​រដ្ឋមន្ត្រី​កសិកម្ម ដែល​កំពុង​ស្ថិតនៅ​ខេត្តពោធិ៍សាត់ បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រាកដ​ណាស់ នៅពេល​មាន​សភាពការណ៍​មិន​ស្រួល​កើតឡើង យើង​នឹងធ្វើ​(​ច​ត្តា​ឡី​ស័ក​) ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​យើង តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​»​។​
 
​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចា ត្រូវ​លុបចោល​។​
​ក្រៅពី​ជួប​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នេះ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ក៏បាន​ជួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កម្ពុជា​ផ្សេងទៀត រួមមាន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,  លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​។ ចំណែក​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម និង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ក៏បាន​ជួប​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​៕

Tag:
 វេ​ង សាខុន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com