អន្តរជាតិ
សហភាព​អឺរ៉ុប គ្រោង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ចំនួន ៤ ពាន់​លាន​ដុល្លារ​នៅ​សប្ដាហ៍​ក្រោយ​
08, Nov 2020 , 8:29 pm        
រូបភាព
​រូប​ឯកសារ​៖ ចរាចរណ៍​ឆ្លងកាត់​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នៃ​រោងចក្រ​ផលិត​យន្ដហោះ​ប៊ូ​អ៊ីង​មួយ​នៅ​ក្រុង Everett រដ្ឋ​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ចរាចរណ៍​ឆ្លងកាត់​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នៃ​រោងចក្រ​ផលិត​យន្ដហោះ​ប៊ូ​អ៊ីង​មួយ​នៅ​ក្រុង Everett រដ្ឋ​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​។​
ដោយ: VOA
​មន្ត្រីការទូត​សហភាព​អឺរ៉ុប​បាន​និយាយថា សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​ចំនួន ៤​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋអាមេរិក ដើម្បី​ជាការ​សងសឹក ដែល​សហរដ្ឋអាមេរិក​បានផ្ដល់​ប្រាក់​ជំនួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing​។​

 
​រដ្ឋាភិបាល​ភាគច្រើន​នៅក្នុង​សហភាព​អឺរ៉ុប​គាំទ្រ​ឲ្យ​មានការ​យកពន្ធ​នេះ នៅពេលដែល​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។ នេះ គឺជា​ដំណើរ​វិវត្តន៍​ចុងក្រោយបង្អស់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ករ​វាង​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ក្នុង​រយ​:​ពេល​១៦​ឆ្នាំ​មកនេះ ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មួយចំនួន​មកហើយ​។​
 
​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កំពុងតែ​ខិត​កាន់តែ​កៀក​ទៅនឹង​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក Trump មកពី​គណបក្ស​សាធារណរដ្ឋ នៅតែ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រហូត​ដល់​ថ្ងៃទី​២០ ខែមករា និង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប ដើម្បី​ជាការ​សងសឹក​នឹង​អ្វីដែល​អឺរ៉ុប​បានធ្វើ​ស្រដៀង​គ្នា ចំពោះ​ការផ្ដល់ប្រាក់​ជំនួយ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្ដហោះ Airbus​។​
 
​កាលពី​ខែ​មុន អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Robert Lighthizer បាន​ព្រមាន​ថា ការយកពន្ធ​នាំចូល​របស់​អឺរ៉ុប​នឹង «​បង្ខំ​ឲ្យ​អាមេរិក​ឆ្លើយតប​» ហើយ​លោក Trump បាន​គំរាមថា នឹង​«​ឆ្លើយតប​វិញ​ឲ្យ​ខ្លាំងក្លា​ជាង​នេះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com