អន្តរជាតិ
ផ្លូវការ! លោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក
07, Nov 2020 , 11:41 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ចូ​​ បៃឌិន (Joe Biden) បានទទួល​សំឡេងចំនួន​២០​បន្ថែមទៀតពីរដ្ឋ Pennsylvania ដែលនាំឲ្យលោកទទួលបានប្រតិភូសរុប២៨៤ ហើយក្លាយជាប្រធានាធិបតីជាប់ឆ្នោតទី ៤៦របស់សហរដ្ឋអាមេរិក។ នេះបើយោងការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AP។



បន្ទាប់ពីរង់​ចាំអស់រយៈពេលបួនថ្ងៃ លទ្ធផលនៃការព្យាករណ៍ការបោះឆ្នោតបានបង្ហាញថា បេក្ខជនប្រធានាធិបតី បក្សប្រជាធិបតេយ្យលោក ចូ បៃឌិន យកជ័យជម្នះលើប្រធានាធិបតីផុតអាណត្តិ ដូណាល់ ត្រាំ និងជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកហើយ។ ស្ថិតក្នុងវ័យ ៧៧ ឆ្នាំ លោកនឹងក្លាយជាប្រធានាធិបតីដែលចាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកដែរ។

តាមរយៈគណនី ​Twitter ផ្លូវការរបស់ខ្លួន លោក បៃឌិន បានប្រកាសជាសាធារណៈថា លោកមានកិត្តិយសដែលត្រូវបានប្រជាជនអាមេរិកជ្រើសរើសឲ្យដឹកនាំប្រទេសក្នុងកាលៈទេសៈនេះ ថ្វីបើផ្លូវសម្រាប់ការដឹកនាំទៅមុខ​មិនងាយស្រួលក្តី។ លោកបានថ្លែងដូច្នេះ៖ «ការងារចំពោះមុខយើងនឹងលំបាក ប៉ុន្តែខ្ញុំសន្យានឹងអ្នកថា ខ្ញុំនឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនអាមេរិកទាំងអស់គ្នា ទាំងអ្នកបោះឆ្នោត និងអ្នកមិនបោះឆ្នោតឲ្យខ្ញុំ»។ 


ចំណែកដៃគូរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក៏នឹងក្លាយជាអនុប្រធានាធិបតីជាប់ឆ្នោតជាស្ត្រីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកដូចគ្នា។​

យ៉ាងណាក៏ដោយ លោក ត្រាំ ដែលដំបូងឡើយនាំមុខនៅតាមបណ្តារដ្ឋប្រទាញប្រទង់ (Swing States) បែរជារងការខកចិត្តជាបន្ត​បន្ទាប់ ហើយទទួលបានត្រឹមតែ​២១៤ប្រតិភូប៉ុណ្ណោះ ខណៈការរាប់សន្លឹកឆ្នោត​នៅរដ្ឋមួយចំនួនទៀតមិន​ទាន់ចប់សព្វគ្រប់នោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក បៃឌិន គឺជាអ្នកឈ្នះតំណែង​ប្រធានាធិបតី ដោយលើស​២៧០​សំឡេង ដែល​ជាចំនួនផ្លូវការដែលបេក្ខជនទាំងសងខាង​ត្រូវការកន្លងមក។

ភ្លាមៗនោះ លោក ដូណាល់ ត្រាំ តាមរយៈក្រុមអ្នកគាំទ្រ (Team Trump) បាន​បដិសេធជ័យជម្នះ​លោក បៃឌិន ដោយលោកលើកឡើងថា មានតែនីតិវិធីច្បាប់ប៉ុណ្ណោះដែលអាចកំណត់ថា នរណាជាប្រធានាធិបតី មិនមែនបណ្តាញព័ត៌មាននោះឡើយ​។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ត្រាំ​ បានសង្កត់ធ្ងន់ដូច្នេះ៖ «តើបៃឌិនកំពុងព្យាយាមលាក់បាំងអ្វី? ខ្ញុំនឹងមិនសម្រាកឡើយ រហូតទាល់តែប្រជាជនអាមេរិកបានទទួលការរាប់សន្លឹកឆ្នោតមួយដែលត្រឹមត្រូវដែលពួកគេស័ក្តិសមនឹងបាន ក៏ដូចជាស្របតាមគោលការណ៍ប្រជាធិបតេយ្យដែរ»។

លោក ​បៃឌិន ជានរណា?

ថ្វីបើការរាប់សន្លឹកឆ្នោតនៅចម្រូងចម្រាស និងមិនទាន់ផ្លូវការក្តី ការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិកពីការឈ្នះឆ្នោតរបស់លោក ចូ បៃឌិន ស្ទើតែចាត់ទុកថា បានការហើយ។ ដូច្នេះហើយ  បើគ្មានការប្រែប្រួល លោក បៃឌិន នឹងត្រូវស្បថចូលកាន់តំណែងនៅខែមករាខាងមុខ។

មានដើមកំណើតនៅ Pennsylvania លោក ចូ បៃឌិន បច្ចុប្បន្នមានវ័យ ៧៧ឆ្នាំហើយ។ លោកធ្លាប់បំពេញការងារជាសមាជិកព្រឹទ្ធសភាចំនួនប្រាំមួយអាណត្តិពោលគឺតាំងពីឆ្នាំ១៩៧២ មុននឹងជាប់ឆ្នោតជាអនុប្រធានាធិបតីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ផងដែរ។ 
 
ដោយធ្លាប់បម្រើការក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា  លោក បៃឌិន ធ្លាប់អះអាងថា លោក មានលទ្ធភាពបន្តដឹកនាំអាមេរិកដោយផ្អែកលើមរតក នយោបាយ និងគម្រូដឹកនាំរបស់លោក អូបាម៉ាដែរ។ 
 
ម្យ៉ាងទៀត លោកក៏ធ្លាប់អះអាងដែរថា ក្នុងនាមជាប្រធានាធិបតី លោក នឹងអាចមានលទ្ធភាពខ្ពស់ក្នុងការរួមចំណែកបង្រួបបង្រួម និងជំរុញការសាមគ្គីជាតិក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហាប្រេះឆាផងដែរ។

សម្រាប់គោលនយោបាយសំខាន់ក្នុងស្រុក ជាអ្នកប្រជាធិបតេយ្យ និងធ្លាប់មានពិសោធន៍ជូរចត់ក្នុងជីវិតដោយសារកូនប្រុសរបស់ពីរនាក់បានស្លាប់ផង លោក បៃឌិន តស៊ូមតិ និងគាំទ្រគោលនយោបាយ​ដែលផ្តល់ជម្រើសបន្ថែមសម្រាប់«សេវាសុខាភិបាលដែលមានតម្លៃសមរម្យ»សម្រាប់ពលរដ្ឋអាមេរិកផងដែរ។
 
អ្នកនយោបាយរូបនេះក៏មានជំហរក្នុងការបង្កើនប្រាក់ឈ្នួលការងារ និងជំរុញការវិនិយោគបន្ថែមទៀតលើថាមពលស្អាតដែលជាថាមពលនៃអនាគតរបស់ពិភលោកផង។ បន្ថែមពីនេះ លោក បៃឌិន​ ក៏មានបំណងធ្វើយ៉ាងណាធានាឲ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបង្កើនការគាំទ្របន្ថែមផ្នែកហិរញ្ញវត្ថុដល់បណ្តាសហគមន៍ប្រជាជនដែលងាយរងគ្រោះ និងប្រជាជនភាគតិចជាដើម។

សម្រាប់គោលនយោបាយការបរទេសវិញ ដោយសារធ្លាប់បម្រើការងារជាប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ​នៃព្រឹទ្ធសភាអាមេរិកផង  បៃឌិន មានមហិច្ឆតាធ្វើយ៉ាងណាស្តារកិត្តិនាម ក៏ដូចជាឥទ្ធិពលអាមេរិកឡើងវិញនៅលើឆាកអន្តរជាតិជាពិសេសបង្កើនតួនាទីដោះស្រាយបញ្ហាពិភពលោក និងជំរុញការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែម្តង។ 
 
អ្វីដែលជាក្តីរំពឹងរបស់ពិភពលោក លោក ចូ បៃឌិន សន្យាថា ថ្ងៃដំបូងនៃការងារជាប្រធានាធិបតី លោកនឹងដឹកនាំអាមេរិកត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងអាកាសធាតុអាកាសធាតុទីក្រុងប៉ារីស ដែលលោក ត្រាំ ប្រកាសដកអាមេរិកចេញកាលពីឆ្នាំ ២០១៧នោះវិញ។ គេរំពឹងថា លោក បៃឌិន នឹងព្យាយាមត្រឡប់មកពង្រឹងតួនាទីជាមេដឹកនាំពិភពលោកក្នុងការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុដែលជាបញ្ហាដ៏គ្រោះថ្នាក់ដែលពិភពលោកកំពុងប្រឈមដែរ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com